ក្រុមហ៊ុន​ចិន សុំ​វិនិយោគ​វារីវប្បកម្មទឹកសាប និង​សមុទ្រ​នៅ​កម្ពុជា​



ភ្នំពេញ: ក្រុមហ៊ុន​ចិន​ចំនួន​ពីរ ដែលមាន​មូលដ្ឋាន នៅ​ប្រទេស​កម្ពុជា គឺ​ក្រុមហ៊ុន China Ocean Fishing សហការ​ជាមួយ​ក្រុមហ៊ុន Khmer Holding Group វិនិយោគ​លើ វិស័យ​វារីវប្បកម្ម​ទឹកសាប និង​សមុទ្រ​នៅ​កម្ពុជា ឲ្យ​ទទួលបាន​ជោគជ័យ ទឹកប្រាក់​ចំនួន ១០០ លាន​ដុល្លារ​។​

ក្នុង​សិក្ខាសាលា​បង្ហាញ​ពី គម្រោង​វិនិយោគ លើ​វិស័យនេះ ទៅដល់​គណៈប្រតិភូ ជលផល​កម្ពុជា នៅ​ថ្ងៃទី​១៨ ខែមករា លោក Gan Weiming ទេសាភិបាល​ប្រតិបត្តិ របស់​ក្រុមហ៊ុន​នេសាទ​សមុទ្រ​ចិន (China Ocean Fishing Holding Limited) បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​បាន​ត្រៀមខ្លួន រួចរាល់​ហើយ នូវ​ទឹកប្រាក់​ចំនួន ១០០ លាន​ដុល្លារ សម្រាប់​ការវិនិយោគ លើ​វិស័យ​ចិញ្ចឹម​ត្រី ក្នុង​ទឹកសាប និង​ទឹកសមុទ្រ នៅក្នុង​ប្រទេស​កម្ពុជា​។

​លោក បាន​បន្តថា ការវិនិយោគ នឹង​បែង​ចែកជា ៣ ដំណាក់កាល ដោយ​ដំណាក់​ទី​១ វិនិយោគ ក្នុង​ទឹកប្រាក់ ១០ លាន​ដុល្លារ ដំណាក់​ទី​២ ចំនួន ៣០ លាន​ដុល្លារ និង​ដំណាក់​ទី​៣ ចំនួន ៦០ លាន​ដុល្លារ​។​

​លោក Gan បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​របស់លោក បាន​សហការ​ជាមួយ ក្រុមហ៊ុន Khmer Holding Group ដឹកនាំ​ដោយ​លោក​ឧកញ៉ា ឆាវ អ៊ិន​ទ័​រ (CHAO Yunder) ដើម្បី​វិនិយោគ​លើ វិស័យ​វារីវប្បកម្ម​ទឹកសាប និង​សមុទ្រ​ឲ្យ​ទទួលបាន​ជោគជ័យ​។ លោក​បាន​ថ្លែងថា គម្រោង​វិនិយោគ​លើ វិស័យ​ចិញ្ចឹម​ត្រី ក្នុង​ទឹកសាប និង​ទឹកសមុទ្រ​នេះ គឺ​ក្នុង​គោលបំណង​ផ្គត់ផ្គង់ តម្រូវការ​ក្នុងស្រុក និង​នាំចេញ​។

​លោក បាន​មានប្រសាសន៍​បន្តថា ប្រទេស​កម្ពុជា មាន​ហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រាន់ និង​ងាយស្រួល ដែល​ផ្តល់ឱកាស​ឲ្យ​ក្រុមហ៊ុន​រៀបចំ​បច្ចេកទេស​ចិញ្ចឹម និង​ប្រមូល​ផល​នេសាទ កសាង​ឃ្លាំង បង្កើត​រោងចក្រ​កែច្នៃ ផល​នេសាទ សម្រាប់​បម្រើ​ឲ្យ​ការផ្គត់ផ្គង់​ក្នុងស្រុក និង​ការនាំចេញ ទៅកាន់​ទីផ្សារ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​។
​លោក Gan បាន​ឲ្យ​ដឹង​បន្ថែមថា ក្រុមហ៊ុន​របស់លោក នឹង​សហការ​ជាមួយ​ប្រជាជន​កម្ពុជា សម្រាប់​ការវិនិយោគ​នេះ ដោយ​ក្នុងនោះ ភាគី​ក្រុមហ៊ុន គឺជា​អ្នកផ្តល់​ពូជ ចំណី និង​បច្ចេកទេស ដល់​ពួកគាត់ ហើយ​ផល​ដែល​បានមក ពួកគាត់​អាច​លក់​ឲ្យ​ក្រុមហ៊ុន​វិញ ក្នុងតម្លៃ​ទីផ្សារ​។ លោក​បាន​បន្តថា នៅ​ជំហាន​ដំបូង ក្រុមហ៊ុន នឹង​បង្កើត​តំបន់ សាកល្បង​ចិញ្ចឹម​ត្រី ឌី​ឡាប​យ៉ា ក្នុង​ផ្ទៃ​ស្រះ​ទំហំ ២០០ ហិកតា ក្នុង​គម្រោង​វិនិយោគ លើ​ផ្ទៃ​ស្រះ​ជាង ២.០០០ ហិកតា​។​

​លោកស្រី កាំ​ង ឃីម អគ្គនាយករង រដ្ឋបាល​ជលផល បាន​ស្វាគមន៍ និង​គាំទ្រ ចំពោះ​គម្រោង​វិនិយោគ ពី​វិស័យ​អនុផល​ទាំង​ទឹកសាប និង​ទឹកប្រៃ នៅក្នុង​ប្រទេស​កម្ពុជា​។ លោកស្រី បាន​ឲ្យ​ដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កំពុង​ពិនិត្យ​ឯកសារ នៃ​គម្រោង​វិនិយោគ​នេះ មុននឹង​ឈានដល់ ការចុះ​កិច្ចព្រមព្រៀង លើ​អនុស្សរណៈ​យោគយល់ (MoU) រវាង​ក្រុមហ៊ុន និង​រដ្ឋបាល​ជលផល​៕

CEN
ដោយ: ដាវុធ

No comments: