
សៀមរាប ៖ បង្គោលអង់តែនសិប្បនិម្មិត ដែលមានទម្រង់រូបរាងជាដើមឈើចំនួន៦ដើម ត្រូវបានដាក់ដំឡើង រួចរាល់ជាស្ថាពរដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនទូរស័ព្ទផ្សេងៗបំពាក់អង់តែន បង្កើនសេវាទូរស័ព្ទ និងល្បឿនអ៊ីនធឺណិតឲ្យបានទូលំទូលាយដល់ភ្ញៀវទេសចរ ប្រជាជនក្នុងតំបន់អង្គរ អ្នកប្រកបរបរអាជីវកម្មសេវាកម្មទេសចរណ៍ និងវិស័យឯកជននានានៅក្នុងតំបន់ប្រវត្តិសាស្ត្រខ្មែរដ៏ល្បីមួយនេះ។
តាមការបញ្ជាក់ពីលោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរបានឲ្យដឹងថា បង្គោលអង់តែន បានដំឡើងចំនួន៦ទីតាំង ដូចជា CTL1 នៅភូមិទក្សិណត្បូង សង្កាត់គោកចក CTL2 នៅភូមិក្រវ៉ាន់ សង្កាត់នគរធំ CTL3 នៅភូមិរហាល សង្កាត់នគរធំ CTL4 នៅភូមិនគរក្រៅ សង្កាត់គោកចក CTL5 នៅខ្លោងទ្វារតាកាវ និង CTL6 នៅតាមបណ្តោយផ្លូវកូម៉ៃ។
លោក សុខ សង្វារ បន្តទៀតថា បើគិតមកដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ប្រព័ន្ធទូរស័ព្ទស្មាតជាក្រុមហ៊ុនដំបូងគេ ដែលបានដាក់ឲ្យដំណើរការសេវាទូរស័ព្ទ និងបណ្ដាញអ៊ីនធឺណិត4G យ៉ាងរលូនក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយនាពេលឆាប់ៗខាងមុខនេះ នឹងមានប្រព័ន្ធទូរស័ព្ទផ្សេងៗទៀតក្នុងប្រទេសមកបំពាក់សេវាទូរស័ព្ទ និងសេវាអ៊ីនធឺណិតបន្ថែមទៀតផងដែរ។
តាមរយៈការដំឡើងបង្គោលអង់តែនសិប្បនិម្មិត និងបំពាក់សេវាប្រព័ន្ធទូរស័ព្ទនានាក្នុងតំបន់រមណីយដ្ឋានអង្គរនេះ នឹងធ្វើឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទស្សនាតំបន់អង្គរ មានភាពងាយស្រួល ទាំងការហៅទូរស័ព្ទ ការផុសរូបក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងផ្សាយផ្ទាល់វីដេអូពីដំណើរកម្សាន្តរបស់ខ្លួនបានភ្លាមៗ។ ជាពិសេសជាងនេះទៅទៀត វាបានជួយសម្រួល ដល់ការងាររបស់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការប្រតិបត្តិការងាររបស់ខ្លួនផង។
នេះជាលើកទី១ហើយសម្រាប់ប្រទេសកម្ពុជា ដែលបានរៀបចំដំឡើងអង់តែនសិប្បនិម្មិតមានរូបរាងដូចដើមឈើ និងដាក់ឲ្យដំណើរការនៅលើទឹកដីអង្គរបេតិកភណ្ឌពិភពលោក។
អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់បំផុត ចំពោះការផ្តល់ជូននូវភាពងាយស្រួលតាមរយៈការរៀបចំសេវាកម្មទេសចរណ៍ ដើម្បីទាក់ទាញទេសចរឲ្យចូលមកទស្សនាតំបន់ប្រវត្តិសាស្ត្រដ៏ល្បីនេះឲ្យកាន់តែច្រើនឡើង។
លើសពីនោះទៀត អាជ្ញាធរជាតិអប្សរា ក៏បានគិតគូរដល់ការអភិរក្ស និងការថែរក្សាសោភ័ណភាពនៅក្នុងតំបន់អង្គរផងដែរ ជាក់ស្តែងការដំឡើងអង់តែនសិប្បនិម្មិតសម្រាប់បំពាក់ប្រព័ន្ធទូរស័ព្ទ ដូច្នេះក៏តម្រូវឲ្យមានលក្ខណៈធម្មជាតិ ដែលអាចបន្លំ និងរក្សាបាននូវភាពស្រស់បំព្រង នៃទេសចរណ៍ធម្មជាតិ ស្របតាមបទដ្ឋានរបស់តំបន់បេតិកភណ្ឌពិភពលោកទៀតផង៕
កម្ពុជាថ្មី
គឿនវេត
No comments:
Post a Comment