សម្តេច​តេ​ជោ ហ៊ុន សែនៈ ការសម្ពោធ​អគារ​ទីស្នាក់ការ​ត្រួតពិនិត្យច្រកទ្វារព្រំដែន​អន្តរជាតិត្រពាំង​ក្រៀល ដើម្បី​ពង្រឹងពង្រីក​ទំនាក់ទំនង​រវាង កម្ពុជា ឡាវ​



ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ អញ្ជើញ​ធ្វើជា​អធិបតី​រួមគ្នា ក្នុង​ពិធី​សម្ពោធ​ដាក់ ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​អគារ​ទីស្នាក់ការ ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន អន្តរជាតិ​រវាង​កម្ពុ​ជា (​ត្រពាំង​ក្រៀល​-​ខេត្តស្ទឹងត្រែង​) និង​ឡាវ (​ច្រក​ណង​ណុ​ក​ខៀន​-​ខេត្ត​ចម្ប៉ា​សាក់​) នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧ នេះ​។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ ថ្លែង​សន្ទរកថា ក្នុង​ពិធី​សម្ពោធ បន្ទាប់មក បាន​អញ្ជើញ​កាត់​ខ្សែបូរ ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នូវ​អគារ ទីស្នាក់ការ​ត្រួតពិនិត្យ​នេះ​។

​បន្ទាប់ពី​ពិធី​សម្ពោធ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទៅ​ទស្សនា ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង ដែលមាន​ទីតាំង នៅក្នុង​ខេត្ត​ចម្ប៉ា​សាក់​។

​ការបើក​ឲ្យ​ប្រើប្រាស់ ច្រកទ្វារ​ត្រួតពិនិត្យ​ព្រំដែន ជាមួយ​សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ ថ្មី​នេះ បង្ហាញ​ពី​ការរីកចំរើន​ថ្មី​មួយ ក្នុង​ទំនាក់ទំនង​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ​។ ការបើក​ឲ្យ​ប្រើប្រាស់​នេះ ក៏​នឹង​ឆ្លើយតប​ផងដែរ ចំពោះ​តម្រូវ​ការពង្រឹង ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ ព្រមទាំង​ជួយ​សម្រួល បន្ថែមទៀត ដល់​ពាណិជ្ជកម្ម តាម​ព្រំដែន ទេសចរណ៍ និង​កា​រត​ភា្ជ​ប់ រវាង​ប្រទេស​ទាំងពីរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សូម​ធ្វើការ​វាយតម្លៃ​ខ្ពស់ និង​មានការ​ពេញចិត្ត ពេញ​ថ្លើម ចំពោះ​ការរីកចំរើន ឥតឈប់ឈរ នៅ​ទំនាក់​ទំនងជា​មិត្តភាព និង​សហប្រតិបត្តិការ ប្រកបដោយ​ផ្លែផ្កា លើ​គ្រប់​វិស័យ រវាង​ប្រទេស​ទាំងពីរ កម្ពុជា ឡាវ ដែលជា​ប្រទេស​ភូមិ​ផង របង​តែមួយ មាន​ប្រពៃណី សហការ​ជួយឧបត្ថម្ភ គាំទ្រ​គ្នា​ទៅវិញទៅមក ប្រកបដោយ​ភាពស្មោះសរ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា កិច្ចសហការ​រៀបចំ​រួមគ្នា នូវ​ពិធី​សម្ពោធ​ដាក់ ឲ្យ​ប្រើប្រាស់​នូវ អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ ច្រកទ្វារព្រំដែន​អន្តរជាតិ រវាង​កម្ពុជា (​ច្រក​ត្រពាំង​ក្រៀល​-​ខេត្តស្ទឹងត្រែង​) និង​ឡាវ (​ច្រក​ណង​ណុ​ក​ខៀន​-​ខេត្ត​ចម្ប៉ា​សាក់​) គឺជា​សម​ទ្ធិ​ផល​ថ្មី មួយទៀត ដើម្បី​ពង្រឹងពង្រីក ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ កម្ពុជា ឡាវ​។
​អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ ច្រកទ្វារព្រំដែន​អន្តរជាតិ​នេះ បាន​ត​ភ្ជាប់​ទៅវិញទៅមក រវាងផ្លូវ​ជាតិ​លេខ​៧ របស់​កម្ពុជា ជាមួយ​ផ្លូវជាតិ​លេខ​១៣ របស់​ឡាវ ដែលជា​ច្រករបៀង ដឹកជញ្ជូន​ផ្លូវគោក ដ៏​មាន​សក្តានុពល ក្នុង​ការតភ្ជាប់ ប្រទេស​ទាំងពីរ និង​ជា​បណ្តាញ​គមនាគមន៍ ត​ភ្ជាប់ រវាង​កម្ពុជា ឡាវ វៀតណាម ព្រមទាំង​បណ្តា​ប្រទេស នៅក្នុង​តំបន់​មេគង្គ​ផងដែរ​។

​ការអភិវឌ្ឍន៍​បណ្តាញ គមនាគមន៍​ត​ភ្ជាប់ រវាង​ប្រទេស​ទាំងពីរ ព្រម​ជាមួយនឹង​ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ត្រួតពិនិត្យ​ការចេញ ចូល ឆ្លងកាត់​ព្រំដែន ប្រកបដោយ​ភាពងាយស្រួល គឺ​ពិតជា​បាន​ចូលរួម​បង្កើន ទំហំ​ពាណិជ្ជកម្ម ការវិនិយោគ និង​ការដឹកជញ្ជូន ឆ្លងកាត់​ព្រំដែន ការបង្កើន​លំហូរ ភ្ញៀវ​ទេសចរណ៍ រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា ប្រទេស​ទី​៣ ឆ្លងកាត់​ព្រំដែន ព្រមទាំង​ជួយ​សម្រួល ដល់​ការផ្លាស់ប្តូរ ទំនិញ​កសិផល ការបង្កើន​ទំនាក់ទំនង ផ្សាភ្ជាប់​គ្នា រវាង​ប្រជាពលរដ្ឋ នៅ​តំបន់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ ស្របតាម​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត របស់​ថ្នាក់ដឹកនាំ និង​ប្រជាជន​នៃ ប្រទេស​ទាំងពីរ កម្ពុជា ឡាវ​៕



CEN
ដោយ: មុនីរាជ

No comments: