កុំ​ភ្ញាក់ផ្អើល​នឹង​ការ​ចល័តរថពាសដែក និង​រថយន្តយោធា ចូល​កោះ​ពេជ្រ



ភ្នំពេញ: រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង ស្តីពី​ការ​ចល័ត​យោធ​ភណ្ឌ របស់​កងយោធពល​ខេមរភូមិន្ទ នៅ​ថ្ងៃទី​៥ និង​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៧ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។ នៅវេលា​ម៉ោង ២ ទៀបភ្លឺ ថ្ងៃទី​៥ ខែមករា មាន​រថពាសដែក ចំនួន​២​គ្រឿង និង​រថយន្តយោធា ចំនួន​១៥​គ្រឿង ចេញពី​កងពលតូច អន្តរាគមន៍​លេខ​៧០ ឆ្ពោះទៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ និង​នៅ​ថ្ងៃទី​៩ ខែមករា ចេញពី​កោះ​ពេជ្រ ទៅ​កងពលតូច​អន្តរាគមន៍ លេខ​៧០​វិញ​។​

នៅក្នុង​សេចក្តីជូនដំណឹង របស់​រដ្ឋបាល រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៤ ខែមករា លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា គណៈកម្មការ​រៀបចំ​កីឡា កងយោធពល​ខេមរភូមិន្ទ នឹង​រៀបចំ​កម្មវិធី​ប្រកួត​កីឡា កងយោធពល​ខេមរភូមិន្ទ អបអរសាទរ​ទិវា ៧​មករា និង​ប្រមូល​មូលនិធិ​គាំទ្រ សកម្មភាព​សមាគម​អតីតយុទ្ធជន​កម្ពុជា នា​ថ្ងៃទី​៦-៨ ខែមករា ឆ្នាំ​២០១៦ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។

​ក្នុង​កម្មវិធី​មានការ​តាំងពិព័រណ៍​យោធ​ភណ្ឌ នៃ​កងយោធពល​ខេមរភូមិន្ទ គណៈកម្មការ​រៀបចំ និង​ធ្វើការ​ចល័ត​សម្ភារៈ បម្រើ​ការងារ​យោធា មួយចំនួន រួមមាន រថពាសដែក ចំនួន​២​គ្រឿង និង​រថយន្តយោធា ចំនួន​១៥​គ្រឿង នៅវេលា​ម៉ោង ២ ទៀបភ្លឺ ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៧ ដោយ​ចេញពី​កងពលតូច អន្តរាគមន៍​លេខ​៧០ ឆ្ពោះទៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដោយ​ឆ្លងកាត់​កំណាត់ ផ្លូវជាតិ​លេខ​៣ ផ្លូវ​វេ​ង​ស្រេង មហាវិថី​មុនី​រ៉េត មហាវិថី​ម៉ៅ​សេទុង និង​មហាវិថី​សុធារស ហើយ​ត្រឡប់​ចូល កងពលតូច​អន្តរាគមន៍ លេខ​៧០ វិញ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង ២ ទៀបភ្លឺ​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ សូមកុំ​ឲ្យ​ប្រជាពលរដ្ឋ មានការ​យល់ច្រឡំ និង​ភ្ញាក់ផ្អើល ចំពោះ​ការ​ចល័ត​យោធ​ភណ្ឌ សម្រាប់​រៀបចំ កម្មវិធី​តាំងពិព័រណ៍ សម្ភារៈ​យោធា​ខាងលើនេះ​។​

​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​កីឡា កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹងថា កម្មវិធី​លំអិត មានដូចជាៈ ១-​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង ៨ ព្រឹក ពិធី​ក្រុង​ពាលី ក្នុងការ​រៀបចំ​កីឡា​កីឡា កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០១៧​។ ២-​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង ៥ ល្ងាច កម្មវិធី​ប្រគំ​តន្ត្រី និង​ការតាំងពិព័រណ៍​។ ៣-​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង ៥:៣០ ល្ងាច កម្មវិធី​ប្រគំ​តន្ត្រី និង​ការតាំងពិព័រណ៍​។ ៤-​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង ៦​ព្រឹក កម្មវិធី​កីឡា​កងយោធពល​ខេមរភូមិន្ទ​ឆ្នាំ​២០១៧ ជា​ផ្លូវការ​ចាប់ផ្តើម​។ ៥-​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​៥:៣០ ល្ងាច កម្មវិធី​ប្រគំ​តន្ត្រី និង​ការតាំងពិព័រណ៍​។​

​សូមបញ្ជាក់ថា ការប្រកួត​កីឡា កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០១៧ (​ការប្រកួត​កីឡា​កងទ័ព​) គឺជា​ព្រឹត្តិការណ៍​ធំ​មួយ ដែល​ត្រូវបាន​រៀបចំឡើង ក្នុង​គោលបំណង​សំខាន់ៗ រំលឹក​ខួប​អនុស្សាវរីយ៍ ទិវា​បុណ្យជាតិ ៧ មករា ១៩៧៩ - ៧ មករា ២០១៧ និង​ប្រមូល​មូលនិធិ ដើម្បី​គាំទ្រ​សកម្មភាព សមាគម​អតីតយុទ្ធជន​កម្ពុជា​។ លើសពីនេះ ព្រឹត្តិការណ៍​នេះ នឹង​បង្ហាញ​ដល់​សាធារណជន និង​មហាជន ស្វែងយល់ និង​យល់ដឹង​បន្ថែមទៀត អំពី​តួនាទី និង​ភារកិច្ច​របស់​កងទ័ព ក្នុងការ​ចូលរួម​ថែរក្សា សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។ បន្ថែម​ពីនេះ​ទៀត បង្កលក្ខណៈ​ឱ្យ​មហាជន ចូលរួម​កាន់តែ​ជិតស្និទ្ធ ជាមួយនឹង​កងទ័ព​៕



CEN
ដោយ: មុនីរាជ

No comments: