|
|
ដំណឹងស្រុកយើង |
|
ជនពិការ ចាស់ជរា និងសិស្សសាលា នឹងជិះរថយន្ដក្រុងដោយឥតគិតថ្លៃ ក្រោយអភិបាលខេត្តកំពង់ស្ពឺ ចុះ MoU ជាមួយក្រុមហ៊ុន Brickston Cambodia លើសេវាដឹកជញ្ជូន

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ ដំណឹងដ៏រីករាយ ហើយរំភើបមួយ សម្រាប់ជនពិការ សិស្សសាលា និងចាស់ជរា ខណៈដែរ លោក វីុ សំណាង អភិបាលខេត្តកំពង់ស្ពឺ ចុះ MoU ជាមួយក្រុមហ៊ុន Brickston Cambodia គឺដើម្បីបង្កើតកិច្ចសហប្រត្តិបត្តការ និងភាពជាដៃគូ ផ្តល់សេវាដឹកជញ្ជូនរថយន្តក្រុង សម្រាប់ អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ នៅលើខ្សែរផ្លូវទូទាំងខេត្តកំពង់ស្ពឺ ដោយចាប់ផ្តើមដំបូងពីផ្លូវជាតិលេខ៤ រហូតដល់ចោមចៅ ដើម្បីតភ្ជាប់ជាមួយ ខ្សែររថយន្តក្រុង របស់សាលារាជធានីភ្នំពេញតែម្តង។
ការចុះMoU គឺដើម្បីការប្រតិបត្តិការសេវារថយន្តក្រុង នៅក្នុងខេត្តកំពង់ស្ពឺនេះ នឹងចូលរួមចំណែកដល់កិច្ចប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការបង្ខិតសេវាសាធារណៈឲ្យកាន់ខិតជិតប្រជាពលរដ្ឋ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តកំពង់ស្ពឺ ដោយសាររថយន្តក្រុង នឹងជួយសន្សំសំចៃថ្លៃ ដឹកជញ្ជួនរបស់ប្រជាពលរដ្ឋ ពលករ និងមន្ត្រីរាជការ នៅក្នុងខេត្តកំពង់ស្ពឺ។
ការបង្កើតភាពជាដៃគូនេះ ក៏នឹងរួមចំណែកដល់កិច្ចប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការជម្រុញបន្ថែមទៀតដល់វិស័យទេសចរណ៍ សកម្មភាពពាណិជ្ជកម្ម បង្កើតការងារ និងធ្វើទំនើបភាវូបនីយកម្មខេត្តកំពង់ស្ពឺផងដែរ ហើយក្រុមហ៊ុន Brickston Cambodia នេះមានបទពិសោធន៍ជាង៣០ឆ្នាំ លើផ្នែកសេវាដឹកជញ្ជូន នៅប្រទេសសឹង្ហបុរី ដូច្នេះគាត់នឹងក្លាយជាដៃគូដ៏ល្អ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ។
សេវារថយន្តក្រុង នឹងចាប់ផ្តើមដំណើរការដំបូងរថយន្តចំនួន ២០គ្រឿង តាមបណ្តោយផ្លូវជាតិលេខ៤ ពីខេត្តកំពង់ស្ពឺ ទៅចោមចៅ ហើយនឹងពង្រីកបន្តទៅផ្លូវជាតិ៤១-៥១ នៅចុងខែឧសភា ឆ្នាំ២០១៨ ទៅផ្លូវជាតិលេខ៤៤ នៅចុងខែឧសភា ឆ្នាំ២០១៩ និងផ្លូវដ៏ទៃផ្សេងទៀត តាមការពិភាក្សារវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន និងតម្រូវការទីផ្សារ។
ក្រុមហ៊ុន Brickston Cambodia នឹងផ្តល់សេវាមិនគិតប្រាក់ចំពោះសិស្សសាលា ជនពិការ និងមនុស្សចាស់ជរា ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ លើកលែង តែថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបុណ្យជាតិ ក្រុមហ៊ុនក៏នឹងព្យាយាយផ្តល់ការបញ្ចុះតម្លៃពិសេសដល់ព្រះសង្ឃ ពលករ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នៅពេលវេលាសមស្របណាមួយផងដែរ៕
Fresh News
រដ្ឋាភិបាលអង់គ្លេស មិនអាចអនុវត្តន៍ដំណើរការចាកចេញពីសហភាពអឺរ៉ុប «Brexit» បានទេ បើសភាមិនបោះឆ្នោតគាំទ្រ !

(ឡុងដ៍)៖ ទីបំផុតបញ្ហាដ៏ធំមួយបានលេចឡើងហើយ គឺសភាជាតិរបស់អង់គ្លេសដែលហាក់មានភាពស្រពិចស្រពិលថា នឹងអាចបោះឆ្នោតគាំទ្រទៅដល់រដ្ឋាភិបាលឲ្យដំណើរការនីតិវិធី ក្នុងការចាកចេញពីសហភាពអឺរ៉ុប «Brexit» ជាហេតុដែលអាចធ្វើឲ្យគំរោងការណ៍របស់លោកស្រី ធារ៉េសា ម៉ាយ (Theresa May) ក្នុងការរៀបចំកិច្ចពិភាក្សាជាមួយសហភាពអឺរ៉ុបជាផ្លូវការនៅចុងខែមីនាត្រូវជាប់គាំង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នាល្ងាចថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។
ទោះបីជាបែបនេះក្តីរដ្ឋាភិបាលអង់គ្លេសបានអះអាងថា ខ្លួនមានអំណាចគ្រប់គ្រាន់ក្នុងការអនុវត្តន៍មាត្រា ៥០ នៅក្នុងសន្និសញ្ញាទីក្រុងលីសបោន ដែលអាចធ្វើការពិភាក្សារឿងដំណើរការរៀបចំចាកចេញពីសហភាពអឺរ៉ុប ដោយមិនចាំបាច់មានការអនុម័តពីសមាជិកសភានោះឡើយនៅចុងខែមីនា។ ប៉ុន្តែជុំវិញបញ្ហានេះប្រធានតុលាការកំពូលលោក Lord Neuberger បាននិយាយថា «តាមរយៈការសម្រេចដោយសំឡេង ៨ លើ ៣ តុលាការកំពូលនៅ ថ្ងៃនេះសម្រេចថា រដ្ឋាភិបាលមិនអាចអនុវត្តន៍មាត្រា ៥០ ដោយគ្មានការយល់ព្រមពីសភានោះឡើយ»។
បន្ថែមពីខាងលើនេះទៀត តុលាការក៏បានផ្តល់យោបល់ឲ្យសភា ស្កុតឡេន វែលស៍ និងអៀរឡង់ខាងជើង ធ្វើការបោះឆ្នោតទៅលើមាត្រា ៥០ ឲ្យបានមុនពេលដែលវាត្រូវបានរដ្ឋាភិបាលយកទៅអនុវត្តន៍។ លោក Lord នៅបានបញ្ជាក់ទៀតថា «ទំនាក់ទំនងជាមួយសហភាពអឺរ៉ុប គឺជារឿងសំខាន់ដែលអង់គ្លេសត្រូវគិតគូរឲ្យបានខ្លាំងមែនទែន»៕
Fresh News
ក្រសួងរ៉ែ ថា គ្មានទិន្នន័យនាំខ្សាច់ចេញទៅឥណ្ឌា តែគយឥណ្ឌាថា មានខ្សាច់ជាង១០ម៉ឺនតោន

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រសួងគ្មានទិន្នន័យនាំចេញខ្សាច់ទៅឥណ្ឌាឡើយ ដោយសារមិនបានកត់ត្រាលម្អិតពីចំនួននាំខ្សាច់ចេញនេះ។ ប៉ុន្តែវាក៏មិនមែនជាកំហុសរបស់ក្រសួងរ៉ែនោះទេ។ លោក ទីណា ឆ្លើយបែបនេះស្របពេលដែលទិន្នន័យគយ និងពន្ធដារបស់ឥណ្ឌា បានកត់ត្រាថា កម្ពុជាបាននាំចូលខ្សាច់មកកាន់ឥណ្ឌាចំនួន ១០៨,៦៥៨.៣៩ តោន គិតជាទឹកប្រាក់ចំនួន ២,៨៦៩,៩៦៦,៥២ ដុល្លារសហរដ្ឋអាមេរិក ចាប់ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៥។
សូមអញ្ជើញស្តាប់ប្រសាសន៍ លោក ឌិត ទីណា បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពី៖«ការស្វែងយល់ការពិត អំពីតួរលេខនាំចេញខ្សាច់ទៅបរទេស» នៅអគ្គនាយកដ្ឋានប្រេងកាតក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ មករានេះ។
សូមអញ្ជើញស្តាប់ប្រសាសន៍ លោក ឌិត ទីណា៖
ពាក់ព័ន្ធនិងបញ្ហានេះ លោក ថុន រដ្ឋា សកម្មជនបរិស្ថានរបស់អង្គការមាតាធម្មជាតិ ដែលសកម្មក្នុងតវ៉ាប្រឆាំងការបូបខ្សាច់នៅខេត្តកោះកុង បានបញ្ជាក់នៅក្នុងឃ្លីបវីដេអូមួយថា ការបកស្រាយមិនច្បាស់លាស់របស់រដ្ឋាភិបាល នឹងនាំឲ្យពលរដ្ឋមានការសង្ស័យ។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖«ការបកស្រាយដោយមិនទទួលខុសត្រូវរបស់រដ្ឋាភិបាល នឹងនាំពលរដ្ឋមានការសង្ស័យថា អាចនឹងមានការឃុបឃិតជាប្រព័ន្ធ ការនាំចេញខ្សាច់គេចពន្ធខុសច្បាប់ និងយកលុយរដ្ឋរាប់លានដុល្លារក្នុងមួយឆ្នាំៗ ដាក់ក្នុងហោប៉ៅ»៕
ថ្មីៗ
អត្ថបទ : រ៉ឹម ភារី
អតីតមន្ត្រីទូតកូរ៉េខាងជើង បន្តបកអាក្រាត លោក គីម ជុងអ៊ុន និងស្ថានភាពក្នុងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង!

(សេអ៊ូល)៖ អតីតមន្ត្រីទូតជាន់ខ្ពស់របស់កូរ៉េខាងជើង ដែលបានរត់ចេញពីស្ថានទូតនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស មកសុំសិទ្ធិជ្រកកោណនៅកូរ៉េខាងត្បូងនោះ បានបន្តធ្វើការបកអាក្រាតទៅលើរបបដឹកនាំរបស់លោក គីម ជុនអ៊ុន ដោយលើកនេះលោកបានអះអាងថា មន្ត្រីកំពូលៗជាច្រើននៅកូរ៉េខាងជើង មិនពេញចិត្តនឹងការដឹកនាំរបស់បុរសវ័យក្មេងជំនាន់ទីបីរូបនេះឡើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។
លោក ថែ យ៉ុងហូ ដែលបានរត់មកជ្រកកោណនៅកូរ៉េខាងត្បូងតាំងពីខែសីហា ឆ្នាំ២០១៦នោះ បានប្រាប់សារព័ត៌មានបរទេសជាលើកដំបូងនៅថ្ងៃពុធនេះថា «ពេលលោក គីម ជុងអ៊ុន ឡើងកាន់អំណាចដំបូងខ្ញុំមានក្តីសង្ឃឹមខ្ពស់ណាស់ថា លោកនឹងធ្វើការសម្រេចចិត្តដោយសមហេតុផល និងត្រឹមត្រូវដើម្បីទាញប្រទេសកូរ៉េខាងជើងចាកចេញពីភាពក្រីក្រ ប៉ុន្តែមិនយូរប៉ុន្មានខ្ញុំក៏ធ្លាក់ចូលទៅក្នុងភាពអស់សង្ឃឹម ដោយបានមើលឃើញគាត់ ដកដាក់មន្ត្រីនានាដោយគ្មានហេតុផល»។
លោក ថែ បានបន្តទៀតយ៉ាងដូច្នេះថា «ជាក់ស្តែងការរិះគន់ ឬការខ្វែងគំនិតគ្នាក្នុងរបបនេះគឺមានកម្រិតទាប ប៉ុន្តែនៅពេលពេលនេះវាបានក្លាយជារឿងញឹកញាប់បន្ថែមទៀត។ យើងត្រូវតែស្រោចសាំងទៅលើប្រទេសកូរ៉េខាងជើង ហើយអនុញ្ញាតឲ្យប្រជាជនដុតភ្លើងឡើងតែម្តង»។ គួរបញ្ជាក់ថាចាប់តាំងពីការរត់ភៀសខ្លួនមកកាន់កូរ៉េខាងត្បូង លោក ថែ បានធ្វើសន្និសីទសារព័ត៌មានពីពីរទៅបីលើកហើយ ដោយមានបកអាក្រាតរឿងរ៉ាវជាច្រើននៃរបបដឹកនាំរបស់កូរ៉េខាងជើង ប៉ុន្តែទីក្រុងព្យុងយ៉ាងហាក់មិនបានបង្ហាញប្រតិកម្មតបតវិញនោះទេ៕
Fresh News
សង្គមស៊ីវិលរកឃើញថាគ្រប់បក្សមិនទាន់ដាក់បេក្ខភាពយុវជនឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់
![]() |
| សភាយុវជនត្រាប់របស់ក្រុមយុវជន នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦។ RFA/Hum Chamroeun |
សង្គមស៊ីវិលធ្វើការងារពាក់ព័ន្ធនឹងយុវជន លើកឡើងថា ពុំមានគណបក្សណាមួយដែលបានបង្កើតឲ្យមានកូតា ឬកំណត់ចំនួនយុវជនច្បាស់លាស់នៅក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ និងបោះឆ្នោតជាតិឡើយ។ សង្គមស៊ីវិលលើកឡើងថា ការមិនកំណត់កូតាយុវជនបែបនេះ គឺធ្វើឲ្យយុវជនគ្មានឱកាសធ្វើការសម្រេចចិត្ត ហើយជួបប្រទះបញ្ហានានារបស់យុវជនមិនអាចដោះស្រាយចេញ។
ជាមួយគ្នានោះ ក៏មានគណបក្សនយោបាយខ្លះយល់ថា ប្រសិនបើយុវជនត្រូវបានផ្ដល់ឱកាសឲ្យក្លាយជាមន្ត្រីថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិឲ្យបានច្រើនជាងបច្ចុប្បន្ន នៅពេលនោះនយោបាយចាស់គំរិលដែលធ្វើឲ្យខូចប្រយោជន៍ជាតិ នឹងលែងមាននៅកម្ពុជា។
យុវជន និងសង្គមស៊ីវិល គាំទ្រឲ្យមានការបង្កើតកូតា ឬកំណត់ចំនួនយុវជននៅក្នុងលំដាប់លេខរៀងជាប់ឆ្នោតនៅក្នុងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឲ្យបានច្រើនជាងបច្ចុប្បន្ន ព្រោះយុវជនគឺទទួលបានការអប់រំ និងមានការយល់ដឹងប្រសើរនៅក្នុងសង្គម។ យុវជនគឺមានការយល់ដឹងខ្ពស់អំពីស្ថានភាពសេដ្ឋកិច្ចសង្គម និងនយោបាយនាពេលបច្ចុប្បន្ន។
ពួកគេបន្ថែមថា ប្រសិនចំនួនយុវជនបានបញ្ចូលក្នុងការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឲ្យបានច្រើន នៅពេលនោះការរំលោភសិទ្ធិយុវជន ឬការចំណាកស្រុករបស់យុវជន នឹងអាចកាត់បន្ថយយ៉ាងមានប្រសិទ្ធភាព។
ទោះបីជាយ៉ាងនេះក្ដី អនុប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ (YCUD) លោក ជាង សុខា បានលើកឡើងថា ចំនួនយុវជននៅមានតិចតួចបំផុតដែលមានឱកាសឈរឈ្មោះជាក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយសារគណបក្សនយោបាយមិនទាន់បង្កើតឲ្យមានគោលនយោបាយយុវជនដាច់ដោយឡែក។ លោកលើកជាឧទាហរណ៍ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅអាណត្តិកន្លងទៅ គឺមានយុវជនចំនួន ៣០% ធ្លាប់បានទៅឈរឈ្មោះ ប៉ុន្តែមានយុវជនប្រហែល ៧% ប៉ុណ្ណោះ ទទួលបានឱកាសឈរឈ្មោះជោគជ័យ៖ «»។
លោក ជាង សុខា បន្តថា កាលណាយុវជនចំនួនតិចតួចអាចឈរឈ្មោះជាក្រុមប្រឹក្សាឃុំ-សង្កាត់បែបនេះ គឺបញ្ហាប្រឈមធំៗរបស់យុវជន ដូចជាការខ្វះការងារធ្វើ ហើយយុវជនបន្តនាំគ្នាចំណាកស្រុកកាន់តែច្រើន ដែលជាមូលហេតុនាំឲ្យមានការបំពេញការងារខុសជំនាញ បញ្ហាសុខភាព និងការរំលោភសិទ្ធិយុវជន នឹងមិនអាចដោះស្រាយបានឡើយពីសង្គមកម្ពុជា។ លើសពីនេះ លោកបញ្ជាក់ថា ការបន្តវេននយោបាយពីអ្នកនយោបាយជំនាន់ចាស់ រឹតតែពិបាកសម្រាប់យុវជន ដោយសារពួកគាត់ពុំទទួលបានបទពិសោធន៍ រីឯយុវជនដែលមានសមត្ថភាពទទួលបានការអប់រំខ្ពស់ពីបរទេសវិញ ពិបាករកច្រកចូលប្រឡូកក្នុងឆាកនយោបាយ ដោយសារតែបញ្ហាសែស្រឡាយ និងបក្សពួកនិយម៖ «»។
ការព្រួយបារម្ភពីមន្ត្រីសង្គមស៊ីវិល ធ្វើឡើងនៅក្នុងកិច្ចសន្ទនាយុវជនជាមួយយុវជនតំណាងគណបក្សនយោបាយចំនួន៤ មានដូចជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សសង្គ្រោះជាតិ នៅសណ្ឋាគារសាន់វ៉េ (SUNWAY) រាជធានីភ្នំពេញ ថ្ងៃទី២៣ មករា។ កិច្ចសន្ទនានេះ មានបំណងពិភាក្សាជាមួយគណបក្សនយោបាយពីលទ្ធភាពបង្កើតគោលនយោបាយយុវជនសម្រាប់គណបក្ស និងការលើកទឹកចិត្តគណបក្សនយោបាយឲ្យបង្កើតចំនួនយុវជនជាបេក្ខជននៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧។
តំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន បញ្ជាក់ថា ថ្វីត្បិតតែគណបក្សមិនបានកំណត់កូតាឈរឈ្មោះជាក្រុមប្រឹក្សាឃុំ-សង្កាត់ជាសមាជិកយុវជន ប៉ុន្តែរចនាសម្ព័ន្ធគ្រប់គ្រងបក្ស គឺមានយុវជនអាចធ្វើការក្នុងតួនាទីមួយចំនួន ដើម្បីបើកឱកាសឲ្យពួកគេសិក្សារៀនសូត្រ និងក្លាយជាអ្នកដឹកនាំនៅពេលក្រោយ៖ «»។
តំណាងគណបក្សរូបនេះបញ្ជាក់ថា ការកំណត់កូតាជាយុវជន គឺជារឿងសំខាន់ ព្រោះលោកយល់ថា នៅពេលយុវជនដែលមានភាពវ័យឆ្លាត និងទទួលបានការអប់រំយល់ដឹងច្រើន នៅពេលក្លាយជាអ្នកនយោបាយមូលដ្ឋាន និងថ្នាក់ជាតិច្រើនជាងមុន ពួកគាត់នឹងលែងធ្វើនយោបាយលក្ខណៈបែបចាស់គំរិល ដូចជាការជេរប្រមាថ ញុះញង់ គំរាមកំហែង បំបែកបំបាក់ វាយប្រហារលក្ខណៈបុគ្គល ជាដើម ដែលជាល្បែងនយោបាយគំរូអាក្រក់ និងកំពុងត្រូវបានអ្នកនយោបាយបច្ចុប្បន្នប្រើប្រាស់៖ «»។
ជាមួយគ្នានោះ អ្នកតំណាងគណបក្សហ៊្វុនស៊ិនប៉ិច ក៏ប្ដេជ្ញាថា នឹងជំរុញឲ្យមានកូតាជាយុវជនជាមន្ត្រីរបស់ខ្លួននៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ឲ្យបាន ៣៥% នាពេលខាងមុខ រីឯគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ អះអាងថា កត្តាដែលធ្វើឲ្យគណបក្សខ្លួនអាចឈររឹងមាំបានរយៈពេល ១០ឆ្នាំមកនេះ គឺដោយសារតែកម្លាំងគាំទ្រ និងឧបត្ថម្ភពីយុវជន។
នៅក្នុងកិច្ចសន្ទនាយុវជនជាមួយគណបក្សនយោបាយ សម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ ក៏បានបង្ហាញរបាយការណ៍ស្រាវជ្រាវរបស់ខ្លួននៅឆ្នាំ២០១៦ ស្ដីពីការយល់ឃើញរបស់យុវជនទៅលើបេក្ខជនឈរឈ្មោះជាយុវជនសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានឲ្យដឹងថា ក្នុងចំណោមយុវជនដែលសម្ភាស ១.៤៨៤នាក់នៅទូទាំងប្រទេស គឺមានអ្នកចូលរួមស្ទើរតែទាំងអស់ (៩៥%) បាននិយាយថា ពួកគេមានបំណងដើម្បីបោះឆ្នោតនៅក្នុងការបោះឆ្នោតបន្ទាប់ ដោយរួមទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជាតិទូទៅ។
យុវជន ៦៤% ក៏បានយល់ស្របដែរថា គណបក្សនយោបាយចាប់អារម្មណ៍សំឡេងឆ្នោតរបស់យុវជនជាង ហើយយុវជន ៤២% បានអះអាងថា គណបក្សនយោបាយមិនបានជំរុញឲ្យមានការដឹកនាំរបស់យុវជនឡើយ។ មូលហេតុនាំឲ្យមានការសម្ភាសជាមួយយុវជនបែបនេះ បន្ទាប់ពីរបាយការណ៍របស់អង្គការខុមហ្វ្រែល (COMFREL) ឆ្នាំ២០១២ បង្ហាញថា យុវជនដែលជាប់ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មានចំនួន ៦១៥ (២៩៣ជាស្ត្រី) ក្នុងចំណោម ១.៤៥៩ឃុំ-សង្កាត់ទូទាំងប្រទេស។
សម្រាប់តួលេខដែលជាកូតាយុវជនឈរឈ្មោះបេក្ខជនក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០១៧ នេះ គណបក្សទាំងបួនមិនទាន់មានតួលេខបង្ហាញនៅឡើយទេ។
ក្រៅពីរបាយការណ៍នេះ សង្គមស៊ីវិលក៏បានរកឃើញថា យុវជនជាច្រើនត្រូវបានគណបក្សនយោបាយប្រើប្រាស់ក្នុងរដូវកាលឃោសនាបោះឆ្នោត ដើម្បីទាញយកសំឡេងគាំទ្រ ហើយបន្ទាប់ពីបោះឆ្នោតហើយ យុវជនត្រូវបានគេផាត់ចេញវិញ។
និស្សិតនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា អ៊ឹម មួយអេង គាំទ្រឲ្យមានការកំណត់កូតាយុវជនជាសមាជិកក្រុមប្រឹក្សារបស់គណបក្សនយោបាយនីមួយៗ ព្រោះកញ្ញាយល់ថា ការធ្វើបែបនេះជាការផ្ដល់ផលប្រយោជន៍ដល់យុវជន ឲ្យទទួលបានឱកាសចូលរួមអភិវឌ្ឍសង្គម និងនយោបាយ។ កញ្ញាបញ្ជាក់ថា បច្ចុប្បន្ននៅមានយុវជនជាច្រើនទៀត សូម្បីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ជាអ្វី ក៏ពួកគាត់មិនទាន់ទទួលបានគ្រប់ជ្រុងជ្រោយ និងយល់ដឹងច្បាស់នៅឡើយទេ៖ «»។
ពាក់ព័ន្ធនឹងបញ្ហាកំណត់កូតាជាយុវជននេះ យុវជនតំណាងគណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត លើកឡើងថា រយៈពេលកន្លងមក បក្សប្រឆាំង គឺពិបាកចូលទៅរកយុវជន ដោយសារតែមានការរារាំងមួយចំនួនពីគណបក្សកាន់អំណាច។ លើសពីនេះ យុវជនខ្លះបានសុំមកធ្វើជាអ្នកគាំទ្រប៉ុណ្ណោះ និងមិនចង់ឈរឈ្មោះជាក្រុមប្រឹក្សាឃុំ-សង្កាត់ឡើយ៖ «»។
សង្គមស៊ីវិល និងគណបក្សនយោបាយលើកឡើងថា ដើម្បីឲ្យមានគោលនយោបាយកំណត់កូតាយុវជននៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ គឺតម្រូវឲ្យយុវជនអភិវឌ្ឍចំណេះដឹងខ្លួនឯងបន្ថែមទៀត ហើយការកសាងធនធានមនុស្សវិញ គឺយុវជនជនបទ និងទីក្រុង អាចទទួលបានឱកាសស្មើគ្នាយ៉ាងហោចណាស់ពួកគេអាចរៀនចប់ត្រឹមថ្នាក់ទី៩ ដែរ។ លើសពីនេះ ប្រសិនបើយុវជនរៀនពូកែ រដ្ឋត្រូវធានាផ្ដល់អាហារូបករណ៍ទៅសិក្សាបន្តនៅក្រៅប្រទេស ដើម្បីឲ្យពួកគេក្រេបយកចំណេះដឹង និងត្រឡប់មកអភិវឌ្ឍប្រទេសជាតិវិញ៕
RFA
ដោយ រាជ វិញ្ញូ
អាជ្ញាធរខេត្តស្វាយរៀងសហការជាមួយមន្ត្រីបក្សប្រឆាំងធ្វើការលើករណីជួលដីនៅតាមព្រំដែន
![]() |
| ពលរដ្ឋរស់នៅភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង បង្ហាញទីតាំងដីស្រែដែលជនជាតិវៀតណាម ជួលដីខ្មែរធ្វើកសិកម្ម កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦។ RFA/Yeang Socheameta |
អាជ្ញាធរខេត្តស្វាយរៀង បើកកិច្ចសហការជាមួយមន្ត្រីបក្សប្រឆាំង ដើម្បីរុករកករណីជួលដីនៅតាមព្រំដែនឲ្យប្រទេសជិតខាងដើម្បីចាត់វិធានការ។ កិច្ចព្រមព្រៀងថ្មីមួយនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំនៅថ្ងៃទី២៤ ខែមករា នៅសាលាខេត្តស្វាយរៀង ដើម្បីពិភាក្សាបន្ថែមជុំវិញពាក្យបណ្ដឹងរបស់មន្ត្រីប្រឆាំងដែលរកឃើញថា មានករណីជួលដីនៅស្រុកចន្ទ្រា ប្រមាណជាង ១ពាន់ហិកតារទៅឲ្យជនជាតិវៀតណាម។
ការបើកកិច្ចសហការរវាងភាគីអាជ្ញាធររដ្ឋាភិបាល និងមន្ត្រីបក្សប្រឆាំងនៅក្នុងខេត្តស្វាយរៀង នេះ ត្រូវបានគេវាយតម្លៃថា ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ ក្រោយពីរឿងព្រំដែនបានក្លាយជាបញ្ហាដ៏តានតឹង និងចម្រូងចម្រាសរវាងភាគីទាំងពីរ។
សមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តស្វាយរៀង លោក គង់ ម៉ាស់ បានថ្លែងប្រាប់អាស៊ីសេរី ក្រោយជួបប្រជុំជាមួយអាជ្ញាធរខេត្តស្វាយរៀងថា កិច្ចប្រជុំនោះ ភាគទាំងពីរនៅមិនទាន់រកឃើញច្បាស់ថា តើករណីវៀតណាម ជួលដីតាមព្រំប្រមាណ ១០,៤៧ហិកតារ នៅក្នុងស្រុកចន្ទ្រា នោះ ពិត ឬមិនពិតនោះឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ ភាគីទាំងពីរប្ដេជ្ញាថា នឹងពួតដៃគ្នាបន្តទៀតដើម្បីស្រាវជ្រាវស្វែងការពិតអំពីករណីជួលដីនៅតាមព្រំដែន ហើយមានវិធានការបញ្ឈប់៖ «ការជួលដីអោយយួននេះ ខ្ញុំមិនទាន់ទទួលបានទិន្នន័យពិតប្រាកដ ប៉ុន្តែទិន្នន័យនេះ ខ្ញុំទទួលបានពីក្រុមប្រឹក្សាឃុំរបស់ខ្ញុំ តែបញ្ជាក់ជាមួយឃុំរបស់គេគឺខុសគ្នា។ ប៉ុន្តែយើងមិនបដិសេធ និងចាប់កំហុសខាងណាដែរក្នុងកិច្ចប្រជុំនោះ។ យើងរួមគ្នាធ្វើការតទៅទៀត បើសិនមានគំនិតសង្ស័យ។ ខ្ញុំបញ្ជាក់ហើយថា ប្រសិនបើស៊ើបដឹងនោះ ខ្ញុំនឹងដាក់ពាក្យបណ្ដឹង»។
កិច្ចប្រជុំរវាងមន្ត្រីបក្សប្រឆាំង និងអាជ្ញាធរខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែមករា គឺដើម្បីជជែកពិភាក្សាគ្នាបន្ថែមអំពីពាក្យបណ្ដឹងរបស់មន្ត្រីបក្សប្រឆាំងដែលរកឃើញថា មានករណីជួលដីចំនួនប្រមាណ ១០,៤៧ហិកតារ នៅឃុំចំនួនពីរ គឺឃុំទួលស្ដី និងឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ក៏ប៉ុន្តែគណៈកម្មការដោះស្រាយវិវាទដីធ្លី និងព្រំដែនខេត្តស្វាយរៀង អះអាងថា រកមិនឃើញមានករណីជួលដីឲ្យទៅជនជាតិវៀតណាម នោះទេ បន្ទាប់ពីចុះស្រាវជ្រាវជាបឋមកាលពីថ្ងៃទី២៣ ខែមករា។
អភិបាលរងខេត្តស្វាយរៀង លោក ពេជ្រ សុវណ្ណ ដែលបានដឹកនាំកិច្ចប្រជុំនោះ មានប្រសាសន៍ថា លោកអបអរសាទរចំពោះរបាយការណ៍របស់មន្ត្រីបក្សប្រឆាំងនោះ ហើយចង់ឲ្យមានកិច្ចសហការជាមួយគ្នាតទៅទៀត៖ «រដ្ឋបាលខេត្តស្វាយរៀង ចង់ឲ្យគាត់សហការបន្តនៅថ្ងៃខាងមុខនេះ ស្រាវជ្រាវអោយឃើញ ហើយបង្ហាញវត្ថុតាងមកអោយគ្រប់គ្រាន់។ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមច្បាប់ មិនអនុញ្ញាតអោយជនណាម្នាក់នៅតែបន្តធ្វើការខុសឆ្គងនឹងការណែនាំរបស់រដ្ឋាភិបាលទៀតទេ»។
មន្ត្រីបកសង្គ្រោះជាតិ វាយតម្លៃថា ខាងអភិបាលខេត្តហាក់ដូចជាចង់ឃើញភាគីទាំងពីរ មានកិច្ចសហការល្អជាមួយគ្នា ដោះស្រាយករណីជួលដីនៅតាមព្រំដែននេះរួមគ្នា ប៉ុន្តែលោកស្នើឲ្យអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ដែលនៅជាប់ព្រំដែនទាំងអស់ ត្រូវសហការចូលរួមជាមួយគ្នាដែរ៕
RFA
ដោយ ថា កិត្យា
បក្សប្រឆាំងនឹងមិនចូលប្រជុំសភាដើម្បីអនុម័តលុបចោលប្រធានក្រុមភាគតិច-ភាគច្រើន
គណៈកម្មការនីតិកម្ម និងយុត្តិធម៌ បានផ្ញើសេចក្ដីស្នើវិសោធនកម្មប្រការ ៤៨ថ្មី (៣) នៃបទបញ្ជាផ្ទៃក្នុងសភាក្នុងឲ្យទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវិញហើយ ដើម្បីបញ្ជូនឲ្យអង្គសភាអនុម័តនៅថ្ងៃទី៣១ ខែមករា លុបចោលតួនាទីលោក កឹម សុខា ជាប្រធានក្រុមភាគតិច និងលោក ស ខេង ប្រធានក្រុមភាគច្រើននៃរដ្ឋសភា។
អ្នកវិភាគលើកឡើងថា ការអនុម័តលុបចោលប្រធានក្រុមភាគតិច ភាគច្រើនវិញនេះ គ្មានចំណេញអ្វីដល់គណបក្សកាន់អំណាចទេ ហើយក៏មិនមែនជារឿងចាំបាច់អ្វីដែរ។
តំណាងរាស្ត្រគណបក្សប្រឆាំងប្រកាសថា នឹងមិនចូលរួមប្រជុំសភាជាមួយតំណាងរាស្ត្រគណបក្សកាន់អំណាចដើម្បីអនុម័តសេចក្ដីស្នើវិសោធនកម្មប្រការ ៤៨ថ្មី (៣) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភានៅថ្ងៃទី៣១ ខែមករា នោះទេ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍នៅថ្ងៃទី២៥ ខែមករា ថា មូលហេតុដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងមិនចូលរួមប្រជុំសភាដើម្បីអនុម័តសេចក្ដីស្នើវិសោធនកម្មប្រការ ៤៨ថ្មី (៣) នេះ ដោយសារតែគណបក្សសង្គ្រោះជាតិ មិនគាំទ្រលើការលុបចោលប្រធានក្រុមភាគតិច ភាគច្រើននេះទេ ព្រោះថា គណបក្សជាប់ឆ្នោតទាំងពីរបានព្រមព្រៀងគ្នារួចទៅហើយក្នុងការបង្កើតប្រធានក្រុមភាគតិច និងប្រធានក្រុមភាគច្រើន ដើម្បីជាយន្តការមួយសម្រាប់ឲ្យក្រុមសំឡេងភាគតិច ភាគច្រើនជួបជជែកគ្នាអំពីបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ៖ «រឿងច្បាប់ទម្លាប់ កាលណាយើងឯកភាពគ្នាធ្វើការជាមួយគ្នា ហើយមានបញ្ហាអីពេលអនុវត្តគឺគេត្រូវជជែកគ្នា ប៉ុន្តែរឿងហ្នឹងគ្មានអីជជែកទេ គណបក្សម្ខាងទៀតធ្វើអ្វីដែលគេចង់បាន»។
អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា គណៈកម្មការនីតិកម្ម និងយុត្តិធម៌ បានផ្ញើសេចក្ដីស្នើវិសោធនកម្មប្រការ ៤៨ថ្មី (៣) នៃបទបញ្ជាផ្ទៃសភាមកគណៈកម្មាធិការអចិន្ត្រៃយ៍សភាវិញ កាលពីថ្ងៃទី២៤ ខែមករា ដោយយល់ព្រមដាក់ឲ្យសភាអនុម័តសេចក្ដីស្នើវិសោធនកម្មនេះនៅថ្ងៃទី៣១ ខែមករា។
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានប្រជុំសម្រេចធ្វើវិសោធនកម្មប្រការ ៤៨ថ្មី (៣) នៃបទបញ្ជាផ្ទៃក្នុងសភា ហើយផ្ញើទៅឲ្យគណៈកម្មការនីតិកម្ម និងយុត្តិធម៌នេះកាលពីថ្ងៃទី២៣ ខែមករា។ ការសម្រេចធ្វើវិសោធនកម្មនេះ ធ្វើឡើងតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីប្រទេសស្វីស ដោយលោកលើកឡើងថា ក្រុមភាគតិច ភាគច្រើននេះ ពិបាកក្នុងការធ្វើការ ហើយប៉ុនប៉ងចរចាដោះលែងអ្នកទោសដែលបំពានអំណាចតុលាការ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា មូលហេតុចម្បងដែលគណបក្សប្រជាជនកម្ពុជា ចង់ធ្វើវិសោធនកម្មលុបចោលក្រុមភាគតិច ភាគច្រើននៃរដ្ឋសភានេះ ដោយសារតែគណបក្សសង្គ្រោះជាតិ តែងតែដាក់លក្ខខណ្ឌក្នុងការចរចា និងសម្ពាធ៖ «គណបក្សកាន់អំណាចមានសិទ្ធិគ្រប់គ្រាន់ក្នុងការអនុម័តបទបញ្ជាផ្ទៃក្នុងដើម្បីដំណើរការដោយរលូនកុំឲ្យគណបក្សកាន់អំណាចដែលឈ្នះឆ្នោតមានសិទ្ធិដឹកនាំតាមឆន្ទៈរបស់ប្រជាពលរដ្ឋហ្នឹង ស្ថិតនៅក្រោមគំនាបរបស់គណបក្សប្រឆាំង»។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់ថា អ្នកណាដាក់សម្ពាធអ្នកណានោះ គឺប្រជាពលរដ្ឋបានយល់ដឹងច្បាស់អំពីបញ្ហានេះ។ លោកបញ្ជាក់ថា ការបង្កើតក្រុមភាគតិច ភាគច្រើននៃរដ្ឋសភា ក្នុងគោលបំណងតែមួយគឺអភិវឌ្ឍប្រទេសជាតិដែលគណបក្សទាំងពីរព្រមព្រៀងធ្វើការដោះស្រាយរួមគ្នា៖ «អត់មានរំលោភដូចគេអះអាងទេ យើងដឹងហើយតាំងពីការបង្កើតប្រធានក្រុមភាគតិច ភាគច្រើនរយៈពេលជិត ២ឆ្នាំមកហ្នឹង បានជួបគ្នាមិនលើសពី ៧ដងផងហ្នឹង ហើយការជួបគ្នាម្ដងៗហ្នឹងយើងនិយាយពីកិច្ចការពាក់ព័ន្ធនីតិប្បញ្ញត្តិ ការងារតំណាងរាស្ត្រ ក្នុងនោះជជែកពីការដោះស្រាយធ្វើវិសោធនកម្មច្បាប់តំណាងរាស្ត្រជួប ២ដង ជួបគ្នា ២ដងទៀតជជែកអំពីចំណុចដែលនៅសេសសល់ដើម្បីធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតឃុំសង្កាត់ ជួបចំនួនពីរដង ជួបគ្នា ១ដង និយាយពីការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងជួបគ្នា ២ដងទៀតជជែកពីកិច្ចការផ្សេងៗ មិនដែលជួបគ្នាជជែកពីរឿងតុលាការទេ»។
តួនាទីប្រធានក្រុមមតិភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្ត្រ ត្រូវបានបង្កើតឡើងក្រោយកិច្ចចរចាបញ្ចប់ជម្លោះនយោបាយរវាងគណបក្សកាន់ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដែលមានដៃគូសន្ទនានៅពេលនោះ គឺលោក ហ៊ុន សែន និងលោក សម រង្ស៊ី។ ប៉ុន្តែមកដល់ចុងឆ្នាំ២០១៦ សភាបានបោះឆ្នោតអនុម័តប្ដូរតួនាទីនេះមកឲ្យលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើជាដៃគូសន្ទនាជាមួយលោក ហ៊ុន សែន ឬលោក ស ខេង វិញ ដោយសារលោក សម រង្ស៊ី ត្រូវបានរដ្ឋាភិបាលហាមមិនឲ្យចូលស្រុក។
នៅក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នោះ លោក ហ៊ុន សែន បានប្រកាសថា ជាការល្អហើយដែលលោក កឹម សុខា ទទួលយកតួនាទីជាប្រធានក្រុមភាគតិចជំនួសលោក សម រង្ស៊ី ដើម្បីធ្វើការងារជាមួយលោក៖ «ប្រសិនមិនអាចទទួលយកការតែងតាំងនេះបាន គឺមានតែវិធីបកត្រឡប់ទៅធ្វើវិសោធនកម្មប្រការ ៤៨ ដោយដកចេញទាំងអស់នូវតួនាទីទាំងឡាយ ហើយបកទៅប្រការ ៤៨ថ្មីវិញ តែប៉ុណ្ណឹងទេ។ តែជាប្រការល្អដែរ ដែលឥឡូវនេះឯកឧត្ដម កឹម សុខា បានបញ្ជាក់ឯកឧត្ដមជាដៃគូសម្ដេចក្រឡាហោម ស ខេង ក្នុងឋានៈជាដៃគូតំណាងរាស្ត្រ ហើយជាដៃគូរបស់ខ្ញុំក្នុងឋានៈពិគ្រោះពិភាក្សាលើបញ្ហាប្រទេសជាតិ ដែលត្រូវទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រី»។
ក៏ប៉ុន្តែ ការគ្រោងអនុម័តលុបចោលតួនាទីក្រុមភាគតិចភាគច្រើននៃរដ្ឋសភារបស់លោក ហ៊ុន សែន នេះ ត្រូវបានអ្នកវិភាគមើលឃើញថា លោក ហ៊ុន សែន មិនអាចបញ្ជាឲ្យលោក កឹម សុខា ធ្វើតាមលោកបាន ពិសេសគឺការបំបែកបំបាក់រវាងលោក សម រង្ស៊ី និងលោក កឹម សុខា ដូចដែលលោកសម រង្ស៊ី ធ្លាប់បានទម្លាយពីផែនការរបស់លោក ហ៊ុន សែន កន្លងមក។
លោក សុខ ឥសាន បន្ថែមថា ការលុបចោលតួនាទីប្រធានក្រុមភាគតិចភាគច្រើននៅក្នុងរដ្ឋសភានេះ មិនប៉ះពាល់ដល់វប្បធម៌សន្ទនារវាងគណបក្សទាំងពីរនោះទេ។ លោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានប្រវត្តិបង្កើតវប្បធម៌សន្ទនានេះតាំងពីឆ្នាំ១៩៨៧ មក។
ទោះបីជាមាការអះអាងបែបនេះក្ដី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា អ្នកនយោបាយត្រូវរួមគ្នាបង្ហាញពីការឯកភាពជាតិដើម្បីឲ្យពលរដ្ឋមានទំនុកចិត្ត ការផ្លាស់ប្ដូរម្ដងធ្វើចេះ ម្ដងធ្វើចុះនេះ រដ្ឋាភិបាលនឹងរងផលប៉ះពាល់អំពីការប្រែប្រួលនេះ៖ «បើសិនជាគិតថាមិនប៉ះពាល់លុបធ្វើអី? ដើម្បីកុំឲ្យពលរដ្ឋមើលឃើញថា វាមិនទៀងទាត់ ហើយពលរដ្ឋមើលឃើញថា តួនាទីតំណាងភាគតិចហ្នឹងភ្ជាប់ទៅនឹងវប្បធម៌សន្ទនា ហើយបើលុបទៅហ្នឹង ម៉េចបានជាមើលឃើញថា មានវប្បធម៌សន្ទនា ដូចរាល់ថ្ងៃហ្នឹងការធ្វើអ្វីៗឋិតនៅលើគណបក្សតែមួយហ្នឹង»។
ភាពចុះសម្រុងគ្នារវាងគណបក្សជាប់ឆ្នោតទាំងពីរនៅក្នុងនីតិកាលទី៥នេះ ត្រូវបានអ្នកវិភាគមើលឃើញថា ម្ដងក្ដៅម្ដងត្រជាក់ គឺគណបក្សទាំងពីរមិនបានរក្សាស្ថិរភាពនយោបាយបានរយៈពេលយូរអង្វែងទេ ទោះបីជាគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បាចេញសេចក្ដីថ្លែងការណ៍រួមគ្នាកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ ក្នុងស្មារតីនៃកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីលើកកម្ពស់ការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឲ្យកាន់តែប្រសើរឡើង គឺគណបក្សទាំងពីរបានប្ដេជ្ញាអនុវត្តវប្បធម៌សន្ទនាឲ្យមានប្រសិទ្ធភាពដោយត្រូវស្មោះត្រង់ជាមួយគ្នាយកវប្បធម៌សន្ទនាធ្វើជាមូលដ្ឋានក្នុងការពិភាក្សាដោះស្រាយដោយសន្តិវិធីនូវរាល់បញ្ហាជាតិ និងសង្គមដែលភាគីទាំងពីរអាចមានទស្សនៈមិនទាន់ស្របគ្នា។
លុបបំបាត់ចោលនូវផ្នត់គំនិតនៃការគុំកួន សងសឹកគ្នា បានសេចក្ដីថា ត្រូវបញ្ចប់នូវនយោបាយទឹកឡើងត្រីស៊ីស្រមោចទឹកហោចស្រមោចស៊ីត្រី និងបញ្ហាមួយចំនួនទៀត៕
RFA
ដោយ ទីន ហ្សាការីយ៉ា
អង្គការគាំទ្រស្ត្រីថា ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មប្រឆាំងស្ត្រី ដោយប្រឆាំងសិទ្ធិរំលូតកូន

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដាក់ចេញបទបញ្ជាប្រតិបត្តិមួយនៅថ្ងៃចន្ទដើម្បីបញ្ចប់រាល់ជំនួយអាមេរិកដែលផ្តល់ឲ្យក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលផ្តល់សេវារំលូតកូន ក៏ដូចជាប្រឹក្សាយោបល់រឿងរំលូតកូនជាដើមនៅលើពិភពលោក។ វាន័យថា អង្គការនេះនឹងបាត់បង់ជំនួយពីរដ្ឋបាលអាមេរិក បើអង្គការនេះធ្វើសកម្មភាពនានាពាក់ព័ន្ធការរំលូតកូន។អ្នកនាំពាក្យសេតវិមាន បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថ្ងៃចន្ទ ថា លោក ដូណាល់ ត្រាំ ចង់ប្រាប់គ្រប់គ្នាថាលោកជាប្រធានាធិបតីដែលគាំទ្រនិងការពារជាតិជីវិតមនុស្ស។ យ៉ាងណាក៏ដោយអង្គការគាំទ្រស្ត្រីជាច្រើនបានទិតៀនរដ្ឋបាលថ្មីនេះដោយអះអាងថា រដ្ឋបាលត្រាំ កំពុងតែដាក់ទណ្ឌកម្មលើស្ត្រីទូទាំងពិភពលោក។
លោក ដូណាល់ ត្រាំ បានសម្រេចដាក់ចេញវិធានការនីតិប្រតិបត្តិបំពេញតាមពាក្យសន្យារបស់ខ្លួនដោយហាមឃាត់ផ្តល់ជំនួយដល់បណ្តាអង្គការក្រៅរដ្ឋាភិបាលទាំងឡាយណាដែលមានការងារទាក់ទងការ«រំលូតកូន»។ ក្នុងនោះមានទាំងការផ្តល់សេវារំលូតកូន និងផ្តល់ប្រឹក្សាដល់ក្រុមគ្រួសារដែលមានបំណងរៀបចំផែនការគ្រួសារ។
អ្នកនាំពាក្យសេតវិមានលោក Sean Spicer បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានដំបូង មួយនៅថ្ងៃចន្ទ ទី ២៣មករា ថា ប្រធានាធិបតី ដូណាល់ ត្រាំបានសម្រេចរួចរាល់ហើយចំពោះការប្រឆាំងការរំលូនកូន និងវាការគោរពអ្នកបង់ពន្ធអាមេរិកដែរ។
លោកបានបញ្ជាក់បែបនេះ៖ « គ្មានអ្វីជារឿងសម្ងាត់ទេ ប្រធានាធិបតី ត្រាំ បញ្ជាក់ច្បាស់ថាលោកជាប្រធានាធិបតីដែលគាំទ្រជីវិតមនុស្ស។ លោកចង់ឈរជាមួយប្រជាជនអាមេរិករួមទាំងទារកដែលមិនទាន់កើតផង ហើយខ្ញុំគិតថា ការអនុវត្តគោលនយោបាយនេះឡើងវិញមិនមែនត្រឹមតែរឿងមួយទេតែវាជាការផ្តល់តម្លៃនិងគោរពអ្នកបង់ពន្ធអាមេរិក»។
វិធានការដែលដាក់ចេញនេះចូលជាធរមានភ្លាមក្រោយការចុះហត្ថលេខារបស់ប្រធានាធិបតី ហើយរាល់អង្គការទាំងឡាយណានៅលើពិភពលោកដែលធ្វើសកម្មភាពពាក់ព័ន្ធការរំលូតកូននិងលើកកម្ពស់ការរំលូតកូនមិនអាចទទួលបានជំនួយពីទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិឡើយ (USAID)។
ការអនុវត្តឡើងវិញ នូវបទបញ្ញត្តិ «Global Gag Rule» ឬ គោលនយោបាយម៉ិកស៊ិក (Mexico City Policy) ដែលប្រឆាំងការរំលូតកូន និងត្រូវបានបង្កើតឡើង ១៩៨៤ នោះ មិនមែនជារឿងថ្មីឡើយ។ គោលនយោបាយ នេះ ត្រូវបានដាក់អនុវត្តដំបូងដោយរដ្ឋបាលលោក Ronald Reagan នៅឆ្នាំ ១៩៨៤ ។ គេមើលឃើញថា រាល់ពេលប្រធានាធិបតីមកពីបក្សសាធារណរដ្ឋឡើងកាន់អំណាច បទបញ្ញត្តិនេះត្រូវដាក់អនុវត្ត។ហើយវាត្រូវបានលុបចោលវិញនៅពេលដែលប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យឡើងមកម្តងនោះ។ ដូចឃើញស្រាប់ នៅពេលដែលលោក ប៊ីល គ្លីនតុន ឡើងមក លោកលុបចោលវិធានការនេះវិញទៅ។ ក្រោយមកនាឆ្នាំ ២០០១ នៅពេលដែលលោក ចច ដាប៊ិលយូប៊ូស ឡើងកាន់អំណាច លោកក៏ប្រើប្រាស់អំណាចជាប្រធានាធិបតីអនុវត្តវិធានការប្រឆាំងការរំលូតកូនឡើងវិញទៀត។
ឆ្នាំ ២០០៩ ក្នុងជំនាន់លោក បារ៉ាក់ អូបាម៉ា វិធានការនេះត្រូវបានទាត់ចោលដូចគ្នា។ ប៉ុន្តែ ច្បាប់អាមេរិកនៅតែហាមឃាត់ការផ្តល់ជំនួយដោយផ្ទាល់សម្រាប់ការគាំទ្រសេវារំលូតកូន។ រាល់អង្គការក្រៅរដ្ឋាភិបាលអាចទទួលបានជំនួយអាមេរិកបាន នៅពេលគេអនុវត្តកម្មវិធីមួយចំនួនពាក់ព័ន្ធការពន្យារកំណើត និងសេវាសុខាភិបាលសម្រាប់ស្ត្រីក្រោយការរំលូតកូនហើយប៉ុណ្ណោះ។
១. ត្រាំ ចង់តែងតាំងចៅក្រមតុលាការកំពូលលុបចោល សេចក្តីសម្រចតុលាការកំពូល Roe v. Wade
តាមពិតទៅក្នុងពេលឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ បានសន្យាជាមួយអ្នកគាំទ្រខ្លួនថា រដ្ឋបាលលោកនឹងចាប់ផ្តើមតែងតាំងចៅក្រមតុលាការកំពូលថ្មីដែលមានលទ្ធភាពលុបចោលយុត្តិសាស្ត្រ Roe v. Wade។
សំណុំរឿង Roe v. Wade ពាក់ព័ន្ធការរំលូតកូន ហើយវាត្រូវបានតុលាការសម្រេចកាលពីឆ្នាំ ១៩៧៣។ ការសម្រេចនេះជាការទទួលស្គាល់ការរំលូតកូនជាសកម្មភាពស្របច្បាប់ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។ ស្ត្រីអាចមានសិទ្ធិរំលូតកូនបានក្នុងរយៈពេលដែលខ្លួនពពោះបានរយៈពេល ៣ខែដំបូង។ សេចក្តីសម្រេចរបស់តុលាការកំពូលនេះធ្វើឡើងក្រោមសំឡេង ៧ ទល់នឹង ២ ហើយវានិរាករណ៍ច្បាប់តិចសាស (Texas Statute) ឆ្នាំ ១៨៥៧ ដែលចែងថា ការរំលូតកូនជាការខុសច្បាប់ វាលែងតែករណីដែលស្ត្រីជាម្តាយស្ថិតក្នុងគ្រោះថ្នាក់ប៉ុណ្ណោះ។ បើសិនជា ដូណាល់ ត្រាំ អាចលុបចោល Roe v. Wade ការរំលូតកូននៅរដ្ឋចំនួន ៣៣ នឹងក្លាយជារឿងខុសច្បាប់។
២.វិធានការ ដូណាល់ ត្រាំ មិនបន្ថយការំលូតកូន តែបង្កើនចំនួនស្ត្រីស្លាប់បាត់បង់ជីវិត
ដូណាល់ ត្រាំ អួតអាងថា ខ្លួនប្រឆាំងការរំលូតកូនព្រោះខ្លួនជាអ្នកនយោបាយគាំទ្រជីវិតមនុស្ស។ ប៉ុន្តែយោងតាមរបាយការណ៍ស្រាវជ្រាវសុខាភិបាលនិងវិទ្យាសាស្ត្រ ការអនុវត្តបទបញ្ញត្តិនេះមិនមែនត្រឹមតែរឹតត្បិតលុយជំនួយសម្រាប់អង្គការក្រៅរដ្ឋាភិបាលប៉ុណ្ណោះទេ តែវានឹងបង្កផលអាក្រក់ និងគ្រោះថ្នាក់ដល់ជីវិត ស្ត្រីទូទាំងពិភពលោកដែរ។
អង្គការ សកម្មភាពប្រជាជនអន្តរជាតិ (PAI) បានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗឆ្លើយតបការសម្រេចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយគេហៅ ការអនុវត្តឡើងវិញនូវគោលនយោបាយ « Global Gag Rule» ជានយោបាយរដ្ឋបាល ដូណាល់ត្រាំ ក្នុងការដាក់ទណ្ឌកម្មលើស្ត្រីភេទលើពិភពលោក។
នៅពេលដែលរដ្ឋបាលក្រុងវ៉ាស៊ីនតោនផ្តាច់ជំនួយសម្រាប់អង្គការក្រៅរដ្ឋាភិបាលលើពិភពលោក វាបង្កផលប៉ះពាល់ខ្លាំងដល់ការថែទាំសុខភាព និង ជីវិតរស់នៅរបស់ស្ត្រីភេទដែលកើតក្នុងក្រុមគ្រួសារក្រីក្រដូចជានៅអាហ្វ្រិក និងអាស៊ីជាដើម។ នេះក៏ដោយសារពួកគេប្រឈមការខ្វះខាតធនធានហិរញ្ញវត្ថុ។
របាយការណ៍ អង្គការ សកម្មភាពប្រជាជនអន្តរជាតិរកឃើញថា រាល់ពេលដែលមានការអនុវត្តបទបញ្ញត្តិនេះឡើងវិញម្តងៗ គេឃើញមានបញ្ហាប្រឈមច្រើនសន្ធឹកសន្ធាប់កើតឡើង។ ស្ត្រីជាច្រើននៅប្រទេសកំពុងអភិវឌ្ឍត្រូវពពោះទាំងមិនបានត្រៀមខ្លួន ហើយមានខ្លះទៀតត្រូវស្លាប់និងពិការដោយសារការរំលូតកូនមិនបានត្រឹមត្រូវ។
ជារួម បើសិនគ្មានជំនួយបន្ថែមទេ ការមិនផ្តល់សេវារំលូតកូននិងប្រឹក្សាពីការរំលូតកូនទេ ក្នុងអាណត្តិទី១របស់លោក ត្រាំ ស្ត្រី ៦,៥លាននាក់ទូទាំងពិភពលោកប្រឈមការមានផ្ទៃពោះដោយមិនបានព្រាងទុក។ ការរំលូតកូនមានប្រហែល ២,២ លានករណី ខណៈដែលការរំលូតកូនមិនមានសុវត្ថិភាពកើនឡើងដល់២,១ លានករណី។ ចំណែកស្ត្រីស្លាប់របស់ស្ត្រីមានផ្ទៃពោះកើនដល់ ២១៧០០នាក់ឯណោះ៕
ថ្មីៗ
អត្ថបទ : ថ្មីៗ
ហុងកុង នឹងប្រគល់រថពាសដែកទាំង៩គ្រឿងទៅឲ្យសិង្ហបុរីវិញ ក្រោយរឹបអូសអស់២ខែ

អាជ្ញាធរហុងកុង បានសម្រេចបញ្ជូនរថពាសដែកទាំង៩គ្រឿងទៅឲ្យសិង្ហបុរីវិញហើយ បន្ទាប់បញ្ចប់ការស៊ើបអង្កេតរួចមក។ រថពាសដែកទាំង៩គ្រឿង ត្រូវបានគយហុងកុងចាប់ឃាត់ទុកកាលពីខែវិច្ឆិកា ពេលចូលសំចតនៅកំពុងផែទីក្រុងនេះក្នុងដំណើរដឹកជញ្ជូនទៅកាន់សិង្ហបុរី ក្រោយបញ្ចប់សមយុទ្ធនៅដែនកោះតៃវ៉ាន់។ បើទោះជារថពាសដែកត្រូវដោះលែង ក្រុមហ៊ុនដឹកជញ្ជូនរថពាសដែកនេះ អាចនឹងប្រឈមមុខវិធានការផ្លូវច្បាប់របស់ហុងកុងមិនខាន។
មន្ត្រីហុងកុង នៅថ្ងៃទី២៤ ខែមករា បាននិយាយថា ការស៊ើបអង្កេតលើរថពាសដែកសិង្ហបុរីទាំង៩គ្រឿង ត្រូវបានបញ្ចប់ ហើយរថពាសដែកទាំងនេះ នឹងត្រូវប្រគល់ត្រឡប់ឲ្យសិង្ហបុរីវិញ។ រថពាសដែកទាំង៩គ្រឿង ត្រូវបានអាជ្ញាធរគយហុងកុងឃាត់ទុក ព្រោះសង្ស័យថា បានល្មើសច្បាប់ស្ដីពីការនាំចេញនាំចូល និងការដឹកជញ្ជូនសម្ភារយុទ្ធសាស្ត្រ។ យ៉ាងណាក្ដី ការដោះលែងនេះ អាចបន្ធូរបន្ថយទំនាក់ទំនងរវាងសិង្ហបុរី និងចិន ដែលធ្លាក់ចុះដោយសារការឃាត់ទុកនេះ។
ស្នងការទទួលបន្ទុកគយ និងពន្ធរបស់ហុងកុង លោក Roy Tang និយាយថា ក្នុងនាមជាដៃគូពាណិជ្ជកម្មដែលមានទំនួលខុសត្រូវ តំបន់រដ្ឋបាលពិសេសហុងកុង មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តតាមច្បាប់អន្តរជាតិ ហើយអាជ្ញាធរហុងកុង នឹងចាត់វិធានការឲ្យខ្លាំងក្លាដើម្បីទទួលជោគជ័យក្នុងការរឿងនេះ។ ពាក់ព័ន្ធនឹងការរឹបអូសរថពាសដែកសិង្ហបុរី លោកបន្តថា ការស៊ើបអង្កេត បានបញ្ចប់ ហើយការស៊ើបអង្កេតនេះ អាចឈានដល់ការកាត់ទោសទៀតផង។
សារព័ត៌មាន South China Morning Post រាយការណ៍ថា នាវាដឹករថពាសដែកទាំង៩គ្រឿង ត្រូវឃាត់ទុក ព្រោះម្ចាស់ក្រុម APL ដែលជាក្រុមហ៊ុនដឹកជញ្ជូនទាំងនោះ មិនបានបង្ហាញលិខិតអនុញ្ញាតត្រឹមត្រូវដល់អាជ្ញាធរគយហុងកុង។ ភ្លាមៗក្រោយការឃាត់ទុក រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី អះអាងថា រថពាសដែកទាំង៩គ្រឿង ត្រូវបានការពារដោយច្បាប់អន្តរជាតិ ដូចនេះគ្មានប្រទេសណាអាចឃាត់ទុកបានឡើយ។
យ៉ាងណាក្ដី ក្រុងប៉េកាំង មិនសប្បាយចិត្តនឹងការលើកឡើងរបស់ប្រមុខការពារជាតិសិង្ហបុរី។ ក្រុងបេកាំងសង្ឃឹមថា ប្រទេសទាំងអស់រួមទាំងសិង្ហបុរីផង នឹងនៅតែបន្តអនុវត្តនយោបាយចិនតែមួយ ដែលជាគោលការណ៍សំខាន់ក្នុងការចងមិត្តភាពជាមួយក្រុងប៉េកាំង។ ហើយចិន ក៏ស្នើឲ្យសិង្ហបុរី គោរពច្បាប់របស់រដ្ឋាភិបាលហុងកុងផងដែរ។
ទាក់ទងនឹងរឿងនេះដែរ ក្រសួងការបរទេសសិង្ហបុរីបញ្ជាក់ថា ប្រធានប្រតិបត្តិហុងកុង Leung Chun Ying ក៏បានសរសេរលិខិតឆ្លើយតបទៅកាន់នាយករដ្ឋមន្ត្រី លី សៀនឡុង ដោយបានប្រាប់ដំណឹងនៃការដោះលែងរថពាសដែកនេះដែរ។ អាជ្ញាធរហុងកុង នឹងប្រគល់រថពាសដែកនេះ ក៏ដូចជាឧបករណ៍ដទៃទៀត ដោយដឹកតាមក្រុមហ៊ុនដឹកជញ្ជូនទៅដល់សិង្ហបុរី។ ក្រសួងការបរទេសសិង្ហបុរីចាត់ទុករឿងនេះជាលទ្ធផលវិជ្ជមាន ហើយលោក លី សៀនឡុង ក៏បានអរគុណចំពោះសហប្រតិបត្តិការនេះដែរ៕
ថ្មីៗ
អត្ថបទ : តន ចាន់រិទ្ធារ៉ា
លោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាឲ្យសាងសង់ «ជញ្ជាំងព្រំដែនអាមេរិក-ម៉ិកស៊ីកូ» ទោះបីម៉ិចស៊ីកូមិនទាន់ព្រម!

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិនៅថ្ងៃពុធ (ម៉ោងក្នុងរដ្ឋធានីវ៉ាស៊ីនតោន) ដើម្បីអនុញ្ញាតឲ្យចាប់ផ្តើមការសាងសង់ជញ្ជាំងព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ីកូ សំដៅលុបបំបាត់ជនភៀសខ្លួនខុសច្បាប់ឲ្យអស់ពីទឹកដីអាមេរិក។ នេះបើតាមសម្តីរបស់មន្រ្តីដែលជិតស្និទ្ធនឹងបញ្ហានេះ ដែលដកស្រង់ដោយសារព័ត៌មាន Washington Post នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter នាយប់ថ្ងៃអង្គារថា «ថ្ងៃស្អែកគឺជាថ្ងៃពិសេសពាក់ព័ន្ធនឹងគំរោងបញ្ហាសន្តិសុខជាតិ ដោយនៅក្នុងចំណោមរឿងផ្សេងៗទៀត យើងនឹងធ្វើការសាងសាង់ជញ្ជាំង»។ ទោះបីជាបែបនេះក្តី លោក ត្រាំ តាំងពីអំឡុងឃោសនាបោះឆ្នោតមកម្ល៉េះបានធ្វើការបញ្ជាក់ថា ជញ្ជាំងព្រំដែនត្រូវតែកសាង ហើយរដ្ឋាភិបាលម៉ិចស៊ីកូគឺជាអ្នកចេញលុយ ប៉ុន្តែម៉ិចស៊ីកូមិនបានស្របតាមការលើកឡើងបែបនោះឡើយ។
គួរបញ្ជាក់ថាការបោះជំហាននេះតំណាងឲ្យកិច្ចខិតខំប្រឹងប្រែងរបស់លោក ដូណាល់ ត្រាំ ក្នុងការបំពេញពាក្យសន្យាដែលបានជួយជំរុញយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដោយលោក ត្រាំ តែងតែមានជំនឿជាក់ថា ការធ្វើអន្តោប្រវេសន៍ខុសច្បាប់កំពុងស្ថិតនៅក្នុងសភាព ដែលគ្រប់គ្រងលែងបានទៀតហើយ និងព្រមទាំងបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខ និងសុវត្ថិភាពរបស់សហរដ្ឋអាមេរិក៕
Fresh News
ដល់ក! ប្តីទៅធ្វើការបាត់ ប្រពន្ធនាំសាហាយស្មន់មកដេកដល់បន្ទប់ ប្តីតាមទាន់ប្តឹងនគរបាលឲ្យចាប់ខ្លួន

(ភ្នំពញ)៖ មានការផ្អើលពេញផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ខណៈដែលបុរសម្នាក់ បានតាមទាន់ប្រពន្ធ កំពុងនាំសាហាយស្មន់មកឡើងឋានសួគ៌ដល់ក្នុងបន្ទប់ដេកតែម្តង។ ការដែលស្រ្តីជាប្រពន្ធឥតកេរ្តិ៍ខ្មាស់នាំប្រុសសាហាយមកដល់បន្ទប់ជួលខាងលើនេះ ដោយសារតែលោកប្តីរវល់ទៅធ្វើការរោងចក្រ។
ដោយសារតែទ្រាំលែងបាន បុរសជាប្តីក៏ប្តឹងនគរបាលមូលដ្ឋានឲ្យចុះមកឃាត់ខ្លួន រួចហើយទាំងសាហាយ និងប្រពន្ធត្រូវបាននគរបាលនាំយកទៅសួរនាំ នៅប៉ុស្តិ៍ដើម្បីចាត់ការបន្តទៀត។
មន្រ្តីនគរបាលបានឱ្យដឹងថា បុរសជាប្តីដែលបានរៀបការពេញច្បាប់មានឈ្មោះ ហន ថៃ អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ចំណែក ប្រពន្ធមានឈ្មោះ ដួង លីដា អាយុ២៣ឆ្នាំ គ្មានមុខរបរ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិតាំងបន្ទាយ ឃុំវាពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ចំណែកប្រុសស្នេហ៍ ដែលជាសាហាយស្មន់វ័យក្មេងនោះឈ្មោះ ជៀម នី អាយុ១៩ឆ្នាំ មុខរបរធ្វើការកម្មករសំណង់ នៅភូមិព្រៃទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
បើតាមមន្រ្តីនគរបាលមុនកើតហេតុ នៅវេលាម៉ោង៦ព្រឹក បុរសជាប្តី បានចេញពីបន្ទប់ទៅធ្វើការរោងចក្របាត់ ដោយប្រពន្ធមិនទៅធ្វើការទេ សុំច្បាប់សម្រាកនៅបន្ទប់ជួលថា មិនសូវស្រួលខ្លួន។ ខណៈដែលប្តីចេញពីធ្វើការវិញនៅវេលាម៉ោង១១ថ្ងៃត្រង់ ដល់ម៉ោងសម្រាកមកហូបបាយ នៅបន្ទប់ជួលជាមួយប្រពន្ធ។ ស្រាប់តែពេលបើកទ្វារ ក៏ឃើញប្រពន្ធកំពុងគីគីលូ ជាមួយប្រុសសាហាយវ័យក្មេង ពេលនោះធ្វើឱ្យបុរសជាប្តីទប់អារម្មណ៍ សឹងមិនជាប់ សឹងតែប្រហាឲ្យក្ស័យទាំងពីរតែម្តង ប៉ុន្តែមិនដាច់ចិត្ត ក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ប្រពន្ធ និងសាហាយស្មន់តែម្តងដើម្បីជួយដោះស្រាយតាមផ្លូវច្បាប់៕
Fresh News
មេ Facebook ចេញមុខច្រានចោលព័ត៌មានដែលថា ថ្ងៃអនាគតលោកចង់ក្លាយជាប្រធានាធិបតីអាមេរិក!

(អាមេរិក)៖ នាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ដ៏ធំជាងគេលើពិភពលោក លោក Mark Zuckerberg បានបដិសេធចោលនូវពាក្យចរចាមអារ៉ាមដែលថា រូបលោកនឹងឈរឈ្មោះជាបេក្ខភាពក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនាពេលអនាគត និងបានទទូចបកស្រាយថា លោកពុំមានបំណងបែបនេះឡើយ។ នេះបើតាមការចេញផ្សាយដោយគេហទំព័របច្ចេកវិទ្យា Tech 2 នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មាន Buzzfeed លោក Mark Zuckerberg បានឆ្លើយតបជាមួយនិងចម្លើយថា «ទេ» នៅពេលដែលត្រូវបានចោទសួរថា តើរូបលោកមានផែនការចង់ឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីនៅពេលអនាគតដែរ ឬយ៉ាងណានោះ។ លោក Zuckerberg បាននិយាយដូច្នេះទៀតថា «ខ្ញុំកំពុងផ្តោតការយកចិត្តទុកដាក់សំខាន់លើ ការកសាងសហគមន៍របស់យើងនៅក្នុងហ្វេសប៊ុក ដែលកំពុងតែរីកចំរើនកាន់តែខ្លាំងឡើង និងគំរោងផ្តួចផ្តើម Chan Zuckerberg ដែលលោក និងភរិយា Priscilla Chan បានរួមបង្កើតឡើងដើម្បីធ្វើការបណ្តាក់ទុនវិនិយោគ ក្នុងការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត និងភាពជាអ្នកដឹកនាំ»។
ម៉្យាងវិញទៀតប្រភពដែលជិតស្និទ្ធនឹងលោក Zuckerberg បានបញ្ជាក់ថា ស្ថាបនិកហ្វេសប៊ុករូបនេះក៏បានច្រានចោលពាក្យចរចាមអារ៉ាមនេះជាលក្ខណៈឯកជនផងដែរ ដោយនិយាយយ៉ាងដូច្នេះថា «វាពុំមានធាតុពិតជាក់ស្តែងនៅក្នុងគំនិតដែលថា Mark នឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិកឡើយ ហើយខ្ញុំបានលឺការបដិសេធដោយផ្ទាល់ចេញពីមាត់របស់លោក Mark»។
គួរបញ្ជាក់ថានៅដើមខែមករាកន្លងទៅនេះ មានពាក្យចរចាមអារ៉ាមលេចលឺនៅលើបណ្តាញអ៊ីនធឺណែតថា លោក Mark Zuckerberg ដែលជាស្ថាបនិកក៏ដូចជានាយកប្រតិបត្តិរបស់ហ្វេសប៊ុក អាចនឹងប្រកាសពីការឈរឈ្មោះប្រកួតប្រជែងយកតំណែងជាប្រធានាធិបតីអាមេរិកនៅថ្ងៃអនាគត ប៉ុន្តែពេលនេះអ្នករាល់គ្នាអាចជម្រះនូវមន្ទិលសង្ស័យបានហើយថា វាមិនពិតនោះឡើយ៕
Fresh News
តំណាងរាស្ដ្របក្សប្រឆាំង ស្នើរដ្ឋមន្ដ្រីក្រសួងចំនួន៣ រកយុត្តិធម៌ឲ្យស្ដ្រីរកស៊ីផ្លូវភេទម្នាក់ដែលលង់ទឹកស្លាប់ ដោយសាររត់គេចពីការរៀបចំសណ្ដាប់ធ្នាប់ របស់សន្ដិសុខខណ្ឌដូនពេញ
(ភ្នំពេញ)៖ ក្រុមតំណាងរាស្ដ្ររបស់គណបក្សសង្គ្រោះជាតិ ស្នើឲ្យរដ្ឋមន្ដ្រីក្រសួងចំនួន៣ ក្នុងនោះរួមមាន៖ ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី និងក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៌ឲ្យស្ដ្រីរកស៊ីផ្លូវភេទម្នាក់ ដែលលង់ទឹកស្លាប់ដោយសាររត់គេច ពីការរៀបចំសណ្ដាប់ធ្នាប់ របស់ក្រុមសន្ដិសុខខណ្ឌដូនពេញ កាលពីពេលកន្លងទៅនេះ។
លិខិតដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ បញ្ជាក់ថា សំណើរនេះក៏មានការឯកភាពពី សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ។
សូមជម្រាបថា ស្រ្តីរងគ្រោះមានឈ្មោះ ប៉ែន សុគន្ធា អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួលនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើត នៅភូមិពាលញែក២ ឃុំផ្ទះព្រៃ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។ ស្រ្តីរងគ្រោះរូបនេះ បានលង់ទឹកទន្លេស្លាប់ កាលពីរាត្រីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ខណៈដែលគាត់បានរត់គេចពីកម្លាំងប្រជាការពារខណ្ឌដូនពេញ រត់ឡើងទូកទេសចរណ៍មួយនៅមាត់ទន្លេ បណ្តាលឲ្យលង់ទឹកទន្លេស្លាប់ នៅខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តែទោះជាយ៉ាងណា ក្រោយកើតហេតុភ្លាមៗ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ រួមជាមួយសាខាកាកបាទក្រហមខណ្ឌ បាននាំយកអំណោយមួយចំនួន ផ្ដល់ជូនគ្រួសាររបស់សពស្រ្តីរកស៊ីផ្លូវភេទម្នាក់ ដែលបានធ្លាក់ទឹកទន្លេស្លាប់ ដោយសារតែនាងរត់គេចពីក្រុមសន្តិសុខរបស់សាលាខណ្ឌពេលចុះរៀបចំសណ្តាប់ធ្នាប់។
ខាងក្រោមនេះ ជាសំណើររបស់ក្រុមតំណាងរាស្ដ្របក្សប្រឆាំង ដែលមានខ្លឹមសារទាំងស្រុង៖






Fresh News
លិខិតដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ បញ្ជាក់ថា សំណើរនេះក៏មានការឯកភាពពី សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ។
សូមជម្រាបថា ស្រ្តីរងគ្រោះមានឈ្មោះ ប៉ែន សុគន្ធា អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួលនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើត នៅភូមិពាលញែក២ ឃុំផ្ទះព្រៃ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។ ស្រ្តីរងគ្រោះរូបនេះ បានលង់ទឹកទន្លេស្លាប់ កាលពីរាត្រីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ខណៈដែលគាត់បានរត់គេចពីកម្លាំងប្រជាការពារខណ្ឌដូនពេញ រត់ឡើងទូកទេសចរណ៍មួយនៅមាត់ទន្លេ បណ្តាលឲ្យលង់ទឹកទន្លេស្លាប់ នៅខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តែទោះជាយ៉ាងណា ក្រោយកើតហេតុភ្លាមៗ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ រួមជាមួយសាខាកាកបាទក្រហមខណ្ឌ បាននាំយកអំណោយមួយចំនួន ផ្ដល់ជូនគ្រួសាររបស់សពស្រ្តីរកស៊ីផ្លូវភេទម្នាក់ ដែលបានធ្លាក់ទឹកទន្លេស្លាប់ ដោយសារតែនាងរត់គេចពីក្រុមសន្តិសុខរបស់សាលាខណ្ឌពេលចុះរៀបចំសណ្តាប់ធ្នាប់។
ខាងក្រោមនេះ ជាសំណើររបស់ក្រុមតំណាងរាស្ដ្របក្សប្រឆាំង ដែលមានខ្លឹមសារទាំងស្រុង៖






Fresh News
Subscribe to:
Comments (Atom)





