
បន្ទាយមានជ័យ: សមិទ្ធផលនានា នៅវត្តកោះពងសត្វ ស្ថិតក្នុងភូមិកោះពងសត្វ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី៤ មករា ២០១៧។
ពិធីនោះមានការចូលរួម លោកលី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ លោកយឹម យឿន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តបន្ទាយមានជ័យ លោកវ៉ៃ គេងលី អភិបាលក្រុងសិរីសោភ័ណ លោកវរៈសេនីយ៍ ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ជាច្រើន។
គណៈកម្មការវត្ត បានរាយការណ៍ពីប្រវត្តិ និងការកសាងវត្តថា: វត្តកោះពងសត្វនេះ កសាងឡើង នៅឆ្នាំ១៩២៣ វត្តនេះ ស្ថិតនៅឆ្ងាយពីទីប្រជុំជន ដែលមានទំហំផ្ទៃដី ប្រហែល៣រ៉ៃ។ ក្នុងជំនាន់ប៉ុលពត វត្តនេះ ត្រូវពួកខ្មែរក្រហម ចាប់ផ្សឹកព្រះសង្ឃ ហើយព្រះវិហារ និងសាលាឆាន់ ត្រូវបានពួកខ្មែរក្រហម ធ្វើជាឃ្លាំងដាក់ជី។
លោក លី សារី បាននិយាយថា: ដោយសារតែមានការយកចិត្តទុកដាក់ ពីអាជ្ញាធរខេត្ត ក៏ដូចជាធម្មការ ខេត្តបន្ទាយមានជ័យ គណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទ ជិតឆ្ងាយ និងសប្បុរសជន ក្នុងស្រុក និងក្រៅស្រុក បានពួតដៃគ្នា ខិតខំកសាងវត្តកោះពងសត្វ នេះឡើងវិញ។ សព្វថ្ងៃនេះ ក្នុងវត្តមាន ព្រះវិហារដ៏ថ្មីសន្លាង១ ទើបនឹងជួសជុលហើយថ្មីៗ មានសាលាឆាន់ និងសមិទ្ធផល ជាច្រើនទៀត និងរៀបចំក្រាល ការ៉ូឡាជុំវិញ ទីធ្លាវត្តយ៉ាងស្អាត៕
CEN
ដោយ: បន្ទាយ
No comments:
Post a Comment