បក្ស​ប្រឆាំង​នឹង​មិន​ចូល​ប្រជុំ​សភា​ដើម្បី​អនុម័ត​លុប​ចោល​ប្រធាន​ក្រុម​ភាគ​តិច-​ភាគ​ច្រើន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (ឆ្វេង) ចាប់​ដៃ​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មុន​អ្នក​នាំ​ពាក្យ​បក្ស​ទាំង​២ ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​លទ្ធផល​នៃ​ជំនួប​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​វិមាន​រដ្ឋ​សភា។

គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ បាន​ផ្ញើ​សេចក្ដី​ស្នើ​វិសោធនកម្ម​ប្រការ ៤៨​ថ្មី (៣) នៃ​បទបញ្ជា​ផ្ទៃក្នុង​សភា​ក្នុង​ឲ្យ​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​វិញ​ហើយ ដើម្បី​បញ្ជូន​ឲ្យ​អង្គ​សភា​អនុម័ត​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា លុប​ចោល​តួនាទី​លោក កឹម សុខា ជា​ប្រធាន​ក្រុម​ភាគតិច និង​លោក ស ខេង ប្រធាន​ក្រុម​ភាគ​ច្រើន​នៃ​រដ្ឋ​សភា។

អ្នក​វិភាគ​លើក​ឡើង​ថា ការ​អនុម័ត​លុបចោល​ប្រធាន​ក្រុម​ភាគ​តិច ភាគ​ច្រើន​វិញ​នេះ គ្មាន​ចំណេញ​អ្វី​ដល់​គណបក្ស​កាន់​អំណាច​ទេ ហើយ​ក៏​មិន​មែន​ជា​រឿង​ចាំបាច់​អ្វី​ដែរ។

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ប្រកាស​ថា នឹង​មិន​ចូលរួម​ប្រជុំ​សភា​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​ដើម្បី​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ប្រការ ៤៨​ថ្មី (៣) នៃ​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា នោះ​ទេ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ថា មូលហេតុ​ដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ចូល​រួម​ប្រជុំ​សភា​ដើម្បី​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ប្រការ ៤៨​ថ្មី (៣) នេះ ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​គាំទ្រ​លើ​ការ​លុបចោល​ប្រធាន​ក្រុម​ភាគ​តិច ភាគ​ច្រើន​នេះ​ទេ ព្រោះ​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​រួច​ទៅ​ហើយ​ក្នុង​ការ​បង្កើត​ប្រធាន​ក្រុម​ភាគ​តិច និង​ប្រធាន​ក្រុម​ភាគ​ច្រើន ដើម្បី​ជា​យន្តការ​មួយ​សម្រាប់​ឲ្យ​ក្រុម​សំឡេង​ភាគ​តិច ភាគ​ច្រើន​ជួប​ជជែក​គ្នា​អំពី​បញ្ហា​សំខាន់ៗ​របស់​ប្រទេស​ជាតិ៖ «រឿង​ច្បាប់​ទម្លាប់ កាល​ណា​យើង​ឯកភាព​គ្នា​ធ្វើ​ការ​ជាមួយ​គ្នា ហើយ​មាន​បញ្ហា​អី​ពេល​អនុវត្ត​គឺ​គេ​ត្រូវ​ជជែក​គ្នា ប៉ុន្តែ​រឿង​ហ្នឹង​គ្មាន​អី​ជជែក​ទេ គណបក្ស​ម្ខាង​ទៀត​ធ្វើ​អ្វី​ដែល​គេ​ចង់​បាន»។

អគ្គលេខាធិការ​រដ្ឋ​សភា លោក ឡេង ប៉េងឡុង មាន​ប្រសាសន៍​ថា គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ បាន​ផ្ញើ​សេចក្ដី​ស្នើ​វិសោធនកម្ម​ប្រការ ៤៨​ថ្មី (៣) នៃ​បទបញ្ជា​ផ្ទៃ​សភា​មក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​វិញ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ដោយ​យល់​ព្រម​ដាក់​ឲ្យ​សភា​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​នេះ​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា បាន​ប្រជុំ​សម្រេច​ធ្វើ​វិសោធនកម្ម​ប្រការ ៤៨​ថ្មី (៣) នៃ​បទបញ្ជា​ផ្ទៃក្នុង​សភា ហើយ​ផ្ញើ​ទៅ​ឲ្យ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នេះ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា។ ការ​សម្រេច​ធ្វើ​វិសោធនកម្ម​នេះ ធ្វើ​ឡើង​តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​ប្រទេស​ស្វីស ដោយ​លោក​លើក​ឡើង​ថា ក្រុម​ភាគ​តិច ភាគ​ច្រើន​នេះ ពិបាក​ក្នុង​ការ​ធ្វើ​ការ ហើយ​ប៉ុនប៉ង​ចរចា​ដោះលែង​អ្នក​ទោស​ដែល​បំពាន​អំណាច​តុលាការ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ថា មូលហេតុ​ចម្បង​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ធ្វើ​វិសោធនកម្ម​លុប​ចោល​ក្រុម​​ភាគ​តិច ភាគ​ច្រើន​នៃ​រដ្ឋសភា​នេះ ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ តែង​តែ​ដាក់​លក្ខខណ្ឌ​ក្នុង​ការ​ចរចា និង​សម្ពាធ៖ «គណបក្ស​កាន់​អំណាច​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​អនុម័ត​បទបញ្ជា​ផ្ទៃក្នុង​ដើម្បី​ដំណើរ​ការ​ដោយ​រលូន​កុំ​ឲ្យ​គណបក្ស​កាន់​អំណាច​ដែល​ឈ្នះ​ឆ្នោត​មាន​សិទ្ធិ​ដឹក​នាំ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ហ្នឹង ស្ថិត​នៅ​ក្រោម​គំនាប​របស់​គណបក្ស​ប្រឆាំង»។

​ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់​ថា អ្នក​ណា​ដាក់​សម្ពាធ​អ្នក​ណា​នោះ គឺ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ច្បាស់​អំពី​បញ្ហា​នេះ។ លោក​បញ្ជាក់​ថា ការ​បង្កើត​ក្រុម​ភាគ​តិច ភាគ​ច្រើន​នៃ​រដ្ឋសភា ក្នុង​គោលបំណង​តែមួយ​គឺ​អភិវឌ្ឍ​ប្រទេស​ជាតិ​ដែល​គណបក្ស​ទាំង​ពីរ​ព្រមព្រៀង​ធ្វើ​ការ​ដោះស្រាយ​រួម​គ្នា៖ «អត់​មាន​រំលោភ​ដូច​គេ​អះអាង​ទេ យើង​ដឹង​ហើយ​តាំង​ពី​ការ​បង្កើត​ប្រធាន​ក្រុម​ភាគ​តិច ភាគ​ច្រើន​រយៈពេល​ជិត ២​ឆ្នាំ​មក​ហ្នឹង បាន​ជួប​គ្នា​មិន​លើស​ពី ៧​ដង​ផង​ហ្នឹង ហើយ​ការ​ជួប​គ្នា​ម្ដងៗ​ហ្នឹង​យើង​និយាយ​ពី​កិច្ចការ​ពាក់ព័ន្ធ​នីតិប្បញ្ញត្តិ ការងារ​តំណាងរាស្ត្រ ក្នុង​នោះ​ជជែក​ពី​ការ​ដោះស្រាយ​ធ្វើ​វិសោធនកម្ម​ច្បាប់​តំណាងរាស្ត្រ​ជួប ២​ដង ជួប​គ្នា ២​ដង​ទៀត​ជជែក​អំពី​ចំណុច​ដែល​នៅ​សេសសល់​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ជួប​ចំនួន​ពីរ​ដង ជួប​គ្នា ១​ដង និយាយ​ពី​ការ​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា និង​ជួប​គ្នា ២​ដង​ទៀត​ជជែក​ពី​កិច្ចការ​ផ្សេងៗ មិន​ដែល​ជួប​គ្នា​ជជែក​ពី​រឿង​តុលាការ​ទេ»។

​តួនាទី​ប្រធាន​ក្រុម​មតិ​ភាគ​តិច និង​ប្រធាន​ក្រុម​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​កិច្ច​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ​រវាង​គណបក្ស​កាន់​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ដែល​មាន​ដៃគូ​សន្ទនា​នៅ​ពេល​នោះ គឺ​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី។ ប៉ុន្តែ​មក​ដល់​ចុង​ឆ្នាំ​២០១៦ សភា​បាន​បោះឆ្នោត​អនុម័ត​ប្ដូរ​តួនាទី​នេះ​មក​ឲ្យ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើ​ជា​ដៃគូ​សន្ទនា​ជាមួយ​លោក ហ៊ុន សែន ឬ​លោក ស ខេង វិញ ដោយសារ​លោក សម រង្ស៊ី ត្រូវ​បាន​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​ចូល​ស្រុក។

នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៦ នោះ លោក ហ៊ុន សែន បាន​ប្រកាស​ថា ជា​ការ​ល្អ​ហើយ​ដែល​លោក កឹម សុខា ទទួល​យក​តួនាទី​ជា​ប្រធាន​ក្រុម​ភាគ​តិច​ជំនួស​លោក សម រង្ស៊ី ដើម្បី​ធ្វើ​ការងារ​ជាមួយ​លោក៖ «ប្រសិន​មិន​អាច​ទទួល​យក​ការ​តែងតាំង​នេះ​បាន គឺ​មាន​តែ​វិធី​បក​ត្រឡប់​ទៅ​ធ្វើ​វិសោធនកម្ម​ប្រការ ៤៨ ដោយ​ដក​ចេញ​ទាំង​អស់​នូវ​តួនាទី​ទាំង​ឡាយ ហើយ​បក​ទៅ​ប្រការ ៤៨​ថ្មី​វិញ តែ​ប៉ុណ្ណឹង​ទេ។ តែ​ជា​ប្រការ​ល្អ​ដែរ ដែល​ឥឡូវ​នេះ​ឯកឧត្ដម កឹម សុខា បាន​បញ្ជាក់​ឯកឧត្ដម​ជា​ដៃគូ​សម្ដេច​ក្រឡា​ហោម ស ខេង ក្នុង​ឋានៈ​ជា​ដៃគូ​តំណាងរាស្ត្រ ហើយ​ជា​ដៃគូ​របស់​ខ្ញុំ​ក្នុង​ឋានៈ​ពិគ្រោះ​ពិភាក្សា​លើ​បញ្ហា​ប្រទេស​ជាតិ ដែល​ត្រូវ​ទំនាក់​ទំនង​ជាមួយ​នាយករដ្ឋមន្ត្រី»។

ក៏​ប៉ុន្តែ ការ​គ្រោង​អនុម័ត​លុប​ចោល​តួនាទី​ក្រុម​ភាគ​តិច​ភាគ​ច្រើន​នៃ​រដ្ឋសភា​របស់​លោក ហ៊ុន សែន នេះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា លោក ហ៊ុន សែន មិន​អាច​បញ្ជា​ឲ្យ​លោក កឹម សុខា ធ្វើ​តាម​លោក​បាន ពិសេស​គឺ​ការ​បំបែកបំបាក់​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា ដូច​ដែល​លោក​សម រង្ស៊ី ធ្លាប់​បាន​ទម្លាយ​ពី​ផែនការ​របស់​លោក ហ៊ុន សែន កន្លង​មក។

លោក សុខ ឥសាន បន្ថែម​ថា ការ​លុប​ចោល​តួនាទី​ប្រធាន​ក្រុម​ភាគ​តិច​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋ​សភា​នេះ មិន​ប៉ះពាល់​ដល់​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ​នោះ​ទេ។ លោក​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រវត្តិ​បង្កើត​វប្បធម៌​សន្ទនា​នេះ​តាំង​ពី​ឆ្នាំ​១៩៨៧ មក។

ទោះ​បី​ជា​មា​ការ​អះអាង​បែប​នេះ​ក្ដី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា អ្នក​នយោបាយ​ត្រូវ​រួម​គ្នា​បង្ហាញ​ពី​ការ​ឯកភាព​ជាតិ​ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត ការ​ផ្លាស់ប្ដូរ​ម្ដង​ធ្វើ​ចេះ ម្ដង​ធ្វើ​ចុះ​នេះ រដ្ឋាភិបាល​នឹង​រង​ផល​ប៉ះពាល់​អំពី​ការ​ប្រែប្រួល​នេះ៖ «បើសិនជា​គិត​ថា​មិន​ប៉ះពាល់​លុប​ធ្វើ​អី? ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​មើល​ឃើញ​ថា វា​មិន​ទៀង​ទាត់ ហើយ​ពលរដ្ឋ​មើល​ឃើញ​ថា តួនាទី​តំណាង​ភាគ​តិច​ហ្នឹង​ភ្ជាប់​ទៅ​នឹង​វប្បធម៌​សន្ទនា ហើយ​បើ​លុប​ទៅ​ហ្នឹង ម៉េច​បាន​ជា​មើល​ឃើញ​ថា មាន​វប្បធម៌​សន្ទនា ដូច​រាល់​ថ្ងៃ​ហ្នឹង​ការ​ធ្វើ​អ្វីៗ​ឋិត​នៅ​លើ​គណបក្ស​តែមួយ​ហ្នឹង»។

ភាព​ចុះ​សម្រុង​គ្នា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​ក្នុង​នីតិកាល​ទី​៥​នេះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា ម្ដង​ក្ដៅ​ម្ដង​ត្រជាក់ គឺ​គណបក្ស​ទាំង​ពីរ​មិន​បាន​រក្សា​ស្ថិរភាព​នយោបាយ​បាន​រយៈពេល​យូរ​អង្វែង​ទេ ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បា​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៥ ក្នុង​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ដើម្បី​លើក​កម្ពស់​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ឲ្យ​កាន់​តែ​ប្រសើរ​ឡើង គឺ​គណបក្ស​ទាំង​ពីរ​បាន​ប្ដេជ្ញា​អនុវត្ត​វប្បធម៌​សន្ទនា​ឲ្យ​មាន​ប្រសិទ្ធភាព​ដោយ​ត្រូវ​ស្មោះត្រង់​ជាមួយ​គ្នា​យក​វប្បធម៌​សន្ទនា​ធ្វើជា​មូលដ្ឋាន​ក្នុង​ការ​ពិភាក្សា​ដោះស្រាយ​ដោយ​សន្តិវិធី​នូវ​រាល់​បញ្ហា​ជាតិ និង​សង្គម​ដែល​ភាគី​ទាំង​ពីរ​អាច​មាន​ទស្សនៈ​មិន​ទាន់​ស្រប​គ្នា។

លុប​បំបាត់​ចោល​នូវ​ផ្នត់​គំនិត​នៃ​ការ​គុំកួន សងសឹក​គ្នា បាន​សេចក្ដី​ថា ត្រូវ​បញ្ចប់​នូវ​នយោបាយ​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ទឹក​ហោច​ស្រមោច​ស៊ី​ត្រី និង​បញ្ហា​មួយ​ចំនួន​ទៀត៕

RFA
ដោយ ទីន ហ្សាការីយ៉ា

No comments: