
ការចរចាសន្តិភាពស៊ីរីនៅក្រុង Astana ដែលផ្តល់ឱកាសសម្រាប់ការស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមស៊ីរីដែលមានអាយុកាល ៦ឆ្នាំមកនេះនឹងត្រូវរៀបចំឡើងនៅថ្ងៃ ២៣មករា។ គេសង្ឃឹមថាវេទិកាចរចាផ្តួចផ្តើមដោយត្រីភាគីមានរុស្ស៊ី អ៊ីរ៉ង់ និងតួកគី នឹងមានលទ្ធភាពច្រើនក្នុងការជំរុញឲ្យមានការបង្កើតដំណោះស្រាយនយោបាយនិងឈានទៅបង្កើតអន្តរកាលនយោបាយនៅស៊ីរី។ ប្រធានាធិបតី បាសា អាល់អាសាដ មានក្តីសង្ឃឹមច្រើន ជុំវិញការចរចានៅក្រុង Astana ដែរ ក្រោយពេលដែលទាហានលោកកាន់កាប់ទីក្រុង Aleppo បានទាំងស្រុង។ ហើយការប្រែប្រួលក្នុងបរិបទនយោបាយអាមេរិកក៏ប្រហែលជានឹងមានឥទ្ធិពលច្រើនលើជោគជ័យនៃការចរចានេះដែរ។
ក្រុមប្រឹក្សាអង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយមួយដែលគាំទ្របទឈប់បាញ់ផ្តួចផ្តើមបង្កើតឡើងដោយរុស្ស៊ីនិងតួកគីកាលពីចុងខែធ្នូឆ្នាំ ២០១៦ ហើយដំណោះស្រាយនេះបានជំរុញឲ្យមានការបន្តការចរចាសន្តិភាពផង។ ការអនុម័តដំណោះស្រាយនេះកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយទាហានរដ្ឋាភិបាលស៊ីរីក្រោមការជួយជ្រោមជ្រែងរបស់អ៊ីរ៉ង់និងរុស្ស៊ី ដណ្តើមបានតំបន់ភាគខាងកើតទីក្រុង Aleppo និងអាចកាន់កាប់សមរភូមិប្រយុទ្ធប្រទាញប្រទង់បំផុតនេះបានទាំងស្រុងលើកដំបូងបំផុតចាប់ពីសង្គ្រាមផ្ទុះឡើងឆ្នាំ ២០១១។
កិច្ចចរចាថ្មីដែលត្រូវបានផ្តួចផ្តើមនិងគាំទ្រដោយមហាអំណាចរុស្ស៊ី និងមហាអំណាចតំបន់អ៊ីរ៉ង់និងតួកគីនឹងត្រូវរៀបចំឡើងនៅក្នុងរដ្ឋធានី Astana នៃរដ្ឋអាស៊ីកណ្តាលកាហ្សាក់ស្ថាននៅថ្ងៃ ២៣ មករាខាងមុខ។ មូលហេតុនៃការជ្រើសរើសយកទីក្រុង Astana ដោយមិនយកក្រុងហ្សឺណែវដូចមុន មិនត្រូវបានគេបញ្ជាក់ឲ្យច្បាស់លាស់ឡើយប៉ុន្តែគេអាចសន្និដ្ឋានបានថាវាធ្វើឡើងតាមការពេញចិត្តរបស់ក្រុងមូស្គូ។ ហើយការផ្តួចផ្តើមកិច្ចចរចាលើកនេះមិនមានលោកខាងលិចចូលរួមដូចមុននោះឡើយ។
ចូលដល់បញ្ហាសាច់ការវិញ។ ការបើកដំណើរការចរចារកដំណោះស្រាយនយោបាយថ្មីនេះក្លាយជាក្តីសង្ឃឹមមួយទៀតសម្រាប់បណ្តាប្រជាជនស៊ីរី។ ប៉ុន្តែអ្នកដែលលួចញញឹមខ្លាំងជាងគេគឺរដ្ឋាភិបាលលោក បាសា អាល់អាសាដ ខណៈដែលក្រុមឧទ្ទាមដែលប្រឹងច្បាំងដើម្បីទម្លាក់របបដឹកនាំអស់រាប់ឆ្នាំមកនោះបានត្រឹមក្តៅក្រហាយ។
១.បាត់បង់ Aleppo ក្រុមឧទ្ទាមចាញ់ប្រៀបរដ្ឋាភិបាលអាសាដក្នុងតុចរចា
ការរៀបចំកិច្ចចរចារកសន្តិភាពនេះត្រូវរៀបចំប្រហែលមួយខែប៉ុណ្ណោះក្រោយពេលដែលទាហានស៊ីរីដណ្តើមកាន់កាន់ក្រុង Aleppo បានទាំងស្រុងពីក្រុមឧទ្ទាម។ ការបាត់បងទឹកដីដែលខ្លួនកាន់កាប់រាប់ឆ្នាំនេះជាបរាជ័យយ៉ាងធ្ងន់ធ្ងររបស់ក្រុមឧទ្ទាម ហើយវាក៏បង្ហាញឲ្យឃើញពីលទ្ធភាពតតាំងរបស់ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលដែរ។
ចង់មិនចង់ ក្រុមឧទ្ទាមត្រូវបង្ខំចិត្តចូលតុចរចា ហើយអ្វីដែលសំខាន់ជាងនោះពួកគេមិនមានទឹកមាត់ប្រៃដូចមុនឡើយ។ អ្នកមានប្រៀបក្នុងការចរចានៅពេលនេះគឺរដ្ឋបាភិបាលលោក អាសាដ ។
យ៉ាងណាក៏ដោយ ការកំណត់កាលបរិច្ឆេទនៃការចរចាហាក់ដូចជានៅស្រពេចស្រពិលនៅឡើយ ហើយភាគីប្រឆាំងនឹងចូលរួមឬអត់ក៏មិនទាន់មានការបញ្ជាក់ឲ្យដឹងច្បាស់ដែរ។
ខាងភាគីរដ្ឋាភិបាលបានប្រកាសឲ្យដឹងហើយថាគេត្រៀមលក្ខណៈដើម្បីចូលតុចរចា ហើយចរចាលើរឿងអ្វីក៏បានដែរ។ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបារាំងលើកដំបូងនៅថ្ងៃចន្ទ ទី ៩មករា ក្រោយដណ្តើមបានក្រុង Aleppo លោក បាសា អាល់អាសាដ បានសង្កត់ធ្ងន់ថា លោកត្រៀមខ្លួនរួចហើយដើម្បីចរចា ប៉ុន្តែលោកក៏ត្រៀមខ្លួនដណ្តើមយករាល់ទឹកដីស៊ីរីទាំងអស់ត្រឡប់មកវិញដែរ។
មិនត្រឹមតែប៉ុណ្ណោះលោកបានពន្យល់ថា បើសិនជាការចរចានឹងលើកពីតំណែងរបស់លោក លោកនឹងទាមទារឲ្យគេចាប់ផ្តើមជជែកពីការបង្កើតរដ្ឋធម្មនុញ្ញថ្មីព្រោះរដ្ឋធម្មនុញ្ញមានកំណត់ពីតំណែងលោក។ រដ្ឋធម្មនុញ្ញថ្មីនឹងត្រូវដាក់ឲ្យប្រជាមតិជាមួយសិនដើម្បីសួរយោបល់ប្រជាពលរដ្ឋ មុនអនុម័ត ហើយដំណោះស្រាយនយោបាយនឹងត្រវបានឡើងជាបន្តបន្ទាប់ដែរ។
ទោះជាក្នុងកាលៈទេសៈណាក៏ដោយ អាសាដ នៅតែមានប្រៀប ហើយការឈានទៅឯកភាពគ្នាលើដំណោះស្រាយនយោបាយបានកម្រិតណានោះនៅតែជារឿងមិនច្បាស់លាស់។
២.ក្រុមឧទ្ទាមអស់ផ្លូវដើរ ដោយសារ ដូណាល់ ត្រាំ
រឿងចាញ់ប្រៀបក្រោយបាត់បង់ Aleppo ជារឿងមួយ តែរឿងស្លាប់រស់របស់ក្រុមឧទ្ទាមគឺអស់ជំនួយ។ វត្តមានដូណាល់ ត្រាំនៅសេតវិមានជាសុបិន្តអាក្រក់បំផុតរបស់ក្រុមឧទ្ទាមដែលធ្លាប់រស់មានដង្ហើមដកដោយសារលុយនិងអាវុធផ្តល់ឲ្យដោយរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា។
កាលជំនាន់ អូបាម៉ា អាមេរិកអស់លុយប៉ុន្មានក៏បានឲ្យតែអាចទម្លាក់ អាសាដ ចេញពីតំណែងបាន ដូចណាតូទម្លាក់ កាដាហ្វីឆ្នាំ ២០១១។ ប៉ុន្តែរឿងវាមិនស្រួលដូចការស្មានឡើយ ព្រោះការប្រយុទ្ធអស់ប្រាំឆ្នាំនេះ មិនមានអ្នកឈ្នះសោះ។ ការប្រយុទ្ធបង្ហូរឈាមគ្នាឯងវាងប្រជាជនស៊ីរីចេះតែបន្តគ្មានអ្នកចាញ់គ្មានអ្នកឈ្នះ ព្រោះមហាអំណាចមិនចូលអន្តរាគមន៍ដោយផ្ទាល់ តែលួចបន្តក់ជំនួយអាវុធនិងហិរញ្ញវត្ថុ។
ត្រឡប់មកដល់ រដ្ឋបាលលោក ដូណាល់ ត្រាំ វិញ ក្រុមឧទ្ទាមលែងស្ថិតក្នុងបញ្ជីក្រុមដែលត្រូវទទួលជំនួយរបស់អាមេរិកទៀតហើយ។ លោក ដូណាល់ ត្រាំ បានប្រកាសហើយថា អាមេរិកមិនអាចជួយផ្តល់ជំនួយក្រុមឧទ្ទាមទៀតឡើយព្រោះគ្មានអ្នកណាដឹងថាក្រុមឧទ្ទាមជាអ្នកណាពិតប្រាកដ។ ក្រុមឧទ្ទាមអាចជាក្រុមភេរវជន ឬជាអ្នកដែលប្រឆាំងអាមេរិកផងក៏មិនដឹង។ ដូច្នេះហើយ គ្មានហេតុផលណាដែលអាមេរិកត្រូវជួយក្រុមនេះទៀតដែរ។
ម្យ៉ាង ដូណាល់ ត្រាំ មានទំនោរទៅរករុស្ស៊ីផង។ ការយកជម្លោះស៊ីរីដើម្បីជាកន្លែងសហការគ្នាកម្ចាស់ភេរវកម្មជាសេណារីយ៉ូមួយសម្រាប់រដ្ឋបាលថ្មីអាមេរិក។ ហើយការចាប់ដៃរដ្ឋាភិបាល អាសាដ ទោះពេញចិត្តឬ មិនពេញចិត្តជាជម្រើសមួយដ៏គាប់ប្រសើរដើម្បីវាយបណ្តេញក្រុមភេរវជនរដ្ឋឥស្លាមពីស៊ីរី និងកម្ចាត់ក្រុមនេះឲ្យអស់នៅពេលអនាគត៕
ថ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment