
សកម្មជនដីធ្លីនៅសប្ដាហ៍នេះ បានបន្តធ្វើយុទ្ធនាការអាវខ្មៅបន្តទៀត បន្ទាប់ពីបានផ្អាកមួយរយៈ ដោយរងចាំការសន្យារបស់រដ្ឋាភិបាលថា នឹងដោះលែងមន្ត្រីការពារសិទ្ធិមនុស្សនិងមន្ត្រី គ.ជ.ប តាំងពីចុងឆ្នាំ២០១៦កន្លងទៅ។
កញ្ញា សុង ស្រីលាភ សកម្មជនបឹងកក់ប្រាប់អ្នកសារព័ត៌មានថា បើរដ្ឋាភិបាលមិនដោះលែងមន្ត្រីសិទ្ធិមនុស្ស៤រូប មន្ត្រី គ.ជ.ប លោក នី ចរិយា និងអ្នកស្រី ទេព វន្នី ទេ ពួកគាត់នៅតែធ្វើយុទ្ធនាការនេះបន្តទៀត ហើយថាអាចធ្វើជាទ្រង់ទ្រាយធំទៀតផង។ កញ្ញាសម្ដែងការសោកស្ដាយ ខណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និយាយថានឹងដោះលែងអ្នកជាប់ឃុំទាំងនោះតាំងពីចុងឆ្នាំ២០១៦ ប៉ុន្តែមកដល់ពេលនេះនៅតែមិនដោះលែងវិញ។
កញ្ញាថា៖ «ទោះបីមានការចរចាហើយមានការសន្យាអ្វីទៀត ក៏យើងនៅតែធ្វើដែរ ព្រោះយើងលែងមានអារម្មណ៍ថា ការសន្យាឬការប្រកាសជាសាធារណៈវាមិនមានប្រសិទ្ធភាពរបស់យើងទេ។ យើងមើលនៅចុងឆ្នាំថាគាត់ប្រកាសជាសាធារណៈឲ្យមនុស្សជាង១៤នាក់បានលឺ ថានឹងមានសេរីភាពក៏ដូចជាសង្គមស៊ីវិល សកម្មជនដីធ្លី តែផ្ទុយទៅវិញបែរជាអត់មាន។ ចឹងយើងលែងផ្អាក យើងនឹងធ្វើទាល់តែមានការដោះលែងពួកគាត់»។
ទោះជាយ៉ាងណា សកម្មជនដីធ្លីសង្ឈឹមថា ក្នុងជំនួបរវាងមេដឹកនាំគណបក្សកាន់អំណាចនិងគណបក្សប្រឆំាង ដែលថានឹងធ្វើឡើងនៅក្រោយថ្ងៃទី១១ខែមករានេះ អាចនឹងមានដំណោះស្រាយសម្រាប់មន្ត្រីអ្នកជាប់ឃុំទាំងនោះ ។
នៅថ្ងៃចន្ទ ទី៩ ខែមករានេះ គឺជាសប្តាហ៍ទី៣៦ហើយ ដែលសកម្មជនដីធ្លី សង្គមស៊ីវិល និងប្រជាពលរដ្ឋធ្វើយុទ្ធនាការអាវខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រី គ.ជ.ប លោក នី ចរិយា សកម្មជនបឹងកក់អ្នកស្រី ទេព វន្នី និងទាមទារឲ្យរកយុត្តិធម៌ ករណីសម្លាប់ លោក កែម ឡី៕
VOD
ដោយ កញ្ញា ខាន់ លក្ខិណា
No comments:
Post a Comment