
ព្រំដែនកម្ពុជា-ថៃ: សមត្ថកិច្ចភាគីថៃទំនងជាអោយចម្លើយ២ បន្ទាប់ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញលិខិតផ្លូវការមួយ ស្តីពីការបញ្ឈប់ យកកម្រៃលក់ លិខិតអនុញ្ញាតិ បណ្តោះអាសន្ន ចេញ ចូលផ្សាររុងក្លឿប្រទេសថៃពីពលរដ្ឋ (ខ្មែរ) ទូទៅ កាលពីថ្ងៃទី១២ មករា ឆ្នាំ២០១៧។
នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតតែម្តងនាព្រឹកថ្ងៃទី១៣មករា នគរបាលអន្តោប្រវេសន៍ ញាប់ដៃញាប់ជើង ផ្តល់លិខិតនោះជូនពលរដ្ឋដូចសព្វ១ដងហើយមិនបានយកលុយដូចការណែនាំឡើយ។
ប៉ុន្តែភាគីថៃមិនទាន់យល់ព្រមទេនូវការសម្រេចជាឯកតោភាគីនេះ។ ថៃមិនអនុញ្ញាតិអោយពលរដ្ឋកម្ពុជា ចូលបើគ្មានលិខិត ជាហេតុនាំអោយស្ទះចរាចរណ៍ នៅច្រកទ្វារព្រំដែន។
លុះបន្ទាប់មកទើបអោយចូលបណ្តោះអាសន្នតែភាគីកម្ពុជាត្រូវជួបប្រជុំពិភាក្សាការងារបន្ទាន់នឹងភាគីថៃ នៅម៉ោង៩ព្រឹក តទៅ ត្បិតការយកកម្រៃ១០បាតពីប័ណ្ណអនុញ្ញាតិបណ្តោះអាសន្នចូលផ្សាររុងក្លឿនេះ កន្លងមកភាគីកម្ពុជាជាអ្នកលក់សំបុត្រមែន តែត្រូវបែងចែកអោយភាគីថៃពាក់កណ្តាល។ គឺ១ភាគី៥បាត។
លោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត លោកឧត្តមសេនីយ៍ត្រីស៊ឹម សំអាត នាយប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធបានចុះទៅសម្របសម្រួលបន្ទាន់ដែរនឹងពលរដ្ឋ ដែលកកស្ទះ នៅច្រកទ្វារផង និងជាមួយភាគីថៃផង។
លោកនាយប៉ុស្តិ៍និយាយថា ការអនុវត្តលិខិតនេះ គឺត្រូវធ្វើភ្លាមៗតាមការណែនាំប៉ុន្តែនៅច្រកទ្វារព្រំដែន មានភាគីថៃមួយទៀតដែលគេមិនទាន់ចូលរួម ឬ ឯកភាពក្នុងការអនុវត្តលិខិតនេះ បានភ្លាមៗទេ ព្រោះជា អធិបតេយ្យភាព គេដែរ។ ម្យ៉ាងការលក់លិខិតនេះធ្វើនៅភាគីកម្ពុជា តែតាំងពីដើមមកត្រូវចែកអោយភាគីថៃផង ទើបគេអនុញ្ញាតិអោយពលរដ្ឋយើងចូល។
បើអត់លិខិត "ប័ណ្ណឆ្លងដែនបណ្តោះអាសន្ន(សម្រាប់ប្រជាជនកម្ពុជា)"នេះទេភាគីថៃក៏អត់អោយចូលដែរ។ ថៃតាំងពីរដ្ឋាភិបាលយោធាធ្វើរដ្ឋហ្រហារទម្លាក់នាយករដ្ឋមន្ត្រីថាក់ស៊ីនស៊ីណាវ៉ាតត្រា មក ថែមទាំងតម្រូវអោយ ពលរដ្ឋខ្មែរ មានប័ណ្ណ ឬ លិខិតផ្សេងៗទៀតក្នុងលក្ខ័ខ័ណ្ឌសន្តិសុខពេលឆ្លងដែនទៅព្រឹកវិលល្ងាច។
សូមបញ្ជាក់ថា ក្នុង១ថ្ងៃៗគ្រាន់តែសន្លឹកលិខិត (សំបុត្រឆ្លងដែន) នេះក៏ចំណាយប្រមាណ១ម៉ឺនបាត ប្រាក់ថៃ (ជាង១លានរៀលប្រាក់ខ្មែរ)។ ហើយបើថៃមិនយល់ព្រម លើកម្រៃលិខិត(១០បាតចែកគ្នា១ភាគី៥បាត)នោះ ភាគីកម្ពុជាត្រូវរកថវិកាទៅទូទាត់អោយភាគីថៃដែរ។
យោងមន្ត្រីនិងពលរដ្ឋអោយដឹងថា:ក្នុង១ថ្ងៃៗនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក នេះ ពលរដ្ឋកម្ពុជា រួមមាន អាជីវករ ពលករ កម្មករ ចេញ-ចូលទៅផ្សាររោងក្លឿរបស់ថៃយ៉ាងតិច ២ម៉ឺនជើង ឬ ត្រូវចេញលិខិត ២ម៉ឺនសន្លឹក គុណនឹង១០បាត ស្មើ២សែនបាត។ អីចឹង បើភាគីថៃមិនយល់ព្រម ភាគីកម្ពុជាត្រូវចេញកម្រៃពាក់កណ្តាល ជាចំណែកភាគីថៃ ដែលខ្លួនធ្លាប់ទទួលផលយ៉ាងតិច១សែនបាតដែរអោយគេដែរ។
ឯលោកអភិបាលក្រុងវិញនិយាយថា សំខាន់គឺសមត្ថកិច្ចច្រកទ្វារនេះត្រូវអនុវត្តអោយបានដាច់ខាតអនុសាសន៍លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាននិងលិខិតរបស់រដ្ឋបាលខេត្ត។បើមិនអនុវត្ត គឺទទួលខុសត្រូវខ្លួនឯង។
សូមរំលឹកថា លិខិតសេចក្តីជូនដំណឺងលេខ០១១/១៧សជណរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យចុះថ្ងៃទី១២មករាឆ្នាំ២០១៧ ចុះហត្ថលេខាដោយលោកសួន បវរ អភិបាលខេត្តស្តីពីការបញ្ឈប់យកកម្រៃលក់លិខិតអនុញ្ញាតិបណ្តោះអាសន្នចេញ ចូលផ្សាររុងក្លឿប្រទេសថៃពីពលរដ្ឋ(ខ្មែរ)ទូទៅ ដែលសារព៍ត័មានក៏ទទួលបានដែរអោយដឹងថា យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យថ្ងៃទី១១មករាឆ្នាំ២០១៧ សម្រេចមិនអោយលក់លិខិតអនុញ្ញាតិបណ្តោះអាសន្នចេញ ចូលផ្សាររុងក្លឿប្រទេសថៃចំនួន១.០០០រៀល(១០បាត)ចំពោះពលរដ្ឋទូទៅដែលឆ្លងកាត់ចេញ ចូលផ្សាររុងក្លឿ។
លិខិតបញ្ជាក់ថា លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារ លោកឧត្តសេមីយ៍ត្រីនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ប៉ុន្តែការផ្តល់សេវាផ្សេងៗ រដ្ឋបាលខេត្តស្នើលោកប្រធាន លោកនាយប៉ុស្តិ៍បម្តយកចិត្តទុកដាក់បម្រើប្រកបដោយតម្លាភាព សមធម៌និងទាន់ពេល(ដដែល)។
ការប្រកាសមិនយកកម្រៃលិខិតអនុញ្ញាតិបណ្តោះអាសន្នចូលផ្សាររុងក្លឿឬគេហៅថាផ្សារថៃនេះ បង្កើតព្រឹត្តិការណ៍ប្រវត្តិសេវាសង្គម សេដ្ឋកិច្ចសាស្ត្រ និងនយោបាយថ្មីនេះនាំអោយពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ពិសេសក្រុងប៉ោយប៉ែតដែលចេញ ចូលផ្សារថៃសាទរ អរគុណនិងថាមិនភ្លេចគុណឡើយដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយ:លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាននិងរដ្ឋបាលខេត្តបន្ទាយមានជ័យ។
ប៉ុន្តែអ្នកតាមដានសង្គមនិងមន្ត្រីសិទ្ធិមនុស្សយល់ថា ករណីនេះបើភាគីថៃយល់ព្រមទើបអនុវត្តបានពិតប្រាកដ តែវាប៉ះពាល់យ៉ាងខ្លាំងដល់មនុស្សមួយចំនួននៃភាគីទាំង២ដែលធ្លាប់តែទទួលផលប្រយោជន៍ពីកម្រៃនេះ។
ពួកគេបន្តថា: រឿងនេះ អេះដូចមិនទាន់ចំរមាស់មែនទែនទេ ត្វិតកន្លងមកពលរដ្ឋកម្ពុជាដែលតែងតវ៉ានៅច្រកទ្វារព្រំដែនប៉ោយប៉ែតពុំដែលតវ៉ានឹងរឿងកម្រៃនេះទេ។ពួកតវ៉ានឹងរឿងផ្សេងៗទៀត។
នៅថ្ងៃត្រង់ទី១៣មករានេះ ប្រភពព័ត៌មានពីការប្រជុំចចារនៅច្រកព្រំដែនខ្លងលឹករបស់ថៃបង្ហើបបឋមថា: រឿងនេះភាគីថៃផ្តល់តម្រុតចម្លើយ២:ទី១-ការមិនយកកម្រៃលិខិតអនុញ្ញាតិចេញ ចូលផ្សាររុងក្លឿ ភាគីកម្ពុជាមិនយកកម្រៃពីពលរដ្ឋខ្លួនល្អហើយ តែត្រូវរកចំណែកពាក់កណ្តាលដែលធ្លាប់បង់អោយភាគីថៃ។
ទី២-ថៃនឹងលែងអោយប្រើលិខិតនេះក៏បាន តែសុំអោយភាគីកម្ពុជាចេញបែបបទជូនពលរដ្ឋខ្លួនដូចពលរដ្ឋថៃដែរគឺចេញ ចូលឆ្លងដែនត្រូវប្រើលិខិតឆ្លងដែន(PassPort)មានសុពលភាព១០ឆ្នាំឬប្រើប័ណ្ណព្រំដែន(BorderPass)មានសុពលភាព២ឆ្នាំ ចូលបានជម្រៅ២ខេត្ត។តែប្រើបែបបទនេះ ដូចប័ណ្ណព្រំដែនពេលចូលម្តង(១ជើង)ត្រូវបង់អោយភាគីថៃ២៥-៧០បាត។ចេញមកវិញបង់ដូច្នេះម្តងទៀត។ ហើយសេវាត្រួតពិនិត្យចេញចូលមិនរហ័ស ដូចប្រើប័ណ្ណ ឆ្លងដែន (សន្តិសុខ) និងលិខិតអនុញ្ញាតិចេញ ចូលផ្សាររុងក្លឿដូចធ្លាប់ប្រើពីឆ្នាំ១៩៩២ដល់បច្ចប្បន្នឡើយ។
ទោះយ៉ាងស្មារតីរបត់ថ្មីនេះ ភាគីកម្ពុជាបន្តចចារឡបប៊ីនឹងភាគីថៃកុំអោយយកលុយកម្រែដូចភាគីកម្ពុជាដែរ។ពោលគឺមិនបាច់យកចំនួនពាក់កណ្តាលនៃចំណែកខ្លួនធ្លាប់បានឡើយ៕
CEN
ដោយ: បន្ទាយ
No comments:
Post a Comment