ជំ​រុញឱ្យ​ក្រុមហ៊ុន Uber អាមេរិក ចុះបញ្ជី មុននឹង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​



ភ្នំពេញ: តំណាង​ក្រុមហ៊ុន Uber របស់​សហរដ្ឋអាមេរិក ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែលមាន​ឯកទេស ខាង​បណ្តាញ​ដឹកជញ្ជូន​អន​ឡាញ បាន​ឲ្យ​ដឹងថា ពួកគេ​មានការ​ចាប់អារម្មណ៍​ខ្លាំង ជាមួយ​ទីផ្សារ​ថ្មី​របស់​ប្រទេស​កម្ពុជា ប៉ុន្តែ​ត្រូវការ​សិក្សា​ស្វែងយល់​អំពី​ស្ថានភាព​សេដ្ឋកិច្ច កត្តា​ជីវភាព​ប្រជាជន និង​បញ្ហា​ប្រឈម​ជាមុនសិន​។​

ការលើកឡើង​ដូច្នេះ បានធ្វើ​ឡើង​ក្នុង​ឱកាសលោក ចាន់ ប៉ាក (Chan Park) និង​លោក ប្រាយ​អាន់ ច្រូត​ដឺ (Brian Shroder) តំណាង​ក្រុមហ៊ុន Uber របស់​សហរដ្ឋអាមេរិក ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចូលជួប​ពិភាក្សា​ជាមួយ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​របស់​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ស្វែងយល់​ពី​ឱកាស​វិនិយោគ នៅក្នុង​ប្រទេស​កម្ពុជា​។​

​ជាការ​ឆ្លើយតប លោក ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​ការស្វាគមន៍ ចំពោះ​ក្រុមហ៊ុន Uber និង​បាន​ចែករំលែក​ជាមួយ​ពួកគេ អំពី​កំណើន​នៃ​ការប្រើប្រាស់​ទូរស័ព្ទដៃរ​បស់​ប្រជាពលរដ្ឋ និង​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​សម្រេចបាន ៧%​រៀងរាល់ឆ្នាំ ក្នុង​មួយ​ទសវត្សរ៍​ចុងក្រោយ ព្រមទាំង​បាន​លើកយក​សារសំខាន់​នៃ​ច្បាប់ E-Commerce របស់​កម្ពុជា (​ពេល​ចូល​ជា​ធរមាន​) និង​គុណប្រយោជន៍​នៃ​ប្រព័ន្ធ E-Payment ដែលមាន​ភាពងាយស្រួល​ដល់​អាជីវកម្ម​របស់​ក្រុមហ៊ុន Uber​។​

​លើសពីនេះ លោក ប៉ាន សូរ​ស័ក្តិ បាន​ណែនាំ​ដល់​ពួកគេ ធ្វើការ​ចុះបញ្ជី​ក្រុមហ៊ុន​ជាមួយ​ក្រសួងពាណិជ្ជកម្ម និង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ និង​សាលា​រាជធានី​ភ្នំពេញ​ជាដើម​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន Uber បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី ដើម្បី​អនុញ្ញាត​ឲ្យ​អតិថិជន ដែល​ប្រើប្រាស់ Smartphones អាច​បញ្ជូន​ព័ត៌មាន​នៃ​ការធ្វើដំណើរ ទៅកាន់​ភ្នាក់ងារ​បើកបរ Uber ដែល​ស្ថិតនៅ​ជិត​ពួកគេ ដើម្បី​ដឹកយក​ពួកគេ​ទៅកាន់​គោលដៅ​។ នាពេល​បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ទីក្រុង​ចំនួន ៥៤៥ នៃ​ប្រទេស​ចំនួន ៦៦ ជុំវិញ​ពិភពលោក​៕

CEN
ដោយ: ដាវុធ

No comments: