![]() |
| សកម្មជនដីធ្លីបឹងកក់ អ្នកស្រី ទេព វន្នី |
សកម្មជនដីធ្លីក្នុងតំបន់បឹងកក់រកកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ ដើម្បីសុំដោះលែងតំណាង របស់ពួកគឺអ្នកស្រីទេព វន្នី ដែលត្រូវតុលាការឃុំខ្លួនបន្ទាប់ពីដឹកនាំធ្វើយុទ្ធនាការអាវខ្មៅ។
សកម្មជនដីធ្លីទាំងនោះប្រមាណ៣០នាក់នៅថ្ងៃពុធទី៤មករាឆ្នាំ២០១៧នេះបាននាំគ្នាយកញត្តិ ទៅដាក់នៅក្រសួងយុត្តិធម៌ ដោយសុំឲ្យបញ្ឈប់ការប្រើប្រព័ន្ធតុលាការមកគៀបសង្កត់អ្នកតវ៉ានិងដោះលែងអ្នកស្រី ទេព វន្នី។
អ្នកស្រី ទេព វន្នី ត្រូវអាជ្ញាធរខណ្ឌដូនពេញចាប់ខ្លួនកាលពីថ្ងៃទី១៥ខែសីហាឆ្នាំ២០១៦ខណៈពេលអ្នកស្រីដឹកនាំសហគមន៍យុទ្ធនាការអាវខ្មៅ។ ក្រោយមកតុលាការសម្រេចឃុំខ្លួនបណ្ណោះ អាសន្ននៅពន្ធនាគារព្រៃស ដោយចោទថា សកម្មជនដីធ្លីរូបនោះបានជេរប្រមាថមន្ត្រីរាជការសាធារណៈទាក់ទិននឹងសំនុំរឿងចាស់ដែលអ្នកស្រីទេព វន្នី ដឹកនាំតវ៉ាប្រឆាំងនឹងការបណ្តេញចេញកាលពីឆ្នាំ២០១៣។
តំណាងពលរដ្ឋម្នាក់ទៀតគឺអ្នកស្រី បូវ សោភា ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីដាក់ញត្តិរួចថាអ្នកស្រីទេពវន្នីមិនមានកំហុសដូចការចោទប្រកាន់របស់តុលាការនោះទេ ដោយអ្នកស្រីថាករណីចាប់អ្នកស្រីទេព វន្នី នេះជារឿងគុំនុំ និងជារឿងនយោបាយ។
អ្នកស្រីបន្ថែម៖ “ករណីចាប់ខ្លួនអ្នកស្រីទេព វន្នីទី១ករណីគុំនុំ ទី២ចង់បំបាក់ស្មារតីគាត់ ទី៣គឺចាប់បង្ខំគាត់ដើម្បីគៀបសង្កត់បញ្ហារឿងនយោបាយដើម្បីការដោះដូរ វាជាការពិត! ករណីអ្នកស្រីទេព វន្នីជាប់គុកកាលលើកទី២គឺមានការដោះដូរទើបមានការលើកលែងទោសពីព្រះមហាក្សត្រ អញ្ចឹងករណីនេះជាករណីទី៣សម្រាប់អ្នកស្រីទេព វន្នីដែលជាស្រីទន់ខ្សោយត្រូវជាប់គុក ឡើងដល់៣ដង បញ្ហាដែលគាត់ធ្វើខុសម៉ាតិចក៍អត់មានដែរ ព្រោះពួកយើងតវ៉ាជិត១០ហើយ ពួកយើងមិនប្រើហិង្សាទៅសមត្ថកិច្ចណាឲ្យបានមួយដៃទេ”។
ពលរដ្ឋបឹងកក់ កញ្ញា សុង ស្រីលាភ ឲ្យដឹងថា ពេលថ្មីៗនេះតុលាការបានបង្វែរសុំនុំរឿងអ្នកស្រី ទេព វន្នី ពីករណីរឿងហិង្សាក្បែរផ្ទះលោកនាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១៣ទៅ សុំនុំរឿងផ្សេងទៀត បន្ទាប់ពីពលរដ្ឋទាមទាឲ្យតុលាការបង្ហាញភស្ភុតាង។
អ្នកស្រីបន្ថែម៖ “កាលពីគេចាប់ផ្តើមចោទអ្នកស្រីទេព វន្នីពីដំបូងហ្នឹងគេចោទថាអ្នកនាំពលរដ្ឋបង្ករហិង្សានៅមុខផ្ទះលោកនាយករដ្ឋមន្រ្តីហ៊ុនសែន បើសិនជារឿងហ្នឹងនៅមុខផ្ទះលោកនាយករដ្ឋមន្រ្តីគឺយើងទាមទារឲ្យលោកនាយករដ្ឋមន្រ្តីជួយចូលរួមធ្វើជាសាក្សី និងបង្ហាញកាម៉ារ៉ាសុវត្តិភាពពីសកម្មភាពដែលអ្នកស្រីទេព វន្នីក៍ដូចជាពលរដ្ឋបឹងកក់កាលពីថ្ងៃទី១៣ឆ្នាំ២០១៣ហ្នឹងដែរ ប៉ុន្តែនៅពេលដែលយើងទាមទារនោះ ហើយយើងបានដាក់ញត្តិនៅផ្ទះលោកនាយរដ្ឋមន្រ្តីកាលពីមុននេះ ដល់ពេលគេហៅតំណាងសាកសួរបន្តទៀតបែរជាគេបង្វែរសុំនុំរឿងហ្នឹងថាអ្នកស្រីទេព វន្នីហ្នឹងបញ្ជាសមាជិករើសដុំថ្មីគប់ដាក់ក្រសួងយុត្តិធម៌ទៅវិញ អញ្ចឹងរឿងហ្នឹងយើងគិតថាគេប្រឌិតដើម្បីដាក់បន្ទុកលើអ្នកស្រីទេព វន្នីដែលជាស្រ្តីម្នាក់ដែលស្លូតត្រង់”។
វិអូឌីមិនអាចសុំការតបពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានទេដោយទូរស័ព្ទ ចូលគ្មានអ្នកទទួល។
បើតាមតំណាងពលរដ្ឋដែលចូលយកញត្តិទៅដាក់ក្នុងក្រសួងផ្ទាល់ឲ្យ ដឹងថា មន្រ្តីរដ្ឋបាលក្រសួងទទួលយកញត្តិពីពួកគេ ហើយសន្យាបញ្ជូនញត្តិនោះទៅដល់រដ្ឋមន្រ្តីលោក អង្គ វឌ្ឍនាដើម្បីធ្វើការពិចារណា។
គួរំលឹកថា អ្នកស្រី ទេព វន្នី ត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគារចំនួន៣លើកហើយ ដោយលើកទីមួយនៅឆ្នាំ២០១២ ឃុំខ្លួនបាន១ខែ៣ថ្ងៃ។លើកទី២នៅឆ្នាំ២០១៤ឃុំខ្លួនបាន៥ខែ១ថ្ងៃនិងលើកទី៣ឃុំខ្លួនបានជាង៤ខែហើយគិតត្រឹមថ្ងៃទី៤ខែមករាឆ្នាំ២០១៧នេះ។
ការចាប់ឃុំខ្លួនអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារជាចុងក្រោយនេះ ធ្វើឡើងចំពេលដែលស្ត្រីរូបនោះបន្តដឹកនាំអ្នកភូមិធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅទាមទារឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រី គ.ជ.ប មួយរូប និងទាមទារឲ្យរដ្ឋាភិបាលវែកមុខអ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី៕
VOD
ដោយ លោក ឃុត សុគន្ធ

No comments:
Post a Comment