BMW បន្ត​គម្រោង​សាងសង់​រោងចក្រ​នៅ​ម៉ិ​ក​ស៊ិ​ក ផ្គើន​ការព្រមាន​របស់ ដូ​ណា​ល់ ត្រាំ



ក្រុមហ៊ុន​ឡាន​ដ៏​ធំ BMW បានប្រកាស​ពី​ប្ដេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​បន្ត​គម្រោង​សាងសង់​រោងចក្រ​ផលិត​ឡាន​លើទឹក​ដី​ម៉ិ​ក​ស៊ិ​ក ផ្គើន​ការព្រមាន​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ដែល​គំរាម​ដាក់ពិន័យ​ក្រុមហ៊ុន​ណា មិន​ព្រម​រើ​រោងចក្រ​មក​សាងសង់​ក្នុង​ទឹកដី​អាមេរិក​វិញ​នោះ​។ ដោយសារ​គំរាម​នេះ ក្រុមហ៊ុន​ធំៗ​ជាច្រើន បានសម្រេច​ចិត្ត​លុបចោល​គម្រោង​សាងសង់​រោងចក្រ​នៅឯ​បរទេស ជាពិសេស​នៅលើ​ទឹកដី​ម៉ិ​ក​ស៊ិ​ក​តែម្ដង​។​


​នាយក​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន​ឡាន BMW លោក Ian Robertson បាន​ប្រាប់​សារព័ត៌មាន​អង់គ្លេស BBC ថា ក្រុមហ៊ុន​លោក មានការ​ប្ដេជ្ញា​ចិត្តខ្លាំង​ក្នុងការ​សាងសង់​រោងចក្រ​ដំឡើង​ឡាន​នៅ San Luis Potosi របស់​ម៉ិ​ក​ស៊ិ​ក ដែល​ទទួលខុសត្រូវ​ក្នុងការ​ផលិត​ឡាន​ចំនួន​៣​ស៊េរី​សម្រាប់​លក់​នៅក្នុង​ទីផ្សារ​អាមេរិក​ខាងជើង​។ ការប្រកាស​នេះ គឺ​ផ្ទុយ​ពី​ការណែនាំ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ដែល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទាំងអស់ ងាក​មក​ប្រកប​របរ​រកស៊ី​លើ​ទឹកដី​អាមេរិក​វិញ​។

​ក្នុង​គោលដៅ​បង្កើន​ការងារ​សម្រាប់​ប្រជាជន​អាមេរិក​ឡើងវិញ លោក ត្រាំ បានទាមទារ​ឲ្យ​ក្រុមហ៊ុន​ទាំងឡាយ ដែលមាន​រោងចក្រ​នៅ​បរទេស ត្រូវ​សាងសង់​រោងចក្រ​នៅ​អាមេរិក​វិញ បើ​មិន​ចង់​រង​ការដាក់​ពន្ធ​នាំចូល​ដ៏​ខ្ពស់​ទេនោះ​។ ខណៈដែល​ក្រុមហ៊ុន BMW បន្ត​គម្រោង​សាងសង់​រោងចក្រ​នៅ​ម៉ិ​ក​ស៊ិ​ក​នោះ ក្រុមហ៊ុន​ជាច្រើន​ចាប់ផ្ដើម​ដកខ្លួន ឬ​លុបចោល​គម្រោង​សាងសង់​រោងចក្រ​របស់​ខ្លួន​ជា​បន្តបន្ទាប់​។​

​កាលពី​សប្ដាហ៍​មុន ក្រុមហ៊ុន​ឡាន FORD បានសម្រេច​ចិត្ត​លុបចោល​គម្រោង​រោងចក្រ​តម្លៃ​១,៦​ពាន់​លាន​ដុល្លារ​ពី​ម៉ិ​ក​ស៊ិ​ក និង​សាងសង់​នៅ​រដ្ឋ Michigan ជំនួស​វិញ​។ ដោយឡែក​ក្រុមហ៊ុន​ឡាន Fiat Chrysler Automobiles ក៏​ប្រកាស​ពី​គម្រោង​រោងចក្រ​នៅ​រដ្ឋ Michigan ដើម្បី​ផលិត​ឡាន​ប្រភេទ SUV និង​ប្រភេទ​ឡានធំ ដែល​សព្វថ្ងៃនេះ កំពុង​ត្រូវបាន​ផលិត​នៅឯ​ម៉ិ​ក​ស៊ិ​ក​។ នៅ​សប្ដាហ៍​មុន​ដដែល ក្រុមហ៊ុន General Motors ក៏​រង​ការព្រមាន​ពី​សំណាក់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែរ​។​

​យ៉ាងណាមិញ លោក Ian Robertson ក៏បាន​អះអាង​ដែរ​ថា ក្រុមហ៊ុន​របស់លោក កំពុង​វិនិយោគ​លើ​ការសាងសង់​រោងចក្រ​នៅ​រដ្ឋ South Carolina ផងដែរ​។ លោក​ក៏បាន​សង្កត់ធ្ងន់ថា បើ​គេ​គិតពី​តម្លៃ​នាំចេញ​វិញ BMW គឺជា​អ្នក​នាំចេញ​ឡានធំ​ជាងគេ​របស់​អាមេរិក​។ លោក​បន្តថា​៖ «​យើង​កំពុង​កសាង​រោងចក្រ​នៅ​ម៉ិ​ក​ស៊ិ​ក ហើយ​យើង​បាន​សាងសង់​រោងចក្រ​នៅ​ប្រេ​ស៊ី​ល​កាលពី​ឆ្នាំមុន​រួចហើយ​ដែរ​។ យើង​សាងសង់​រោងចក្រ​នៅ​គ្រប់កន្លែង​លើ​ពិភពលោក ដើម្បី​បំពេញ​កំណើន​តម្រូវ​របស់​យើង​»​។​

​ការទាមទារ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ងាក​មករក​ស៊ីក្នុង​ស្រុក ជា​គោលនយោបាយ​មួយ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ តាំងពី​អំឡុង​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​មកម្ល៉េះ​។ លោក​អះអាងថា ការដែល​ក្រុមហ៊ុន​អាមេរិក​រកស៊ី ឬ​មាន​រោងចក្រ​នៅ​បរទេស ជាការ​លួច​ការងារ​ជនជាតិ​អាមេរិក យកទៅ​ឲ្យ​ជនបរទេស ដូចនេះ​ក្រុមហ៊ុន​ទាំងនោះ ត្រូវ​ត្រឡប់​ចូល​ស្រុក​វិញ បើ​មិន​ចង់​រង​ការដំឡើង​ពន្ធ​នាំចូល​ទេនោះ​៕

ថ្មី​ៗ
អត្ថបទ : តន ចាន់​រិ​ទ្ធា​រ៉ា

No comments: