![]() |
| សភាយុវជនត្រាប់របស់ក្រុមយុវជន នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦។ RFA/Hum Chamroeun |
សង្គមស៊ីវិលធ្វើការងារពាក់ព័ន្ធនឹងយុវជន លើកឡើងថា ពុំមានគណបក្សណាមួយដែលបានបង្កើតឲ្យមានកូតា ឬកំណត់ចំនួនយុវជនច្បាស់លាស់នៅក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ និងបោះឆ្នោតជាតិឡើយ។ សង្គមស៊ីវិលលើកឡើងថា ការមិនកំណត់កូតាយុវជនបែបនេះ គឺធ្វើឲ្យយុវជនគ្មានឱកាសធ្វើការសម្រេចចិត្ត ហើយជួបប្រទះបញ្ហានានារបស់យុវជនមិនអាចដោះស្រាយចេញ។
ជាមួយគ្នានោះ ក៏មានគណបក្សនយោបាយខ្លះយល់ថា ប្រសិនបើយុវជនត្រូវបានផ្ដល់ឱកាសឲ្យក្លាយជាមន្ត្រីថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិឲ្យបានច្រើនជាងបច្ចុប្បន្ន នៅពេលនោះនយោបាយចាស់គំរិលដែលធ្វើឲ្យខូចប្រយោជន៍ជាតិ នឹងលែងមាននៅកម្ពុជា។
យុវជន និងសង្គមស៊ីវិល គាំទ្រឲ្យមានការបង្កើតកូតា ឬកំណត់ចំនួនយុវជននៅក្នុងលំដាប់លេខរៀងជាប់ឆ្នោតនៅក្នុងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឲ្យបានច្រើនជាងបច្ចុប្បន្ន ព្រោះយុវជនគឺទទួលបានការអប់រំ និងមានការយល់ដឹងប្រសើរនៅក្នុងសង្គម។ យុវជនគឺមានការយល់ដឹងខ្ពស់អំពីស្ថានភាពសេដ្ឋកិច្ចសង្គម និងនយោបាយនាពេលបច្ចុប្បន្ន។
ពួកគេបន្ថែមថា ប្រសិនចំនួនយុវជនបានបញ្ចូលក្នុងការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឲ្យបានច្រើន នៅពេលនោះការរំលោភសិទ្ធិយុវជន ឬការចំណាកស្រុករបស់យុវជន នឹងអាចកាត់បន្ថយយ៉ាងមានប្រសិទ្ធភាព។
ទោះបីជាយ៉ាងនេះក្ដី អនុប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ (YCUD) លោក ជាង សុខា បានលើកឡើងថា ចំនួនយុវជននៅមានតិចតួចបំផុតដែលមានឱកាសឈរឈ្មោះជាក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយសារគណបក្សនយោបាយមិនទាន់បង្កើតឲ្យមានគោលនយោបាយយុវជនដាច់ដោយឡែក។ លោកលើកជាឧទាហរណ៍ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅអាណត្តិកន្លងទៅ គឺមានយុវជនចំនួន ៣០% ធ្លាប់បានទៅឈរឈ្មោះ ប៉ុន្តែមានយុវជនប្រហែល ៧% ប៉ុណ្ណោះ ទទួលបានឱកាសឈរឈ្មោះជោគជ័យ៖ «»។
លោក ជាង សុខា បន្តថា កាលណាយុវជនចំនួនតិចតួចអាចឈរឈ្មោះជាក្រុមប្រឹក្សាឃុំ-សង្កាត់បែបនេះ គឺបញ្ហាប្រឈមធំៗរបស់យុវជន ដូចជាការខ្វះការងារធ្វើ ហើយយុវជនបន្តនាំគ្នាចំណាកស្រុកកាន់តែច្រើន ដែលជាមូលហេតុនាំឲ្យមានការបំពេញការងារខុសជំនាញ បញ្ហាសុខភាព និងការរំលោភសិទ្ធិយុវជន នឹងមិនអាចដោះស្រាយបានឡើយពីសង្គមកម្ពុជា។ លើសពីនេះ លោកបញ្ជាក់ថា ការបន្តវេននយោបាយពីអ្នកនយោបាយជំនាន់ចាស់ រឹតតែពិបាកសម្រាប់យុវជន ដោយសារពួកគាត់ពុំទទួលបានបទពិសោធន៍ រីឯយុវជនដែលមានសមត្ថភាពទទួលបានការអប់រំខ្ពស់ពីបរទេសវិញ ពិបាករកច្រកចូលប្រឡូកក្នុងឆាកនយោបាយ ដោយសារតែបញ្ហាសែស្រឡាយ និងបក្សពួកនិយម៖ «»។
ការព្រួយបារម្ភពីមន្ត្រីសង្គមស៊ីវិល ធ្វើឡើងនៅក្នុងកិច្ចសន្ទនាយុវជនជាមួយយុវជនតំណាងគណបក្សនយោបាយចំនួន៤ មានដូចជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សសង្គ្រោះជាតិ នៅសណ្ឋាគារសាន់វ៉េ (SUNWAY) រាជធានីភ្នំពេញ ថ្ងៃទី២៣ មករា។ កិច្ចសន្ទនានេះ មានបំណងពិភាក្សាជាមួយគណបក្សនយោបាយពីលទ្ធភាពបង្កើតគោលនយោបាយយុវជនសម្រាប់គណបក្ស និងការលើកទឹកចិត្តគណបក្សនយោបាយឲ្យបង្កើតចំនួនយុវជនជាបេក្ខជននៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧។
តំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន បញ្ជាក់ថា ថ្វីត្បិតតែគណបក្សមិនបានកំណត់កូតាឈរឈ្មោះជាក្រុមប្រឹក្សាឃុំ-សង្កាត់ជាសមាជិកយុវជន ប៉ុន្តែរចនាសម្ព័ន្ធគ្រប់គ្រងបក្ស គឺមានយុវជនអាចធ្វើការក្នុងតួនាទីមួយចំនួន ដើម្បីបើកឱកាសឲ្យពួកគេសិក្សារៀនសូត្រ និងក្លាយជាអ្នកដឹកនាំនៅពេលក្រោយ៖ «»។
តំណាងគណបក្សរូបនេះបញ្ជាក់ថា ការកំណត់កូតាជាយុវជន គឺជារឿងសំខាន់ ព្រោះលោកយល់ថា នៅពេលយុវជនដែលមានភាពវ័យឆ្លាត និងទទួលបានការអប់រំយល់ដឹងច្រើន នៅពេលក្លាយជាអ្នកនយោបាយមូលដ្ឋាន និងថ្នាក់ជាតិច្រើនជាងមុន ពួកគាត់នឹងលែងធ្វើនយោបាយលក្ខណៈបែបចាស់គំរិល ដូចជាការជេរប្រមាថ ញុះញង់ គំរាមកំហែង បំបែកបំបាក់ វាយប្រហារលក្ខណៈបុគ្គល ជាដើម ដែលជាល្បែងនយោបាយគំរូអាក្រក់ និងកំពុងត្រូវបានអ្នកនយោបាយបច្ចុប្បន្នប្រើប្រាស់៖ «»។
ជាមួយគ្នានោះ អ្នកតំណាងគណបក្សហ៊្វុនស៊ិនប៉ិច ក៏ប្ដេជ្ញាថា នឹងជំរុញឲ្យមានកូតាជាយុវជនជាមន្ត្រីរបស់ខ្លួននៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ឲ្យបាន ៣៥% នាពេលខាងមុខ រីឯគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ អះអាងថា កត្តាដែលធ្វើឲ្យគណបក្សខ្លួនអាចឈររឹងមាំបានរយៈពេល ១០ឆ្នាំមកនេះ គឺដោយសារតែកម្លាំងគាំទ្រ និងឧបត្ថម្ភពីយុវជន។
នៅក្នុងកិច្ចសន្ទនាយុវជនជាមួយគណបក្សនយោបាយ សម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ ក៏បានបង្ហាញរបាយការណ៍ស្រាវជ្រាវរបស់ខ្លួននៅឆ្នាំ២០១៦ ស្ដីពីការយល់ឃើញរបស់យុវជនទៅលើបេក្ខជនឈរឈ្មោះជាយុវជនសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានឲ្យដឹងថា ក្នុងចំណោមយុវជនដែលសម្ភាស ១.៤៨៤នាក់នៅទូទាំងប្រទេស គឺមានអ្នកចូលរួមស្ទើរតែទាំងអស់ (៩៥%) បាននិយាយថា ពួកគេមានបំណងដើម្បីបោះឆ្នោតនៅក្នុងការបោះឆ្នោតបន្ទាប់ ដោយរួមទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជាតិទូទៅ។
យុវជន ៦៤% ក៏បានយល់ស្របដែរថា គណបក្សនយោបាយចាប់អារម្មណ៍សំឡេងឆ្នោតរបស់យុវជនជាង ហើយយុវជន ៤២% បានអះអាងថា គណបក្សនយោបាយមិនបានជំរុញឲ្យមានការដឹកនាំរបស់យុវជនឡើយ។ មូលហេតុនាំឲ្យមានការសម្ភាសជាមួយយុវជនបែបនេះ បន្ទាប់ពីរបាយការណ៍របស់អង្គការខុមហ្វ្រែល (COMFREL) ឆ្នាំ២០១២ បង្ហាញថា យុវជនដែលជាប់ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មានចំនួន ៦១៥ (២៩៣ជាស្ត្រី) ក្នុងចំណោម ១.៤៥៩ឃុំ-សង្កាត់ទូទាំងប្រទេស។
សម្រាប់តួលេខដែលជាកូតាយុវជនឈរឈ្មោះបេក្ខជនក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០១៧ នេះ គណបក្សទាំងបួនមិនទាន់មានតួលេខបង្ហាញនៅឡើយទេ។
ក្រៅពីរបាយការណ៍នេះ សង្គមស៊ីវិលក៏បានរកឃើញថា យុវជនជាច្រើនត្រូវបានគណបក្សនយោបាយប្រើប្រាស់ក្នុងរដូវកាលឃោសនាបោះឆ្នោត ដើម្បីទាញយកសំឡេងគាំទ្រ ហើយបន្ទាប់ពីបោះឆ្នោតហើយ យុវជនត្រូវបានគេផាត់ចេញវិញ។
និស្សិតនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា អ៊ឹម មួយអេង គាំទ្រឲ្យមានការកំណត់កូតាយុវជនជាសមាជិកក្រុមប្រឹក្សារបស់គណបក្សនយោបាយនីមួយៗ ព្រោះកញ្ញាយល់ថា ការធ្វើបែបនេះជាការផ្ដល់ផលប្រយោជន៍ដល់យុវជន ឲ្យទទួលបានឱកាសចូលរួមអភិវឌ្ឍសង្គម និងនយោបាយ។ កញ្ញាបញ្ជាក់ថា បច្ចុប្បន្ននៅមានយុវជនជាច្រើនទៀត សូម្បីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ជាអ្វី ក៏ពួកគាត់មិនទាន់ទទួលបានគ្រប់ជ្រុងជ្រោយ និងយល់ដឹងច្បាស់នៅឡើយទេ៖ «»។
ពាក់ព័ន្ធនឹងបញ្ហាកំណត់កូតាជាយុវជននេះ យុវជនតំណាងគណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត លើកឡើងថា រយៈពេលកន្លងមក បក្សប្រឆាំង គឺពិបាកចូលទៅរកយុវជន ដោយសារតែមានការរារាំងមួយចំនួនពីគណបក្សកាន់អំណាច។ លើសពីនេះ យុវជនខ្លះបានសុំមកធ្វើជាអ្នកគាំទ្រប៉ុណ្ណោះ និងមិនចង់ឈរឈ្មោះជាក្រុមប្រឹក្សាឃុំ-សង្កាត់ឡើយ៖ «»។
សង្គមស៊ីវិល និងគណបក្សនយោបាយលើកឡើងថា ដើម្បីឲ្យមានគោលនយោបាយកំណត់កូតាយុវជននៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ គឺតម្រូវឲ្យយុវជនអភិវឌ្ឍចំណេះដឹងខ្លួនឯងបន្ថែមទៀត ហើយការកសាងធនធានមនុស្សវិញ គឺយុវជនជនបទ និងទីក្រុង អាចទទួលបានឱកាសស្មើគ្នាយ៉ាងហោចណាស់ពួកគេអាចរៀនចប់ត្រឹមថ្នាក់ទី៩ ដែរ។ លើសពីនេះ ប្រសិនបើយុវជនរៀនពូកែ រដ្ឋត្រូវធានាផ្ដល់អាហារូបករណ៍ទៅសិក្សាបន្តនៅក្រៅប្រទេស ដើម្បីឲ្យពួកគេក្រេបយកចំណេះដឹង និងត្រឡប់មកអភិវឌ្ឍប្រទេសជាតិវិញ៕
RFA
ដោយ រាជ វិញ្ញូ

No comments:
Post a Comment