អភិបាល​ខេត្តតាកែវ ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដល់​មន្ត្រី​ខិលខូច​ណា នៅ​បន្ត​អនុញ្ញាត​ជួល​ដីស្រែ នៅជាប់​ព្រំដែន​អោយ ជនជាតិ​វៀតណាម​ធ្វើ​



តាកែវ: អភិបាល​ខេត្តតាកែវ ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដល់​មន្ត្រី​ខិលខូច ដែល​មិន​ស្តាប់​តាម​អនុសាសន៍ របស់​រាជរដ្ឋាភិបាល ហើយ​នៅ​បន្ត​អនុញ្ញាត អោយ​ជនជាតិ​វៀតណាម​ជូ​ល​ដី​ធ្វើស្រែនៅតាម​ស្រុក​ចំនួន​បីដែល​ឋិត​ជាប់​ព្រំដែន​កម្ពុជាវៀតណាម។

លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ បាន​ព្រមាន​បែបនេះ ក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងាររដ្ឋបាល​ខេត្តតាកែវ​ប្រចាំឆ្នាំ ២០១៦ និង​លើក​ទិសដៅ​ភារកិច្ច​ឆ្នាំ ២០១៧ រយៈពេល ២​ថ្ងៃ នៅ​រោង​មហោស្រព​ខេត្ត កាលពី​ថ្ងៃទី​១៨ មករា ២០១៧ ដែលមាន​មន្ត្រីរាជការ អភិបាលស្រុក​ក្រុង មន្ទីរ​ជុំវិញ​ខេត្ត និង​កងកំលាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ចូលរួម​ស្តាប់ ។

​លោក​បាន​ជំរុញ​អោយ​អភិបាលស្រុក​ទាំងបី ក្នុងនោះ​មានស្រុក អង្គរ​បូរី ស្រុក​បូរី​ជលសារ និង​ស្រុក​កោះអណ្តែត ដែលមាន​ដីស្រែ​ឋិត​នៅជាប់ តំបន់​ព្រំដែន​កម្ពុជា​វៀតណាម នោះ ត្រូវ​ចុះទៅ​ពន្យល់​ដល់​ម្ចាស់​ដីស្រែ អោយ​ឈប់​ជួល​ដី​ដល់​ជនជាតិ​វៀតណាម ព្រោះ​រាជរដ្ឋាភិបាល បានចេញ​នៅ​សេចក្តីណែនាំ​រួចហើយ ដូច្នេះ​បើសិនជា​មន្ត្រី​ណា ដែល​ហ៊ាន​អនុញ្ញាតអោយ​វៀតណាម ចូលធ្វើ​ស្រែ​លើដី​ខ្មែរ​ទៀត​នោះ លោក​និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជាមិនខាន ។

​គួរបញ្ជាក់​ផងដែរ​ថា ផ្ទៃ​ដីស្រែ​ដែលមាន​នៅតាម​តំបន់​ព្រំដែន​កម្ពុជា​វៀតណាម រវាង​ខេត្តតាកែវ និង​ខេត្ត​អាងយ៉ាង ដែលមាន​ទំហំ ៤​ពាន់​ហិកតា នោះ នឹង​ត្រូវបាន​ក្រុមហ៊ុន​ឡុង ចាវ​ហ្វូ របស់​ក្រុង​ស៊ា​ង​យ៉ាង ខេត្ត​ហ៊ូ​ប៉ី នៃ​សាធារណរដ្ឋ​ប្រជា​និច្ច​ចិន ជួល​ដាំ​ស្រូវ​សម្រាប់ ធ្វើ​ការនាំ​ចេញទៅ​ប្រទេស​ចិន បន្ទាប់ពី​បានធ្វើ​ការចុះ​កិច្ចព្រមព្រៀង រវាង​ខេត្តតាកែវ និង​ក្រុង​ស៊ា​ង​យ៉ាង កាលពី​សប្តាហ៍​មុន ៕

CEN
ដោយ: តាកែវ

No comments: