អ្នកធ្វើ​ច្រាំង​ស្ទឹង​ព្រែក​ត្នោត មិនទាន់​យកលុយ​ផង បាក់ស្រុត​ចូល​ស្ទឹង​បាត់ យកលុយ​ជាង​២០​ម៉ឺន​ដុល្លារ យកមក​បោះចោលក្នុង​ស្ទឹង​ព្រែក​ត្នោត​



កណ្តាល: ជា​លើក​ទី​២​ហើយ ដែល​ច្រាំង​ស្ទឹង​ព្រែក​ត្នោត​រង​ការបាក់​ស្រុត​ចូលក្នុង​ស្ទឹង បន្ទាប់ពី​ធ្វើ​មិនបាន​មួយឆ្នាំ​ផង​។ ការស្ថាបនា​ជញ្ជាំង​បេតុង​នៅ​ច្រាំង​ស្ទឹង​ព្រែក​ត្នោត​ដំណាក់កាល​ចុងក្រោយ ចាប់ពី​គល់ស្ពាន​តាខ្មៅ​ថ្មី រហូតដល់​មាត់ទន្លេ​បាសាក់​នោះ គឺ​អស់​លុយ​ជាង​២០​ម៉ឺន​ដុល្លារ ហើយ​មកដល់ពេលនេះ​ច្រាំង​ស្ទឹង​បាន​បាក់ស្រុត ហើយ​លុយ​ថ្លៃ​ស្ថាបនា​នោះ​ទៀតសោត ក៏​មិន​ប្រគល់​ទទួល​ជូន​ក្រុមហ៊ុន​ផងដែរ គឺ​បានន័យថា កូន​កើតមក​មិនទាន់​ចេះ​ដើរ ស្រាប់តែ​ឈឺ​ស្លាប់​ទៅហើយ​។​

ការស្ថាបនា​ច្រាំង​បេតុង​នោះបាន​ធ្លាក់ចូល​ទឹកស្ទឹង​ព្រែក​ត្នោត ដោយសារតែ​ការស្ថាបនា​ច្រាំង​ដងស្ទឹង​ព្រែក​ត្នោត ស្ថិតនៅ​ទីក្រុង​តាខ្មៅ ខេត្តកណ្ដាល គ្មាន​បទដ្ឋាន​បច្ចេកទេស ធ្វើ​ឲ្យ​ច្រាំង​បេតុង​ទើប​ស្ថាបនា​រួច ធ្លាក់​ទៅតាម​ទឹក​ពេល​ទឹក​ស្រក​។​

​មន្ត្រីខេត្ត​ខេត្តកណ្តាល​ម្នាក់​បាន​និយាយថា អ្នក​ស្ថាបនា​ច្រាំង​ស្ទឹង​នេះ អនុវត្ត​ដោយ​ប្រធាន​សុរិយោដី​ខេត្តកណ្ដាល​។ គាត់​ជា​អ្នកម៉ៅការ ស្ថាបនា​ធ្វើ​ទាំងអស់​ដោយ​អស់ ទឹកប្រាក់​ជាង​២៥​ម៉ឺន​ដុល្លារ​។ ឮថា មិនទាន់​បើក​លុយ​ផង ស្រាប់តែ​បាក់​ច្រាំង​តាម​ដងស្ទឹង​ព្រែក​ត្នោត​នេះ ទាំង​ផ្ទាំងៗ តែ​រយៈពេល​ប៉ុ​ន្ម​នា​ន​ថ្ងៃនេះ គេ​ឃើញ​អ្នកម៉ៅការ ចុះទៅ​ធ្វើការ​ជួសជុល​ស្ថាបនា​ឡើងវិញ ផ្នែក​ខាងលើ​។​

​ចាំមើលៗ តើ​ការចុះទៅ​ស្ថាបនា​ថ្មី​ឡើងវិញ​នេះ វា​មានគុណ​ភាព​ឬ​យ៉ាងណា​? ឬ​ឆាប់​ខូច​ដូចដើម​ទៀត​?​។ មានការ​រិះ​ពី​មហាជន​ថា នេះ​មកពី​អ្នកម៉ៅការ​ស្ថាបនា​ស៊ី​កិបកេង នៅក្នុង​គម្រោង​ច្រើនពេក គួបផ្សំ​ធ្វើ​ខ្វះ​គុណភាព ពោលគឺ​ចាក់​ស្ដើង​ស៊ី​ក្រាស់​។​

​លោក​ហេង ធៀ​ម អភិបាលក្រុង​តាខ្មៅ បាន​និយាយប្រាប់​ភ្នំពេញ​រី​ផត​ធើ​ថា "​ចំពោះ​គម្រោង​នៃ​ការស្ថាបនា​ច្រាំង​បេតុង ដងស្ទឹង​ព្រែក​ត្នោត​នេះ មិនទាន់​បានធ្វើ​ពិធី​ប្រគល់​ទទួល​ផង ស្រាប់តែ​បាក់​ចូល​ទឹក​ទាំង​ផ្ទាំង តែម្ដង គួរ​ឲ្យ​ខ្មាស​គេ​ណាស់​"​។​

​គួរបញ្ជាក់​ផងដែរ​ថា ជញ្ជាំង​បេតុង​ស្ទឹង​ព្រែក​ត្នោត​នេះ បាន​ស្ថាបនា​ដើម្បី​ឲ្យ​មាន​សោភ័ណ​ភាពល្អ​ស្រស់ស្អាត សម្រាប់​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ម​កល​ម្អែ​កម្សាន្ត​សប្បាយ ប៉ុន្តែ​គួរ​សោកស្តាយ​ច្រាំង​ស្ទឹង​បាន​បាក់ស្រុត​ទៅហើយ បើទោះបី​ជាមាន​ការជួស​ជុល​ឡើងវិញ​ក៏ដោយ ក៏​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​រលាយ​អស់ហើយ ហើយ​មិន​ហ៊ាន​ដើរ​ពីលើ​ដែរ ព្រោះ​ខ្លាច​បាក់ស្រុត​យក​ពួកគាត់​ចូលទៅក្នុង​ស្ទឹង​តែម្តង​។ ការស្ថាបនា​ច្រាំង​ស្ទឹង​នេះ កាលពី​បី​ឆ្នាំមុន​ក៏បាន​បាក់ស្រុត​ម្តង​រួចមកហើយ ហើយក៏​មានការ​ស្ថាបនា​ឲ្យ​ល្អ​ឡើងវិញ​ផងដែរ​។ នេះ​ជាការ​ខ្ជះខ្ជាយ​ខាត​ថវិកាជាតិ ក្នុងការ​ស្ថាបនា​អ្វីមួយ ធ្វើ​ហើយ​ខូច​ហើយ​ត្រូវធ្វើ​ឡើងវិញ នៅតែ​កន្លែង​ដដែល ដែល​គ្មាន​បទដ្ឋាន​បច្ចេកទេស​ច្បាស់លាស់​នោះ​។

​លោក បាន​បន្តទៀតថា មូលហេតុ​បណ្ដាល​ឲ្យ បាក់​ច្រាំង​ដងស្ទឹង​ព្រែក​ត្នោត​នេះ អាច​បណ្ដាល​ទឹកជំនន់​វា​ហូរ​ច្រោះ​៕​

CEN
ដោយ: ដាវុធ

No comments: