មាតា​ធម្មជាតិ​ត្រៀម​ប្តឹង​នៅ​សឹង្ហ​បុរី និង​បង្កើន​យុទ្ធនាការ​ប្រឆាំង​ការ​បូម​ខ្សាច់​



វ៉ាស៊ីនតោន៖ ឃ្លី​ប​វីដេអូ​រយៈពេល​ជាង​ពីរ​នាទី​បង្ហាញ​ពី​សកម្មជន​ម្នាក់​នៃ​អង្គការ​មាតា​ធម្មជាតិ​បាន​ចោទ​ជា​សំណួរ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ពី​ភាពមិនប្រក្រតី​ថ្មី​ក្នុង​ការនាំ​ខ្សាច់​ទៅ​ប្រទេស​ឥណ្ឌា​។​

«​ខ្ញុំ​សូម​មាន​សំណួរ​ថ្មី​មួយទៀត​ទៅកាន់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដូចតទៅ​៖ ហេតុអ្វី​បានជា​តួលេខ​ដែល​មាតា​ធម្មជាតិ​ទទួលបាន​មកពី​គយ និង​ពន្ធដា​នៃ​ប្រទេស​ឥណ្ឌា​ដែល​បង្ហាញថា​ការនាំចេញ​ខ្សាច់​ពី​ប្រទេស​កម្ពុ​ជាមាន​ចំនួន​១០៨.៦៥៨​តោន ដែលមាន​តម្លៃ​ជាង ២​លាន​៨​សែន​ដុល្លារ​សហរដ្ឋអាមេរិក ចាប់តាំងពី​ឆ្នាំ​២០១៣​ដល់​២០១៥ តែ​ឯកសារ​នៃ​នាយកដ្ឋាន​គយ និង​ពន្ធដា​នៃ​ប្រទេស​កម្ពុជា​មិនបាន​បង្ហាញ​ពី​តួលេខ ដែល​នាំ​ខ្សាច់​ទៅ​ប្រទេស​ឥណ្ឌា​ទាល់តែ​ស‍ោះ​»​។​

Facebook API failed to initialize.
​នេះ​គឺជា​សំណួរ​ដែល​សួរ​ដោយ​លោក​ថុ​ន រដ្ឋា សកម្មជន​បរិស្ថាន​វ័យក្មេង​ម្នាក់ ដែល​បាន​លើក​សំណួរ​នេះ​ឡើង​ដោយ​កប់​ខ្លួន​ក្នុង​ខ្សាច់​រហូត​ត្រឹម​ក​នៅក្បែរ​ព្រែក​ជាប់មាត់​សមុទ្រ​ក្នុង​ខេត្តកោះកុង​។​

ការបង្ហាញ​ថ្មី​នេះ​កើតមានឡើង បន្ទាប់ពី​ក្រសួង​រ៉ែ និង​ឋា​ម​ពល​មិនបាន​ផ្តល់​ចម្លើយ​ច្បាស់លាស់​ទៅ​រដ្ឋសភាជាតិ ពាក់ព័ន្ធ​នឹង​ភាពខុសគ្នា​រវាង​តួលេខ​នាំ​ខ្សាច់​ពី​ប្រទេស​កម្ពុជា​ទៅ​សឹង្ហ​បុរី​ដែល​អង្គការ​មាតា​ធម្មជាតិ​បាន​រកឃើញថា មាន​ចំនួន​ជាង​៧០​លាន​តោន ក្នុងខណៈ​ពេលដែល​ទិន្នន័យ​របស់​កម្ពុជា​បង្ហា​ញ​ថា មានតែ​ជិត​៣​លាន​តោន​តែប៉ុណ្ណោះ​។​

​លោក ឌិ​ត ទីណា អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល ថ្លែង​ក្នុង​សន្និសីទ​ស្តីពី​ការបំភ្លឺ​ជូន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភាជាតិ​កាលពី​ពាក់កណ្តាល​ខែធ្នូ​ថា ក្រសួង​រ៉ែ និង​ថាមពល មិនមែនជា​ស្ថាប័ន​ផ្តាច់មុខ​តែមួយគត់ ដែល​ទទួលបន្ទុក​ការនាំចេញ​ខ្សាច់​នោះទេ​។​

​លោក​បន្ថែមថា ការនាំចេញ​ខ្សាច់​ត្រូវ​អនុវត្តតាម​នីតិវិធី​ដោយឡែក និង​ផ្សេង​ពីគ្នា​ស្របតាម​បទ​ប្បញ្ញត្តិ​ច្បាប់​ពាក់ព័ន្ធ និង​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ផ្សេងគ្នា​។ ចំណែក​ការកត់ត្រា​ពី​ការនាំចេញ​នាំចូល និង​ការកំណត់​ប្រភេទ​ទំនិញ​របស់​ប្រទេស​នីមួយៗ​ក៏មាន​វិធីសាស្ត្រ​ខុសគ្នា ដែល​លោក​ថា​ជា​មូលហេតុ​ធ្វើ​ឲ្យ​ចំនួន​នៃ​តួលេខ​ដែល​បានបង្ហាញ​ពី​ប្រទេស​នីមួយៗ​មាន​ចំនួន​ខុសគ្នា​។​

«​ពេលដែល​ប្រទេស​នីមួយៗ គាត់​មាន​វិធាន​ប្រភពដើម​ខុសគ្នា ការកត់ត្រា​របស់គាត់​ក៏​អាច​ខុសគ្នា មិនមែន​ខ្ញុំ​អ្នក​និយាយ​ទេ​គឺ UN COMTRADE នៅក្នុង DATA Base (​ទិន្នន័យ​) គឺ​គាត់​សរសេរ​ខ្លួនឯង ហើយ​យើង​ក៏​មិនដឹងថា ប្រព័ន្ធ​កត់ត្រា​របស់​សាំង​ហ្កា​ពួរ​យ៉ាងម៉េច​ដែរ ដូច្នេះហើយ​បើ​ឲ្យ​ក្រសួង​មក​វិភាគ​ថា តើ​អ្នកណា​ខុស​អ្នកណា​ត្រូវមាន​សាំង​ហ្កា​ពួរ​ខុស កម្ពុជា​ខុស ឬមួយ​ក៏ UN ខុស​។ យើង​មិន​យកមក​វិភាគ​បែបនេះ​ទេ​។ សូម​ឲ្យ​ដឹងថា ម្នាក់ៗ​ហើយ​ប្រព័ន្ធ​នីមួយៗ​គេ​ធ្វើឡើង​សុទ្ធ​តែមាន​គោលដៅ​របស់គេ ហើយ​សុទ្ធ​តែមាន​គោលការណ៍​ក្នុងការ​ប្រើប្រាស់​របស់គេ​ខុសៗ​គ្នា​»​។​

​រីឯ​ករណី​នាំ​ខ្សាច់​ទៅ​ឥណ្ឌា​នេះ​ត្រូវ​លោក ទីណា ប្រាប់​សារព័ត៌មាន The Phnom Penh Post ថា វា​អាច​ថា​មាន​ការនាំ​ខ្សាច់​កម្ពុជា​បន្ត​ពី​សឹង្ហ​បុរី​ទៅ​ប្រទេស​ដទៃ ហើយ​បើ​ដូចនេះ​មែន វា​មិនមែនជា​កំហុស​របស់​កម្ពុជា​ទេ​។​

​ប៉ុន្តែ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​គឺ​លោក អា​ឡិច​សាន់​ដ្រូ ហ្កុ​ន​ហ្សា​ឡេស​ដា​វីត​សុន បានបញ្ជាក់​ប្រាប់ វី​អូ​អេ ថា​ឯកសារ​ថ្មី​ដែល​លោក​ទើប​ទទួលបាន​បង្ហាញថា ខ្សាច់​ដែល​ឥណ្ឌា​នាំចូល​គឺមាន​ប្រភព​នាំចេញ​ផ្ទា​ល់ពី​ប្រទេស​កម្ពុជា ដែល​ផ្ទុយ​ពី​ការអះអាង​របស់​មន្ត្រីរ​ដ្ឋា​ភិ​បាល​។​

«​ឯកសារ​ដែល​យើង​មាននៅ​ក្នុង​ដៃ គឺ​បញ្ជាក់ថា​ខ្សាច់​នេះ​គឺ​ប្រភព​មកពី​ប្រទេស​កម្ពុជា​។ អីចឹង​អ្វីដែល​យើង​កំពុងតែ​ធ្វើ​ហ្នឹង​គឺ​ក្រៅពី​ទិញ​ឯកសារ​ថ្មី​មួយទៀត​មកពី​សឹង្ហ​បុរី​ដែល​និយាយ​អំពី​ករណី​ដែល​អាច​នឹងមាន គឺ​សឹង្ហ​បុរី​នាំ​ខ្សាច់​ចូល​ពី​កម្ពុជា​យើង​លក់​ត​ហ្នឹង យើង​បាន​ទិញ ហើយ​យើង​ឃើញថា​សម្រាប់​ឆ្នាំ​២០១៤​និង​២០១៥ គឺ​មិនមាន​ទ‍េ​»​។​

​លោក​អា​ឡិច កំពុង​ប្រមូល​ឯកសារ​បន្ថែមទៀត​ដើម្បី​ឱ្យគេ​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ដែល​នាំ​ខ្សាច់​ទាំង​នោះមក​ប្រទេស​ឥណ្ឌា​។​

លោក​អា​ឡិច ដែល​ត្រូវបាន​រដ្ឋាភិបាល​ហាមឃាត់​មិនឱ្យ​ចូល​ប្រទេស​កម្ពុជា​បញ្ជាក់ថា លោក​កំពុង​សិក្សា​ពី​នីតិវិធី​ប្តឹង​នៅ​តុលាការ​សឹង្ហ​បុរី​ប្រឆាំងនឹង​ក្រុមហ៊ុន ឬ​រដ្ឋាភិបាល​សឹង្ហ​បុរី​ចំពោះ​ការនាំ​ខ្សាច់​ចូល​ដោយ​ខុសច្បាប់​ក្នុងពេល​កន្លងមក​។​

«​ផ្លូវ​អាចមាន​ពីរ​។ ផ្លូវ​ទីមួយ​គឺ​ដាក់ពាក្យ​ប្តឹង​លើ​ក្រុមហ៊ុន​ឯកជន ឬក៏​ស្ថាប័ន​របស់​រដ្ឋាភិបាល​ពាក់​ព័ន្ធ​នឹង​ការ​នាំចូល​ខ្សាច់​ពី​កម្ពុជា ដែល​កម្ពុជា​នាំចេញ​ដោយ​ខុសច្បាប់​ឬក៏​គេ​ហៅថា​រត់ពន្ធ ឬក៏​ផ្លូវ​ទី​ពីរ​ដាក់ពាក្យ​ប្តឹង ដោយសារ​ខ្សាច់​នេះ​បណ្តាលឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​លើ​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា ជាពិសេស​ខេត្តកោះកុង ហើយ​ក៏មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ជីវភាព​រស់នៅ​ប្រជាជន​មូលដ្ឋាន​ក្នុង​ខេត្ត​កោះ​កុ​ង‍​»​។​



ថ្មី​ៗ
អត្ថបទ : ម៉ែន គឹម​សេង VOA

No comments: