
អាជ្ញាធរហុងកុង បានសម្រេចបញ្ជូនរថពាសដែកទាំង៩គ្រឿងទៅឲ្យសិង្ហបុរីវិញហើយ បន្ទាប់បញ្ចប់ការស៊ើបអង្កេតរួចមក។ រថពាសដែកទាំង៩គ្រឿង ត្រូវបានគយហុងកុងចាប់ឃាត់ទុកកាលពីខែវិច្ឆិកា ពេលចូលសំចតនៅកំពុងផែទីក្រុងនេះក្នុងដំណើរដឹកជញ្ជូនទៅកាន់សិង្ហបុរី ក្រោយបញ្ចប់សមយុទ្ធនៅដែនកោះតៃវ៉ាន់។ បើទោះជារថពាសដែកត្រូវដោះលែង ក្រុមហ៊ុនដឹកជញ្ជូនរថពាសដែកនេះ អាចនឹងប្រឈមមុខវិធានការផ្លូវច្បាប់របស់ហុងកុងមិនខាន។
មន្ត្រីហុងកុង នៅថ្ងៃទី២៤ ខែមករា បាននិយាយថា ការស៊ើបអង្កេតលើរថពាសដែកសិង្ហបុរីទាំង៩គ្រឿង ត្រូវបានបញ្ចប់ ហើយរថពាសដែកទាំងនេះ នឹងត្រូវប្រគល់ត្រឡប់ឲ្យសិង្ហបុរីវិញ។ រថពាសដែកទាំង៩គ្រឿង ត្រូវបានអាជ្ញាធរគយហុងកុងឃាត់ទុក ព្រោះសង្ស័យថា បានល្មើសច្បាប់ស្ដីពីការនាំចេញនាំចូល និងការដឹកជញ្ជូនសម្ភារយុទ្ធសាស្ត្រ។ យ៉ាងណាក្ដី ការដោះលែងនេះ អាចបន្ធូរបន្ថយទំនាក់ទំនងរវាងសិង្ហបុរី និងចិន ដែលធ្លាក់ចុះដោយសារការឃាត់ទុកនេះ។
ស្នងការទទួលបន្ទុកគយ និងពន្ធរបស់ហុងកុង លោក Roy Tang និយាយថា ក្នុងនាមជាដៃគូពាណិជ្ជកម្មដែលមានទំនួលខុសត្រូវ តំបន់រដ្ឋបាលពិសេសហុងកុង មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តតាមច្បាប់អន្តរជាតិ ហើយអាជ្ញាធរហុងកុង នឹងចាត់វិធានការឲ្យខ្លាំងក្លាដើម្បីទទួលជោគជ័យក្នុងការរឿងនេះ។ ពាក់ព័ន្ធនឹងការរឹបអូសរថពាសដែកសិង្ហបុរី លោកបន្តថា ការស៊ើបអង្កេត បានបញ្ចប់ ហើយការស៊ើបអង្កេតនេះ អាចឈានដល់ការកាត់ទោសទៀតផង។
សារព័ត៌មាន South China Morning Post រាយការណ៍ថា នាវាដឹករថពាសដែកទាំង៩គ្រឿង ត្រូវឃាត់ទុក ព្រោះម្ចាស់ក្រុម APL ដែលជាក្រុមហ៊ុនដឹកជញ្ជូនទាំងនោះ មិនបានបង្ហាញលិខិតអនុញ្ញាតត្រឹមត្រូវដល់អាជ្ញាធរគយហុងកុង។ ភ្លាមៗក្រោយការឃាត់ទុក រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី អះអាងថា រថពាសដែកទាំង៩គ្រឿង ត្រូវបានការពារដោយច្បាប់អន្តរជាតិ ដូចនេះគ្មានប្រទេសណាអាចឃាត់ទុកបានឡើយ។
យ៉ាងណាក្ដី ក្រុងប៉េកាំង មិនសប្បាយចិត្តនឹងការលើកឡើងរបស់ប្រមុខការពារជាតិសិង្ហបុរី។ ក្រុងបេកាំងសង្ឃឹមថា ប្រទេសទាំងអស់រួមទាំងសិង្ហបុរីផង នឹងនៅតែបន្តអនុវត្តនយោបាយចិនតែមួយ ដែលជាគោលការណ៍សំខាន់ក្នុងការចងមិត្តភាពជាមួយក្រុងប៉េកាំង។ ហើយចិន ក៏ស្នើឲ្យសិង្ហបុរី គោរពច្បាប់របស់រដ្ឋាភិបាលហុងកុងផងដែរ។
ទាក់ទងនឹងរឿងនេះដែរ ក្រសួងការបរទេសសិង្ហបុរីបញ្ជាក់ថា ប្រធានប្រតិបត្តិហុងកុង Leung Chun Ying ក៏បានសរសេរលិខិតឆ្លើយតបទៅកាន់នាយករដ្ឋមន្ត្រី លី សៀនឡុង ដោយបានប្រាប់ដំណឹងនៃការដោះលែងរថពាសដែកនេះដែរ។ អាជ្ញាធរហុងកុង នឹងប្រគល់រថពាសដែកនេះ ក៏ដូចជាឧបករណ៍ដទៃទៀត ដោយដឹកតាមក្រុមហ៊ុនដឹកជញ្ជូនទៅដល់សិង្ហបុរី។ ក្រសួងការបរទេសសិង្ហបុរីចាត់ទុករឿងនេះជាលទ្ធផលវិជ្ជមាន ហើយលោក លី សៀនឡុង ក៏បានអរគុណចំពោះសហប្រតិបត្តិការនេះដែរ៕
ថ្មីៗ
អត្ថបទ : តន ចាន់រិទ្ធារ៉ា
No comments:
Post a Comment