អង្គការ​គាំទ្រ​ស្ត្រី​ថា ដូ​ណា​ល់ ត្រាំ ដាក់ទណ្ឌកម្ម​ប្រឆាំង​ស្ត្រី ដោយ​ប្រឆាំង​សិទ្ធិ​រំលូតកូន



ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដាក់ចេញ​បទបញ្ជា​ប្រតិបត្តិ​មួយ​នៅ​ថ្ងៃ​ចន្ទ​ដើម្បី​បញ្ចប់​រាល់​ជំនួយ​អាមេរិក​ដែល​ផ្តល់​ឲ្យ​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ផ្តល់​សេវា​រំលូតកូន ក៏ដូចជា​ប្រឹក្សា​យោបល់​រឿង​រំលូតកូន​ជាដើម​នៅលើ​ពិភពលោក​។ វា​ន័យ​ថា អង្គការ​នេះ​នឹង​បាត់បង់​ជំនួយ​ពី​រដ្ឋបាល​អាមេរិក បើ​អង្គការ​នេះ​ធ្វើ​សកម្មភាព​នានា​ពាក់ព័ន្ធ​ការ​រំលូតកូន​។អ្នកនាំពាក្យ​សេត​វិមាន បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ចន្ទ ថា លោក ដូ​ណា​ល់ ត្រាំ ចង់​ប្រាប់​គ្រប់គ្នា​ថា​លោក​ជា​ប្រធានាធិបតី​ដែល​គាំទ្រ​និង​ការពារជាតិ​ជីវិត​មនុស្ស​។ យ៉ាងណាក៏ដោយ​អង្គការ​គាំទ្រ​ស្ត្រី​ជាច្រើន​បាន​ទិតៀន​រដ្ឋបាល​ថ្មី​នេះ​ដោយ​អះអាងថា រដ្ឋបាល​ត្រាំ កំពុងតែ​ដាក់ទណ្ឌកម្ម​លើ​ស្ត្រី​ទូទាំង​ពិភពលោក​។



​លោក ដូ​ណា​ល់ ត្រាំ បានសម្រេច​ដាក់ចេញ​វិធានការ​នីតិប្រតិបត្តិ​បំពេញ​តាម​ពាក្យសន្យា​របស់ខ្លួន​ដោយ​ហាមឃាត់​ផ្តល់ជំនួយ​ដល់​បណ្តា​អង្គការក្រៅរដ្ឋាភិបាល​ទាំងឡាយណា​ដែលមាន​ការងារ​ទាក់ទង​ការ​«​រំលូតកូន​»​។ ក្នុងនោះ​មាន​ទាំង​ការផ្តល់សេវា​រំលូតកូន និង​ផ្តល់​ប្រឹក្សា​ដល់​ក្រុមគ្រួសារ​ដែលមាន​បំណង​រៀបចំ​ផែនការ​គ្រួសារ​។​

​អ្នកនាំពាក្យ​សេត​វិមាន​លោក Sean Spicer បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​ដំបូង មួយ​នៅ​ថ្ងៃ​ចន្ទ ទី ២៣​មករា ថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​បានសម្រេច​រួចរាល់​ហើយ​ចំពោះ​ការប្រឆាំង​ការ​រំ​លូន​កូន និង​វា​ការគោរព​អ្នក​បង់ពន្ធ​អាមេរិក​ដែរ​។​

​លោក​បានបញ្ជាក់​បែបនេះ​៖ « គ្មានអ្វី​ជា​រឿង​សម្ងាត់​ទេ ប្រធានាធិបតី ត្រាំ បញ្ជាក់​ច្បាស់​ថា​លោក​ជា​ប្រធានាធិបតី​ដែល​គាំទ្រ​ជីវិត​មនុស្ស​។ លោក​ចង់​ឈរ​ជាមួយ​ប្រជាជន​អាមេរិក​រួមទាំង​ទារក​ដែល​មិនទាន់​កើត​ផង ហើយ​ខ្ញុំ​គិតថា ការអនុវត្ត​គោលនយោបាយ​នេះ​ឡើងវិញ​មិនមែន​ត្រឹមតែ​រឿង​មួយ​ទេ​តែ​វា​ជាការ​ផ្តល់​តម្លៃ​និង​គោរព​អ្នក​បង់ពន្ធ​អាមេរិក​»​។

​វិធាន​ការដែល​ដាក់ចេញ​នេះ​ចូល​ជា​ធរមាន​ភ្លាម​ក្រោយ​ការចុះហត្ថលេខា​របស់​ប្រធានាធិបតី ហើយ​រាល់​អង្គការ​ទាំងឡាយណា​នៅលើ​ពិភពលោក​ដែល​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​ការ​រំលូតកូន​និង​លើកកម្ពស់​ការ​រំលូតកូន​មិនអាច​ទទួលបាន​ជំនួយ​ពី​ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ឡើយ (USAID)​។​

​ការអនុវត្ត​ឡើងវិញ នូវ​បទបញ្ញត្តិ «Global Gag Rule» ឬ គោលនយោបាយ​ម៉ិ​ក​ស៊ិ​ក (Mexico City Policy) ដែល​ប្រឆាំង​ការ​រំលូតកូន និង​ត្រូវបាន​បង្កើតឡើង ១៩៨៤ នោះ មិនមែនជា​រឿង​ថ្មី​ឡើយ​។ គោលនយោបាយ នេះ ត្រូវ​បានដាក់​អនុវត្ត​ដំបូង​ដោយ​រដ្ឋបាល​លោក Ronald Reagan នៅ​ឆ្នាំ ១៩៨៤ ។ គេ​មើលឃើញថា រាល់ពេល​ប្រធានាធិបតី​មកពី​បក្ស​សាធារណរដ្ឋ​ឡើងកាន់​អំណាច បទបញ្ញត្តិ​នេះ​ត្រូវដាក់​អនុវត្ត​។​ហើយ​វា​ត្រូវបាន​លុបចោល​វិញ​នៅពេលដែល​ប្រធានាធិបតី​មកពី​បក្ស​ប្រជាធិបតេយ្យ​ឡើងមក​ម្តងនោះ​។ ដូច​ឃើញស្រាប់ នៅពេលដែល​លោក ប៊ី​ល គ្លី​ន​តុ​ន ឡើងមក លោក​លុបចោល​វិធានការ​នេះ​វិញ​ទៅ​។ ក្រោយមក​នា​ឆ្នាំ ២០០១ នៅពេលដែល​លោក ច​ច ដា​ប៊ិ​ល​យូ​ប៊ូ​ស ឡើងកាន់​អំណាច លោក​ក៏​ប្រើប្រាស់​អំណាច​ជា​ប្រធានាធិបតី​អនុវត្ត​វិធានការ​ប្រឆាំង​ការ​រំលូតកូន​ឡើងវិញ​ទៀត​។​

​ឆ្នាំ ២០០៩ ក្នុង​ជំនាន់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា វិធានការ​នេះ​ត្រូវបាន​ទាត់ចោល​ដូចគ្នា​។ ប៉ុន្តែ ច្បាប់​អាមេរិក​នៅតែ​ហាមឃាត់​ការ​ផ្តល់ជំនួយ​ដោយផ្ទាល់​សម្រាប់​ការគាំទ្រ​សេវា​រំលូតកូន​។ រាល់​អង្គការក្រៅរដ្ឋាភិបាល​អាច​ទទួលបាន​ជំនួយ​អាមេរិក​បាន នៅពេល​គេ​អនុវត្ត​កម្មវិធី​មួយចំនួន​ពាក់ព័ន្ធ​ការពន្យារ​កំណើត និង​សេវា​សុខាភិបាល​សម្រាប់​ស្ត្រី​ក្រោយ​ការ​រំលូតកូន​ហើយ​ប៉ុណ្ណោះ​។​

១. ត្រាំ ចង់​តែងតាំង​ចៅក្រម​តុលាការ​កំពូល​លុបចោល សេចក្តី​ស​ម្រ​ច​តុលាការ​កំពូល Roe v. Wade

​តាមពិតទៅ​ក្នុងពេល​ឃោសនាបោះឆ្នោត លោក ដូ​ណា​ល់ ត្រាំ បាន​សន្យា​ជាមួយ​អ្នកគាំទ្រ​ខ្លួន​ថា រដ្ឋបាល​លោក​នឹង​ចាប់ផ្តើម​តែងតាំង​ចៅក្រម​តុលាការ​កំពូល​ថ្មី​ដែលមាន​លទ្ធភាព​លុបចោល​យុត្តិសាស្ត្រ Roe v. Wade​។

​សំណុំរឿង Roe v. Wade ពាក់ព័ន្ធ​ការ​រំលូតកូន ហើយ​វា​ត្រូវបាន​តុលាការ​សម្រេច​កាលពី​ឆ្នាំ ១៩៧៣​។ ការសម្រេច​នេះ​ជាការ​ទទួលស្គាល់​ការ​រំលូតកូន​ជា​សកម្មភាព​ស្របច្បាប់​ជា​លើកដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។ ស្ត្រី​អាចមាន​សិទ្ធិ​រំលូតកូន​បាន​ក្នុង​រយៈពេល​ដែល​ខ្លួន​ពពោះ​បាន​រយៈពេល ៣​ខែ​ដំបូង​។ សេចក្តីសម្រេច​របស់​តុលាការ​កំពូល​នេះ​ធ្វើឡើង​ក្រោម​សំឡេង ៧ ទល់នឹង ២ ហើយ​វា​និរាករណ៍​ច្បាប់​តិច​សាស (Texas Statute) ឆ្នាំ ១៨៥៧ ដែល​ចែងថា ការ​រំលូតកូន​ជាការ​ខុសច្បាប់ វា​លែង​តែ​ករណី​ដែល​ស្ត្រី​ជា​ម្តាយ​ស្ថិតក្នុង​គ្រោះថ្នាក់​ប៉ុណ្ណោះ​។ បើសិនជា ដូ​ណា​ល់ ត្រាំ អាច​លុបចោល Roe v. Wade ការ​រំលូតកូន​នៅ​រដ្ឋ​ចំនួន ៣៣ នឹង​ក្លាយជា​រឿង​ខុសច្បាប់​។​

២.​វិធានការ ដូ​ណា​ល់ ត្រាំ មិន​បន្ថយ​កា​រំលូតកូន តែ​បង្កើន​ចំនួន​ស្ត្រី​ស្លាប់បាត់​បង់ជីវិត

​ដូ​ណា​ល់ ត្រាំ អួតអាង​ថា ខ្លួន​ប្រឆាំង​ការ​រំលូតកូន​ព្រោះ​ខ្លួន​ជា​អ្នកនយោបាយ​គាំទ្រ​ជីវិត​មនុស្ស​។ ប៉ុន្តែ​យោងតាម​របាយការណ៍​ស្រាវជ្រាវ​សុខាភិបាល​និង​វិទ្យាសាស្ត្រ ការអនុវត្ត​បទបញ្ញត្តិ​នេះ​មិនមែន​ត្រឹមតែ​រឹតត្បិត​លុយ​ជំនួយ​សម្រាប់​អង្គការក្រៅរដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ តែ​វា​នឹង​បង្ក​ផល​អាក្រក់ និង​គ្រោះថ្នាក់​ដល់​ជីវិត ស្ត្រី​ទូទាំង​ពិភពលោក​ដែរ​។​

​អង្គការ សកម្មភាព​ប្រជាជន​អន្តរជាតិ (PAI) បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ភ្លាមៗ​ឆ្លើយតប​ការសម្រេច​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដោយ​គេ​ហៅ ការអនុវត្ត​ឡើងវិញ​នូវ​គោលនយោបាយ « Global Gag Rule» ជា​នយោបាយ​រដ្ឋបាល ដូ​ណា​ល់​ត្រាំ ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​ស្ត្រីភេទ​លើ​ពិភពលោក​។​

​នៅពេលដែល​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ផ្តាច់ជំនួយ​សម្រាប់​អង្គការក្រៅរដ្ឋាភិបាល​លើ​ពិភពលោក វា​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​ការថែទាំ​សុខភាព និង ជីវិត​រស់នៅ​របស់​ស្ត្រីភេទ​ដែល​កើត​ក្នុង​ក្រុមគ្រួសារ​ក្រីក្រ​ដូចជា​នៅ​អាហ្វ្រិក និង​អាស៊ី​ជាដើម​។ នេះ​ក៏ដោយ​សារ​ពួកគេ​ប្រឈម​ការខ្វះខាត​ធនធាន​ហិរញ្ញវត្ថុ​។​

​របាយការណ៍ អង្គការ សកម្មភាព​ប្រជាជន​អន្តរជាតិ​រកឃើញថា រាល់​ពេលដែល​មានការ​អនុវត្ត​បទបញ្ញត្តិ​នេះ​ឡើងវិញ​ម្តងៗ គេ​ឃើញ​មាន​បញ្ហា​ប្រឈម​ច្រើនសន្ធឹក​សន្ធាប់​កើតឡើង​។ ស្ត្រី​ជាច្រើន​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​ត្រូវ​ពពោះ​ទាំង​មិនបាន​ត្រៀមខ្លួន ហើយ​មាន​ខ្លះទៀត​ត្រូវស្លាប់​និង​ពិការ​ដោយសារ​ការ​រំលូតកូន​មិនបាន​ត្រឹមត្រូវ​។​

​ជារួម បើសិន​គ្មាន​ជំនួយ​បន្ថែម​ទេ ការមិន​ផ្តល់​សេវា​រំលូតកូន​និង​ប្រឹក្សា​ពី​ការ​រំលូតកូន​ទេ ក្នុង​អាណត្តិ​ទី​១​របស់លោក ត្រាំ ស្ត្រី ៦,៥​លាន​នាក់​ទូទាំង​ពិភពលោក​ប្រឈម​ការ​មាន​ផ្ទៃពោះ​ដោយ​មិនបាន​ព្រាងទុក​។ ការ​រំលូតកូន​មាន​ប្រហែល ២,២ លាន​ករណី ខណៈដែល​ការ​រំលូតកូន​មិនមាន​សុវត្ថិភាព​កើនឡើង​ដល់​២,១ លាន​ករណី​។ ចំណែក​ស្ត្រី​ស្លាប់​របស់​ស្ត្រី​មាន​ផ្ទៃពោះ​កើន​ដល់ ២១៧០០​នាក់​ឯណោះ​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

No comments: