គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​ការចោទប្រកាន់ របស់​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​



ភ្នំពេញ: គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ ចំពោះ​ការចោទប្រកាន់ របស់លោក​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ថា គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​អ្នក​ចង់​ឈរឈ្មោះ ជា​បេក្ខជន​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ត្រូវ​បង់លុយ ម្នាក់​៣៥០​ដុល្លារ ទើប​អាច​ឈរឈ្មោះ​បាន និង​តម្រូវ​ឲ្យ​បង់លុយ​ថ្លៃ ឈរឈ្មោះ​ជា​តំណាងរាស្ត្រ និង​លក់​លេខ​រៀង ថ្លៃ​រហូត​ពី ៥ ទៅ ៦​ម៉ឺន​ដុល្លារ ។​

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា អ្វីដែល​លោក​សួន សេរី​រដ្ឋា បានលើកឡើង គឺជា​ការមិនពិត ពីព្រោះ​អ្វីដែល​ជាគោលការណ៍ របស់​គណបក្ស ក្នុង​ការរៀបចំ​បេក្ខជន​ឈរឈ្មោះ គឺ​បើក​ជំហរ​ទទួល យក​ខ្មែរ​គ្រប់រូប ដែលមាន​បំណង ចង់​ឈរឈ្មោះ ជា​បញ្ជី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ ហើយ​គោល​វិនិច្ឆ័យ​មាន​៣ គឺ​ទី​១.​ក្រមសីលធម៌ សមត្ថភាព​។ ទី​២.​ការយល់ដឹង ពី​គោលនយោបាយ សកម្មភាព​ការងារ និង​ទី​៣.​កំណត់​លទ្ធភាព ក្នុងការ​បំពេញការងា​រ​។ ដូច្នេះ​មិនបាន​និយាយ​ពី​ថវិកា​នោះទេ​។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ បានកំណត់​មួយ​ហៅថា ការចំណាយ នៅក្នុង​យុទ្ធនា​ការឃោសនា នៅក្នុង​ឃុំ សង្កាត់ នីមួយៗ គឺ​ថ្នាក់ដឹកនាំ​ខេត្ត ស្រុក ឃុំ នាំគ្នា​ប្រជុំ​ពិគ្រោះ​យោបល់ ដើម្បី​រកប្រាក់ សម្រាប់​ចំណាយ នៅក្នុង​ពេលធ្វើ​យុទ្ធនាការ បោះឆ្នោត​ម្តងៗ​។​

​ទាក់ទង​ការ​ចោទថា យកលុយ​ពី ៥ ទៅ ៦ ម៉ឺន​ដុល្លារ ដើម្បី​ឈរឈ្មោះ តំណាងរាស្ត្រ ត្រូវបាន​អ្នកនាំពាក្យ គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់ថា ចំពោះ​ព័ត៌មាន​នេះ ក៏​មិន​ពិត​ដែរ​។ ហើយ​រាល់​បេក្ខជន​របស់ គណបក្ស​សង្គ្រោះ​ជាតិ គឺ​ចូលរួមចំណែក​រៀបចំ ធ្វើ​គំរោង​យុទ្ធនា​ការឃោសនា ទាំង​ថ្នាក់ជាតិ ទាំង​ថ្នាក់​ខេត្ត ថ្នាក់ឃុំ ស្រុក ដូច្នេះ​មិនមាន​នៅក្នុង​គោលការណ៍​គណបក្ស ឬមួយ​ក៏ត្រូវ​កំណត់ថា យកលុយ​នោះទេ​។ នេះ​គឺជា​ការ​មួលបង្កាច់ ចោទប្រកាន់ ដោយ​ខុស​ការពិត​។​

​លោក​សួន សេរី​ដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ទម្លាយ​រឿង​សម្ងាត់​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​បាន​ឲ្យ​អ្នក​ចង់​ឈរឈ្មោះ ជា​បេក្ខជន​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ត្រូវ​បង់លុយ ម្នាក់ ៣៥០ ដុល្លារ ទើប​អាច​ឈរឈ្មោះ​បាន និង​តម្រូវ​ឲ្យ​បង់លុយ​ថ្លៃ​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ និង​លក់​លេខ​រៀង​ថ្លៃ​រហូត​ពី ៥ ទៅ ៦​ម៉ឺន​ដុល្លារ ។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ស​សង្គ្រោះ​ជាតិ បាន​បដិសេធថា នេះ​មិនមែនជា​ការពិត​ទេ គឺជា​ការ​មួលបង្កាច់​ចោទប្រកាន់​ខុសពី​ការពិត​។​

​លោក​សួន សេរី​រដ្ឋា បាន​ឲ្យ​ដឹង កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែមករា ថា លោក​បានទទួល​ទូរស័ព្ទ ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ សួរ​លោក​ថា “​តើ​បេក្ខជន​ឈរឈ្មោះ ឃុំ​-​សង្កាត់ របស់​គណបក្ស​អំណាច​ខ្មែរ តម្រូវ​ឲ្យ​បង់លុយ​ថ្លៃ ឈរឈ្មោះ ឬទេ​? ពួកគាត់​បន្តថា ខាង​គណបក្ស​សង្គ្រោះ​ជាតិ គេ​តម្រូវ​ឲ្យ​អ្នក​ចង់​ឈរឈ្មោះ ជា​បេក្ខជន​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ត្រូវ​បង់លុយ​ម្នាក់​៣៥០​ដុល្លារ ទើប​អាច​ឈរឈ្មោះ​បាន​”​។​

​លោក​បាន​ឆ្លើយ​ប្រាប់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ថា គណបក្ស​អំណាច​ខ្មែរ មិនមាន​គោលការណ៍ តម្រូវ​ឲ្យ​អ្នក​ចង់​ឈរឈ្មោះ បង់លុយ​ថ្លៃ​ឈរឈ្មោះ​ទេ និង​មិន​ថា តែ​បេក្ខជន​សម្រាប់​ឃុំ​-​សង្កាត់ ទេ សូម្បី​បេក្ខជន​សមាជិកសភា តំណាង​ពលរដ្ឋ ក្នុង​សភាជាតិ ក៏​មិន​លក់​លេខ​រៀង យកលុយ​ពី​បេក្ខជន​ដែរ មានតែ​អ្នក​ជួយ​គាំទ្រ គណបក្ស​អំណាច​ខ្មែរ ពី​ក្រៅប្រទេស គេ​ជួយ​ថែមទៀត បើ​បេក្ខជន​នោះ សកម្ម​មាន​ប្រជា​ប្រជា​ប្រី​យ ទទួលបាន​ការគាំទ្រ​ច្រើន ពី​ពលរដ្ឋ​ក្នុង​មណ្ឌល​។​

​ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​បញ្ជាក់ថា “​បើ​បេក្ខជន​ឃុំ​-​សង្កាត់ ម្នាក់​តម្រូវ​ឲ្យ​បង់លុយ​ថ្លៃ​ឈរឈ្មោះ និង​លក់​លេខ​រៀង ថ្លៃ​រហូតដល់​ទៅ ៣៥០​ដុល្លារ ហើយ​បេក្ខជន​សភា តម្រូវ​ឲ្យ​បង់លុយ​ថ្លៃ​ឈរឈ្មោះ និង​លក់​លេខ​រៀង​ថ្លៃ​រហូត ៥ ទៅ ៦ ម៉ឺន​ដុល្លារ បែបនេះ តើ​គណបក្ស​នោះ ជា​គណបក្ស​ចោរប្លន់​មែន​ទេ ?​។ មេដឹកនាំ គេ​មាន​ជាតិ នៅ​ពីលើ​ក្បាល ឬ​លុយ​នៅ​ពីលើ​ក្បាល ? ហើយ​កន្លងមក បេក្ខជន​ដែល​ឈរឈ្មោះ ជាប់​ឈ្មោះ​នោះ គឺ​សុទ្ធតែ​អ្នក​យកលុយ ទៅ​ទិញ​លេខ​រៀង​ឈរឈ្មោះ​ទាំងអស់ បែប​ហ្នឹងហើយ​បានជា​កំសាក​ល្ងង់ ហើយ​អសមត្ថភាព និង​មិន​ហ៊ាន​ដឹកនាំ អ្នកគាំទ្រ​តវ៉ា​ការពារ ប្រយោជន៍​ជាតិ​នោះ​”៕

CEN
ដោយ: មុនីរាជ

No comments: