មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន ៦០៣ គំរាម​ដល់​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត

លោក កែវ សឿន មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន ៦០៣

តាកែវ: លោក កែវ សឿន មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន ៦០៣ បាន​ព្រមាន​ដល់​អ្នកសារព័ត៌មាន ក្នុង​ខេត្តតាកែវ​ថា បើសិនជា​នៅ​បន្ត​ចុះផ្សាយ​រឿង លោក សៅ សម្បត្តិ មេ​ប៉ុស្តិ៍​ស្រែ​ខ្មួញ ដែល​បាន​កៀបសង្កត់ យកលុយ​ពី​ឡាន​ដឹកស្រូវ របស់​ប្រជាពលរដ្ឋ នៅតាម​ច្រករបៀង ដើមត្នោត​ទៀត គាត់​នឹង​រាយការណ៍ ទៅ​ថ្នាក់លើ​ផ្នែក​សារព័ត៌មាន ព្រោះថា គេ​តែងតែ​ផឹកស៊ី ជាមួយគ្នា​ជា​ញឹកញាប់​។​

អ្នកសារព័ត៌មាន រង​ការព្រមាន​នេះ បន្ទាប់ពី​លោក កែវ សឿន បាន​ទៅ​ចូលរួម ក្នុង​សន្និបាត​បូកសរុប លទ្ធផល​ការងារ រដ្ឋបាល​ខេត្តតាកែវ ប្រចាំឆ្នាំ ២0១៦ និង​លើក​ទិសដៅ​ភារកិច្ច សម្រាប់​ឆ្នាំ ២0១៧ កាលពី​ព្រឹក​ថ្ងៃទី ១៨ ខែមករា ឆ្នាំ​២0១៧ ។​

​តែ​បើសិនជា​មន្ត្រីប៉ូលិស​ណា មានការ​ណែនាំ​ពី​អង្គភាព​ហើយ នៅតែ​បន្ត​ប្រព្រឹត្ត កៀប​យកលុយ​ពី​ប្រជាពលរដ្ឋ ដែល​ដឹកស្រូវ​យកទៅលក់ នៅ​ប្រទេស​វៀតណាម​ទៀត បុគ្គល​នោះ នឹងត្រូវ​ទទួលទោស ទៅតាម​ច្បាប់ នេះ​បើតាម​ប្រសាសន៍​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បានអោយដឹង​កាលពី​ព្រលប់ ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៧ តាមរយៈ​ទូរស័ព្ទ ។

​លោកស្នងការ បានបញ្ជាក់​ទៀតថា ចំពោះ​មន្ត្រីនគរបាល​ណា ដែល​មិន​ស្តាប់​តាម ការណែនាំ​របស់​អង្គភាព ហើយ​ធ្វើការ​ព្រមាន​ដល់ អ្នកសារព័ត៌មាន ទាំង​ខ្លួន​ធ្វើ​ខុស​នោះ លោក​មិន​អាចជួយ​បាន​ទៀត​ទេ សក់​អ្នកណា ក្បាល​អ្នកនឹង​ចុះ ។​

​លោក រដ្ឋា ដែលជា​ប្រជាពលរដ្ឋ ដឹកស្រូវ​ចុះទៅ​លក់ នៅតាម​ផ្លូវ​ច្រករបៀង ដើមត្នោត​នោះ បា​និយាយប្រាប់​តាម​ទូរស័ព្ទ​ថា សព្វថ្ងៃ គាត់​មានការ​លំបាក យ៉ាងខ្លាំង ព្រោះថា ក្រុម​ឡាន​របស់​ពួកគាត់ បាន​បើកបរ​តាមផ្លូវ ក្នុងភូមិ​ប្រជាពលរដ្ឋ បានដាក់​កំណាត់ឈើ កំណាត់​ដើមត្នោត បាំង​មិនអោយ​បើកបរ​ឆ្លងកាត់ ដូច្នេះ​ក្រុម​របស់​ពួកគាត់ ក៍​បង្ខំ​ចិត​បើកបរ តាម​តំបន់​សេដ្ឋកិច្ច​ពិសេស ប្រវែង​ប្រហែល មួយ​គីឡូម៉ែត្រ ដោយ​បង់ប្រាក់​អោយគេ ក្នុង​រថយន្ត​មួយ តំលៃ​មួយ​ម៉ឺន​រៀល បន្ទាប់មក ឆ្លងកាត់​ដីឯកជន​មួយកន្លែង ប្រវែង​៥០០​ម៉ែត្រ ដោយ​បង់​ក្នុង​មួយ​ឡាន ៥.០០០ រៀល ហើយក៍​បន្ត​ឆ្លងកាត់​ផ្លូវ ប្រវែង​ជាង​មួយ​គីឡូ​ម៉ែត ឆ្លងកាត់​ព្រំដែន ពួកគេ​ត្រូវ​បង់ប្រាក់ ថ្លៃ​ហូបបាយ​ចំនួន មួយ​ម៉ឺន​រៀល ថ្លៃ​ឆ្លងកាត់​ផ្លូវ តាម​ស្ថានភាព​រថយន្ត ភ្លៅ​២ ភ្លៅ​៣ ភ្លៅ​៤ ដោយ​បង់ប្រាក់ ចាប់ពី ៣​ម៉ឺន ៤​ម៉ឺន ៥​ម៉ឺន ៦​ម៉ឺន រហូត​៧​ម៉ឺន​រៀល​។​

​លោក​តំណាង​ក្រុម​រថយន្ត ដឹកស្រូវ​ចុះទៅ​ប្រទេស​វៀតណាម បាន​សំណូមពរ​សុំ​ទៅ រាជរដ្ឋាភិបាល ជួយ​ធ្វើ​ផ្លូវ​អោយ​ពួកគាត់ ដើម្បី​ដឹក​កសិផល ដែល​ផលិត​បាន ចុះទៅ​លក់​នៅ​ប្រទេស​វៀតណាម ដោយ​មិនបាច់​បង់ប្រាក់ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​។ ក្នុងនោះ​ពួកគាត់ ក៍បាន​សំណូមពរ​ដល់ លោក​ឧ​ត្ត​ម​សេនីយ​ទោ អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ មេត្តា​ចុះទៅពិនិត្យ ដោយ​ដក​បុ​គ្ក​ល​នោះ យកទៅ​ធ្វើ​ការណែនាំ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត អោយ​គាត់​បាន​ក្លាយជា​មន្ត្រី​ល្អ​។​

​ទាក់ទិន​នឹង​បញ្ហា​នេះ លោក ស៊ុត ខុន អភិបាលស្រុក​គិរីវង់ មិនអាច​ទាក់ទង​បានទេ ដោយ​ទូរស័ព្ទ​លោក ពេល​ទូរស័ព្ទ​ចូលទៅ ជាប់រវល់​រហូត​។

​ប៉ុន្តែ​ប្រជាពលរដ្ឋ នៅ​តំបន់​នោះ បាន​អះអាងថា ផ្លូវ​ដែល​ឆ្លង់កាត់​ព្រំដែន​តាម​នោះ មិនមែនជា​ផ្លូវ​ឯកជន ឬ​មាន​អ្នកដេញថ្លៃ​ឡើយ គឺជា​ផ្លូវ​សាធារណៈ​។​

​ចំណែក​លោក ទាន សា​រេ​ត មេឃុំ​ភ្នំ​ដិ​ន បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​អត់​ដឹង​ទេ បើ​ចង់ដឹង​សួរ​គេ អ្នកយក​លុយ​ទៅ​៕

CEN
ដោយ: តាកែវ

No comments: