![]() |
| រូបថតៈ ក្របសៀវភៅ “សហរដ្ឋអាមេរិក ជាស្រុកឆ្កួត” |
កណ្តាល: សៀវភៅដែលមានចំណងជើងថា “សហរដ្ឋអាមេរិក ជាស្រុកឆ្កួត” ដែលមានកម្រាស់ចំនួន២០០ទំព័រ ចែកចេញជា៤ជំពូក គ្រោងនឹងចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងអំពីស្ថានភាពពិតនៅសហរដ្ឋអាមេរិក។ សៀវភៅនេះ បាននិយាយពីភាពអវិជ្ជមានមួយចំនួននៅក្នុងសហរដ្ឋអាមេរិក ដូចជា សន្តិសុខ ការរស់នៅ ប្រព័ន្ធបោះឆ្នោត រួមទាំងបញ្ហានានាមួយចំនួនទៀត។
សៀវភៅនេះចងក្រងដោយលោក ចៅ មុនីខេមរា ជា Cambodia Territory Director នៃមហាវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក ទទួលបន្ទុកប្រឹក្សាផ្នែកច្បាប់ និងរៀបចំឯកសារសម្រាប់ធានានិស្សិតកម្ពុជាទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក និងជាអ្នកសិក្សាពីមតិសង្គមអាមេរិកប្រចាំក្រុមស្រាវជ្រាវអាមេរិក។
លោក ចៅ មុនីខេមរា បានថ្លែងប្រាប់គេហទំព័រ CEN ពីសហរដ្ឋអាមេរិកកាលពីថ្ងៃទី១២ ខែមករា ថា គោលបំណងនៃការបោះពុម្ពសៀវភៅដែលមានចំណងជើងថា “សហរដ្ឋអាមេរិក ជាស្រុកឆ្កួត” គឺដើម្បីផ្សព្វផ្សាយពីបទពិសោធន៍រស់នៅជាក់ស្តែង ការស្រាវជ្រាវ បទសំភាសន៍ពីជីវភាព ស្ថានភាពជាក់ស្តែង និហងរឿងរ៉ាវប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងផ្សព្វផ្សាយអ្វីដែលសារព័ត៍មានមិនមានផ្សាយ។
លោកបានបន្តថា សៀវភៅ“សហរដ្ឋអាមេរិក ជាស្រុកឆ្កួត” គឺមានចំនួន២០០ទំព័រ ចែកចេញជា៤ជំពូក។ ដោយលោកបានលើកឡើងថា ...ចំណុចសំខាន់នៅជំពូកទី២ ការបោះឆ្នោតនៅសហរដ្ឋអាមេរិក នាពេលកន្លងមកនេះ មិនតម្លាភាព និងបន្លំសន្លឹកឆ្នោត តាមប្រអប់សំបុត្រ និងការបោះឆ្នោតបន្លំតាមរយៈលើកទី២ (ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦) ហើយសារព័ត៍មានមួយចំនួនផ្សព្វផ្សាយអត់អព្យាក្រឹត្យ។
លោកមុនីខេមរា បានបន្តថា ជំពូកទី៣ បាននិយាយអំពីសហរដ្ឋអាមេរិកមិនមែនជាឋានសួគ៌ ជាការពិតណាស់រដ្ឋាភិបាលអាមេរិក មិនបានចាត់ទុកថា សហរដ្ឋអាមេរិកជាឋានសួគ៌ទេ ក៏ប៉ុន្តែមានជាតិសាសន៍មួយចំនួនតែងតែចាត់ទុកថាសហរដ្ឋអាមេរិក គឺជាឋានសួគ៌។ ប៉ុន្តែពួកគេទាំងទនោះមិនបានមើលអំពីករណីអត់ការងារធ្វើ អ្នកសុំទាន និងមនុស្សជាច្រើនអត់មានលំនៅដ្ឋាន។
នៅក្នុងជំពូកទី៣ ដដែល ក៏បានលើកឡើងអំពីសន្តិសុខតឹងរឹង តែខ្វះសុវត្ថិភាពនៅក្នុងសហរដ្ឋអាមេរិក បើមើលពីសំបកខាងក្រៅឃើញថា ពលរដ្ឋសហរដ្ឋអាមេរិកគឺទទួលបានសុវត្ថិភាព សន្តិសុខល្អខ្លាំងណាស់ ប៉ុន្តែធាតុពិតពលរដ្ឋអាមេរិក គឺអត់មានសុវត្ថិភាពទាល់តែសោះ នៅតំបន់សាធារណៈ និងតំបន់ទីប្រជុំជន ពីព្រោះថា ប្រជាពលរដ្ឋងាមេរិកសព្វថ្ងៃ គាត់មានសិទ្ធិប្រើប្រាស់កាំភ្លើងនិងដើរបាញ់បោះសេរី។
លោកបានបញ្ជាក់ថា បើប្រៀបធៀបអំពីការបាញ់បោះសេរីនៅសហរដ្ឋអាមេរិក គឺមានមនុស្សចំនួន ៣ ៣០០០នាក់ ស្លាប់ ដោយសារការបាញ់បោះដោយសារកាំភ្លើង។
នៅក្នុងសៀវភៅ “សហរដ្ឋអាមេរិក ជាស្រុកឆ្កួត” ក៏បាននិយាយអំពីរឿងរ៉ាវមួយចំនួនទៀតផងដែរ អំពីការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ និងការធ្វើការងារ រួមទាំងបញ្ហាមួយចំនួនកើតមានឡើងនៅក្នុងសង្គមសហរដ្ឋអាមេរិកផងដែរ។
ទាក់ទងសៀវភៅនេះ នៅមិនទាន់មានប្រតិកម្មពីស្ថានទូតសហរដ្ឋអាមេរិកនៅឡើយទេ៕
CEN
ដោយ: ឧត្តម

No comments:
Post a Comment