ប៉ូលិស ហៅ​អ្នក​បង្ហោះ​រូបភាព កាត់ត​ព្រះ​ឆាយា​ល័​ក្ខណ៍ ព្រះមហាក្សត្រ សម្តេចឪ សម្តេចម៉ែ មក​សួររក​ប្រភពដើម​

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រដ្ឋា​ន នគរបាលជាតិ បាន​ឲ្យ​ដឹងថា ពាក់ព័ន្ធ​ក្រុមអ្នកលេង ហ្វេ​ស​ប៊ុ​កប​ង្ហោះ​រូបភាព​កាត់ត ព្រះ​ឆាយា​ល័​ក្ខ ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ និង​ព្រះមហា​ក្សត្រិយ និង​ថែមទាំង បាន​ប្រមាថ​ព្រះ​ចេស្តា នៅលើ​បណ្តាញ​សង្គម គឺ​ត្រូវបាន​កម្លាំង​ជំនាញ ហៅ​មក​សួរនាំ អំពី​ករណីនេះ ដើម្បី​ឈានទៅដល់ ការរក​ប្រភពដើម ដែល​កាត់ត​រូបភាព​នេះ​។​

​មន្ត្រី​ដដែល បាន​បន្តថា តាម​ការឆ្លើយបំភ្លឺ​រប​ស់ អ្នក​ដែល​បង្ហោះ​រូបភាព កាត់ត​បន្ត​ពី​គេ គឺ​ដោយ​អ​ចេតនា និង​បានរួម​កិច្ចសហការ ជាមួយ​សមត្ថកិច្ច ជំនាញ​ផងដែរ ដើម្បី​រក​ឲ្យ​ឃើញ​អ្នក ដែល​ផ្តើមធ្វើ​ការកាត់ត​រូបភាព និង​បង្ហោះ​រូបភាព កាត់ត​ទាំងនោះ​។ ពាក់ព័ន្ធ​ករណីនេះ សមត្ថកិច្ច​កំពុងតែបន្ត ការស្រាវជ្រាវ ដោយ​យកចិត្តទុកដាក់ ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់ និង​ភស្តុតាង​គ្រប់គ្រាន់​។

​មន្ត្រី​រូបនោះ បាន​បញ្ជាក់ថា អ្នក​ដែល​បង្ហោះ រូបភាព​កាត់ត​នេះ គឺ​នៅក្រៅ​ប្រទេស ហើយ​ការរក​ប្រភព នៅ​ខាងក្រៅ គឺ​វា​ទាក់ទង​បញ្ហា​ពីរ គឺ​ទី​១ នៅ​ខាងក្រៅ​ប្រទេស ទាល់​តែមាន​ដីកា និង​ឯកសារ​ផ្សេងៗ ទើបបាន​ខាង​ប្រទេស​គេ សហការ​ជាមួយ និង​ទី​២.​មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​កំណត់​ឲ្យ​ចេញ អត្តសញ្ញាណ និង​កំណត់​មនុស្ស​។​

​ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ ក៏បាន​អំពាវនាវ​ឲ្យ ប្រជាពលរដ្ឋ​នាំគ្នា ការពារ​ព្រះមហាក្សត្រ និង​សហការ​ជាមួយ សមត្ថកិច្ច ដើម្បី​ប្តឹង​នៅ​អ្វីដែល​ប្រមាថ ប៉ះពាល់​ដល់​ព្រះមហាក្សត្រ និង​សហការ​ទប់ស្កាត់ នៅ​រាល់​អំពើ​ទាំងឡាយណា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ព្រះមហាក្សត្រ​។​

​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​កាត់ត​រូប ព្រះ​ឆាយា​ល័​ក្ខណ៍ និង​បាន​សរសេរ​ប្រមាថ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គឺមាន​ឈ្មោះ សុខា​រី សុខា​រី​។ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​នេះ គឺ​ត្រូវបាន​គេ​ដឹងថា ស្ថិតនៅក្នុង​ប្រទេស​ថៃ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ពាក់ព័ន្ធ​ករណី អ្នកលេង​ហ្វេ​ស​ប៊ុ​ក កាត់ត​រូប​ព្រះ​ឆាយា​ល័​ក្ខ ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ និង​ព្រះមហាក្សត្រី មុនីនាថ សីហនុ គឺ​សមត្ថកិច្ច​នាយកដ្ឋាន ជំនាញ​កំពុង​ស៊ើបអង្កេត ដើម្បី​ស្វែងរក​អ្នក​បង្ហោះ រូប​កាត់ត​នោះ​។ ប៉ុន្តែ​លទ្ធផល នៃ​ការស្រាវជ្រាវ យ៉ាងណា​នោះ គឺ​មិន​ត្រូវបាន អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ប្រាប់​ឲ្យ​ដឹង​នោះទេ​។ លោក​បាន​បញ្ជាក់ថា សមត្ថកិច្ច​នាយកដ្ឋាន​ជំនាញ កំពុងតែ​រក​ជា​បន្តទៀត តើ​ចេញ​មកពីណា​?​។​

​សូមជម្រាបថា នាពេល កន្លងមកនេះ អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ចាត់វិធានការ​ផ្លូវច្បាប់ ទៅលើ​ក្រុមអ្នកលេង​ហ្វេ​ស​ប៊ុ​ក ដែល​បាន​ជេរប្រមាថ គំរាមកំហែង លើ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល រួមទាំង​ព្រះមហាក្សត្រ សម្តេចឪ សម្តេចម៉ែ ថែមទាំង​ផង​៕

CEN
ដោយ: មុនីរាជ

No comments: