
ភ្នំពេញ: អតីតយុទ្ធជន ចំនួនជាង១២០នាក់ ពិការជើងក្នុងសមរភូមិ ទទួលបានជើងសិប្បនិម្មិតថ្មី ពីមូលនិធិជើងសិប្បនិម្មិត របស់ម្ចាស់ក្សត្រិយ៍ថៃ ដែលបានផលិត និងផ្តល់ជូនជើង សិប្បនិម្មិតដ៏ល្អ ជូនពួកគាត់ ដែលមិនធ្លាប់មានពីមុនមក។
ក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) លោកផេង បូ រស់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាជនពិការជើង ក្នុងសម័យសង្គ្រាមនាទសវត្សរ៍៨០ បានមានប្រសាសន៍ថា "ខ្ញុំពិការជើងនេះ ចាប់តាំងពីឆ្នាំ១៩៨៧មក ក្នុងសម័យសង្គ្រាម នៅសមរភូមិមុខ ដោយសារជាន់មីន"។
លោកក៏បានរៀបរាប់ អំពីផលលំបាក ដោយសារជើងពិការនោះ គឺមានច្រើនណាស់ មិនអាចរាប់អស់នោះទេ ដោយលោកបានបញ្ជាក់ថា យើងមិនអាចធ្វើការងារអ្វី ក៏មិនមាំទាំ ហើយនៅពេលដែលទទួលបាន ជើងសិប្បនិម្មិតថ្មីនេះ គឺបានជួយសម្រាល ទុក្ខលំបាកមួយកម្រិតធំ គឺអាចជិះម៉ូតូបាន ដើរបានស្រួលជាងមុន អាចធ្វើការងារអ្វីបាន គ្រាន់បើជាងមុន ដែលយើងដើរ ដោយពឹងផ្អែកលើឈើច្រត់។
ជានាយទាហានរាជរដ្ឋាភិបាលបម្រើមាតុភូមិ លោក រស់ សុវណ្ណ ដែលរស់នៅស្រុកណ្តាលស្ទឹង ខេត្តកណ្តាល បានចេញច្បាំង លើសមរភូមិប្រយុទ្ធ នៅខេត្តប៉ៃលិន ដោយបានជាន់គ្រាប់មីន ផ្ទុះដាច់ជើង នៅឆ្នាំ១៩៨៥ ។ ការរងគ្រោះដល់ថ្នាក់ដាច់ជើងបែបនេះ នៅពេលដែលដើរល្បាត នៅសមរភូមិ នាពេលរសៀល ដោយជាន់គ្រាប់មីនខ្យល់ ។ ប៉ុន្តែអតីតនាយទាហាន ច្បាំងលើសមរភូមិរាប់មិនអស់ ដែលធ្លាក់ខ្លួនពិការជើងទាំងគូ ដោយសារតែគ្រាប់មីន បានខិតខំពុះពារ ក្នុងឆាកជីវិត។ បន្ទាប់ពីពិការជើង ក៏ទទួលបានជើងសិប្បនិម្មិតមួយ ដែលគេធ្វើអំពីស្បែក ហើយនៅពេលនេះ គាត់មានអារម្មណ៍សប្បាយ និងត្រេកអរជាពន់ពេក ដោយទទួលបានជើងសិប្បនិម្មិតថ្មី ព្រោះដើរបានស្រួល ជាងមុន។ ក្នុងរយៈពេលកន្លងមក គាត់ធ្លាប់បានប្រើប្រាស់ ជើងសិប្បនិម្មិតនេះ អស់ចំនួន៣ជើងមកហើយ ។
លោកអ៊ុយ វឿន មានអាយុ៥៤ឆ្នាំ ដែលពិការជើង រស់នៅភូមិបេង ឃុំក្រាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ លោកបានពិការជើង នាឆ្នាំ១៩៨៦ ក្នុងសមរភូមិ ហើយមកទល់ពេលនេះ លោកបានក្លាយជានិវត្តជន ទៅហើយ និងទទួលបានប្រាក់ខែ ជាង៣០ម៉ឺនរៀល ក្នុងមួយខែ តែប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា នៅពេលដែលយើង ធ្លាក់ខ្លួនពិការហើយ បានធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំងដល់ជីវភាព ព្រោះយើងមិនអាចធ្វើការ អ្វីកើតនោះទេ ដោយពឹងផ្អែក លើមុខរបររបស់ប្រពន្ធ ដែលលក់នំចំណីបន្តិចបន្តួចតែប៉ុណ្ណោះ នៅមុខរោងចក្រ។
លោកបានបន្តថា "ខ្ញុំធ្លាប់ប្រើជើងសិប្បនិម្មិតនេះ អស់ចំនួនបីមកហើយ ហើយលើកនេះ សាកមកប្រើជើងថ្មី ដែលល្បីថាទំនើប និងរឹងមាំជាងជើងចាស់នោះ។ នៅត្រង់ជើងដែលកាត់នោះ បានធ្វើទុក្ខម្តងៗ ដោយកន្ត្រាក់សសៃ ខណៈពេលដែលយើង ក្តៅក្នុងខ្លួន ទាញឈឺរំជួយដល់ខួរក្បាល ហើយនៅពេលដែល សុខភាពរបស់យើងល្អប្រសើរ ជើងពិការនោះ មិនបានធ្វើទុក្ខ ឬឈឺចាប់ទេ ។
សូមបញ្ជាក់ថា ក្រុមហ៊ុនស្រាបៀរលីអូ បានបរិច្ចាគ ក្រវិលកំប៉ុងក្រោមយុទ្ធនាការ ចែករំលែកក្តីស្រឡាញ់ ជាមួយក្រវិលកំប៉ុងរបស់អ្នក ជូនដល់មូលនិធិជើងសិប្បនិម្មិតរបស់ ម្ចាស់ក្សត្រិយ៍ថៃ ដើម្បីផលិតជើងសិប្បនិម្មិត ជូនជនពិការកម្ពុជា។ កម្មវិធីនេះ ត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដោយក្រុមវេជ្ជបណ្ឌិត និងអ្នកជំនាញផលិត ជើងសិប្បនិមិ្មត បានចាប់ផ្តើមផលិតជើងទាំងនោះ ជូនបងប្អូនពិការជាពិសេសអតីតយុទ្ធជន ចំនួនជាង១២០នាក់ ដោយចាប់ដំណើរការផលិត ពីថ្ងៃទី២ ដល់៦ ខែមករា ឆ្នាំ២០១៧៕
CEN
ដោយ: ដាវុធ
No comments:
Post a Comment