ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​ជប៉ុន ជួយសង្គ្រោះ និង​រៀបចំ​មាតុភូមិនិវត្តន៍ ដល់​ស្ត្រី​ខ្មែរ​រងគ្រោះ​ចំនួន​៧​នាក់



ភ្នំពេញ: លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន សហការ​ជាមួយ​អាជ្ញារ​មាន​សមត្ថកិច្ច​ខេត្ត Gunma ប្រទេស​ជប៉ុន បាន​ជួយសង្គ្រោះ និង​រៀបចំ​មាតុភូមិនិវត្តន៍​ដល់​ស្ត្រី​ខ្មែរ​ចំនួន​៧​នាក់ ដែល​រងគ្រោះ​ដោយ​ការជួញដូរ​ផ្លូវភេទ ក្រោយពី​មានការ​ផ្តល់ព័ត៌មាន​ផ្ទាល់​ពី​ស្ត្រី​រងគ្រោះ​ទៅកាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថានទូត​។​

​ស្ត្រី​រងគ្រោះ​ទាំង​៧​នាក់ (២​នាក់​មកពី​ភ្នំពេញ ២​នាក់​ពី​ខេត្តព្រៃវែង ម្នាក់​ពី​ខេត្តពោធិ៍សាត់ ម្នាក់​ពី​ខេត្តកំពង់ស្ពឺ និង​ម្នាក់ទៀត​ពី​ខេត្តតាកែវ​) ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត​នាំទៅដល់​ប្រទេស​ជប៉ុន កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ ដោយមាន​ការរៀប​ចំឯ​ក​សារ​សុំ​ទិដ្ឋាការ និង​សំបុត្រ​យន្តហោះ ពី​បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ដែលជា​ម្ចាស់​ភោជនីយដ្ឋាន​មួយ​នៅក្នុង​ខេត្ត Gunma​។ បុរស​នោះ បាន​សន្យា​ផ្តល់​ការងារ​ធ្វើ​នៅ​ភោជនីយដ្ឋាន​របស់ខ្លួន ដល់​ស្ត្រី​រងគ្រោះ​ជាមួយនឹង​ប្រាក់ខែ​ខ្ពស់ តែ​ផ្ទុយទៅវិញ បាន​គំរាមកំហែង និង​បង្ខំ​អោយ​ស្ត្រី​រងគ្រោះ បំរើសេវា​ផ្លូវភេទ​ដល់​ភ្ញៀវ​នៅ​ភោជនីយដ្ឋាន​ទៅវិញ និង​មិន​បានផ្តល់​ប្រាក់បៀវត្ស​ឡើយ​។

​ភ្លាមៗ បន្ទាប់ពី​ទទួលបាន​សំណើ​ពីសា​ម៉ី​ខ្លួន ស្ថានទូត​បាន​អន្តរាគមន៍​ជួយ​ស្ត្រី​រងគ្រោះ​ទាំង​៧​នាក់ និង​នាំ​ពួកគេ​ទៅ​ស្នាក់នៅ​ស្ថានទូត​ជា​បណ្តោះអាសន្ន ដោយ​ផ្តល់​អាហារ​បរិភោគ សេវា​ថែទាំ​សុខភាព និង សម្ភារៈប្រើប្រាស់​ចាំបាច់​ដទៃទៀត​ផងដែរ​។

​ស្ថានទូត​ក៏បាន​បំពេញ​កិច្ចការ​មួយចំនួនទៀត ដើម្បី​ការពារ​ប្រយោជន៍​ដល់​ស្ត្រី​រងគ្រោះ ដូចជា​៖

- សហការ​ជាមួយ​នគរបាល​ខេត្ត Gunma សាកសួរ​ព័ត៌មាន​ពី​ស្ត្រី​រងគ្រោះ ដើម្បី​រៀបចំ​សំណុំ​ឯកសារ​បញ្ជូនទៅ​តុលាការ និង​ស្វែងរក​ជនសង្ស័យ​និង​អ្នកពាក់ព័ន្ធ មក​ផ្តន្ទាទោស​តាមច្បាប់​។​

- ស្វែងរក​ក្រុម​មេធាវី​ស្ម័គ្រចិត្ត ដើម្បី​ប្តឹងទៅ​តុលាការ ជួយ​ទាមទារ​ប្រាក់ខែ​ដែល​ជនសង្ស័យ សន្យា​ផ្តល់អោយ និង​ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​ជូន​ស្ត្រី​រងគ្រោះ​។

- ស្នើ​សុំអោយ​អង្គការ​អន្តរជាតិ​ទេស​សន្តរ​ប្រវេសន៍ (IOM) ជួយ​ដោះស្រាយ​សំបុត្រ​យន្តហោះ ជូន​ស្ត្រី​រងគ្រោះ​ទាំង​៧​នាក់ និង​បន្ត​គាំពារ​ពួកគេ​ពេល​មក​ត្រឡប់​មកដល់​កម្ពុជា​វិញ​។ IOM បាន ឯកភាព​តាម​សំណូមពរ​របស់​ស្ថានទូត​។

​ដោយសារ​បញ្ហា​សុខភាព ស្ត្រី​រងគ្រោះ​ម្នាក់ បានស្នើ​សុំ​ត្រឡប់មក​កម្ពុ​ជាមុន ហើយ​បាន​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​១៩:៣៥​នាទី​។

​ដោយឡែក ស្ត្រី​រងគ្រោះ​៦​នាក់​ផ្សេងទៀត នឹង​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ ទី​១៩ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៩:៣៥​នាទី ក្រោយ​បញ្ចប់​ការសាកសួរ​ពី​សំណាក់​អាជ្ញាធរខេត្ត Gunma មន្ត្រី​អន្តោប្រវេសន៍ ក្រុម​មេធាវី និង​មន្ត្រី​អង្គការ​IOM៕

CEN
ដោយ: ឧ​ត្ត​ម

No comments: