ទំហំ​ពាណិជ្ជកម្ម​នាំចេញ​-​នាំចូល​បន្ត​កើនឡើង ជាង ៧ ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​



ភ្នំពេញ​: ការដោះដូរ​ទំនិញ​របស់​កម្ពុជា ទៅ​ក្រៅប្រទេស ក្នុង​ឆ្នាំ​២០១៦ សម្រេចបាន ក្នុង​ទឹកប្រាក់​ជាង ២០ ប៊ី​លាន​ដុល្លារ ដោយមាន​កំណើន​ជាង ៧ ភាគរយ បើ​ធៀប​នឹង​ការនាំចេញ​-​នាំចូល ក្នុង​ឆ្នាំ​២០១៥ ដែលមាន​តម្លៃ​ជាង ១៨ ប៊ី​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​របាយការណ៍ ពី​កាំកុងត្រូល​របស់ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា​។​

​បើតាម​របាយការណ៍​ដ​ដែល បាន​បង្ហាញថា ក្នុង​ឆ្នាំ​កន្លងទៅ កម្ពុជា​បានអនុញ្ញាត ឲ្យ​មានការ​នាំចូល​ទំនិញ និង​ផលិតផល​សំខាន់ៗ គិត​ជា​ទឹកប្រាក់ សរុប​ជិត​១១ ប៊ី​លាន​ដុល្លារ កើនឡើង​ជាង ៧ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ មាន​ត្រឹម​ជាង ១០ ប៊ី​លាន​ដុល្លារ តែប៉ុណ្ណោះ​។ ផលិតផល ដែល​កម្ពុជា ធ្វើការ​នាំចូល មាន​ជាអាទិ៍​៖ រថយន្ត គ្រឿងចក្រ​កសិកម្ម គ្រឿងបន្លាស់ ប្រេងឥន្ធនៈ គ្រឿង​អេឡិចត្រូនិក និង​អគ្គិសនី វត្ថុធាតុដើម បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ឱសថ​និង​សម្ភារៈ​បរិក្ខា​ពេទ្យ ម្ហូបអាហារ និង​ភេសជ្ជៈ សម្ភារៈ​និង​របស់របរ​ប្រើប្រាស់ ប្រចាំថ្ងៃ ជាច្រើន​មុន​ទៀត​។​

​ដោយឡែក ទំហំ​នៃ​ការនាំចេញ របស់​កម្ពុជា ក្នុង​រយៈពេល​ដូចគ្នានេះ គឺ​សម្រេចបាន នៅក្នុង​ទឹកប្រាក់​ជិត ៩ ប៊ី​លាន​ដុល្លារ ដោយមាន​កំណើន ៨ ភាគរយ បើ​ធៀប​នឹង​ការនាំចេញ កាលពី​ឆ្នាំ​២០១៥ ដែលមាន​ទឹកប្រាក់ ត្រឹម​ជាង ៨ ប៊ី​លាន​ដុល្លារ​។ ផលិតផល​សំខាន់ៗ​របស់​កម្ពុជា ដែល​បាន​នាំចេញ មានដូចជា​៖ សម្លៀកបំពាក់ ស្បែកជើង កង់ អង្ករ ម្រេច ជ័រកៅស៊ូ ពោត ចំណិត​ដំឡូង​មី គ្រឿង​បង្គុំ​រថយន្ត ជាដើម​។ ទីផ្សារ​របស់​កម្ពុ​ជាមាន​៖ សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង សហគមន៍​អាស៊ាន ជាដើម​។​

​ក្នុងឱកាស​បូកសរុប​ការងារ ពាណិជ្ជកម្ម ឆ្នាំ​២០១៦ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០១៧ របស់​ក្រសួងពាណិជ្ជកម្ម ដែល​ធ្វើឡើង កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៦ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែងថា ផលិតផល​ក្នុងស្រុក និង​ក្រៅប្រទេស នៅតែ​បន្តធ្វើ​អា​ហរ​ណ​នី​ហរ​ណ​។ លោក បាន​ឲ្យ​ដឹងថា ផលិតផល​ខ្មែរ កំពុង​ត្រូវបាន​ជំរុញ ការផ្សព្វផ្សាយ ដើម្បី​ស្វែងរក​ទីផ្សារ​បន្ថែម ពិសេស​ស្វែងរក​ទីផ្សារ​ថ្មីៗ​។ លោក​រដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម កំពុងតែ​ពិភាក្សា​ជាមួយ​ប្រទេស​មួយចំនួន​បន្ថែមទៀត​ដូចជា​៖ សមាគម​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី ទួរគី ប៊ែ​ល​ឡា​រូស ជាដើម ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​។​

​លោក ប៉ាន សូរ​ស័ក្ដិ បន្តថា ក្រសួង បានដាក់​ឲ្យ​អនុវត្តន៍​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​សំខាន់ៗ សម្រាប់​សម្រួល​ពាណិជ្ជកម្ម និង​បរិយាកាស​ធុរកិច្ច​។ ជាមួយគ្នានេះ ក៏បាន​នឹង​កំពុង​សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ចង្វាក់​តម្លៃ​សម្រាប់ ផលិតផល​ក្នុងស្រុក​មួយចំនួន ដែលមាន​សក្ដានុពល​នាំចេញ​ដូចជា​៖ សូត្រ អំពៅ ស្វាយ ចេក ស្ដ​រស ស្ដរ​ត្នោត ថ្ម​ចម្លាក់ ជាដើម​។​

​លោក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ទៀតថា នៅ​ឆ្នាំ​២០១៧​នេះ ក្រសួង​បានដាក់​ចេញ​ផែនការ​ថ្មីៗ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​របស់​កម្ពុជា សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា តាមរយៈ​គៀងគរ​ការ​និ​យោគ​ពី​ក្រៅប្រទេស មកកាន់​កម្ពុជា ដើម្បី​បង្កើត​ការងារ​ក្នុងស្រុក ៕

CEN
ដោយ: ដាវុធ

No comments: