
ភ្នំពេញ: រាជរដ្ឋាភិបាល គ្រោងនឹងសាងសង់មណ្ឌលអប់រំ ព្យាបាល នីតិសម្បទា អ្នកញៀនថ្នាំ ថ្នាក់ជាតិ នៅខេត្តព្រះសីហនុ លើផ្ទៃដី ២០ ហិកតា ដែលគ្រោងនឹងចំណាយ ថវិកាសាងសង់ជាង ៤ លានដុល្លារអាមេរិក។ ការបង្កើតនេះ គឺដើម្បីដកអ្នកញៀនគ្រឿងញៀន ឲ្យទៅទទួលបាន នូវការបន្សាប និងទទួលបានជំនាញវិជ្ជាជីវៈ មុនពួកគេវិលចូលសហគមន៍ និងក្រុមគ្រួសារវិញ។
ការបង្កើតការឲ្យមាន មណ្ឌលអប់រំព្យាបាល នីតិសម្បទាអ្នកញៀនថ្នាំ គឺគ្រោងនឹងបង្កើត នៅគ្រប់បណ្តារាជធានី ខេត្ត នៅទូទាំងប្រទេស។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីចប់កិច្ចប្រជុំ ពិនិត្យផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ កាលពីល្ងាចថ្ងៃទី២ ខែមករា ថា ទំហំដីសម្រាប់ត្រៀមសាងសង់ មណ្ឌលបន្សាបអ្នកញៀន ថ្នាំថ្នាក់ជាតិនេះ គឺមានទំហំ ២០ ហិកតា គ្រោងនឹងចំណាយថវិកា ប្រមាណជាង ៤ លានដុល្លារអាមេរិក។
លោកបានបញ្ជាក់ថា ការសម្រេចជ្រើសរើសយក ខេត្តព្រះសីហនុ សម្រាប់សាងសង់ មណ្ឌលបន្សាបគ្រឿងញៀនថ្នាក់ជាតិនេះ គឺដោយសារតែតំបន់ ខេត្តព្រះសីហនុ មានធាតុអាកាស ខ្យល់បរិសុទ្ធល្អ និងមានកន្លែងការងារ សម្រាប់អ្នកញៀនថ្នាំ ដើម្បីឱ្យពួកគេឆាប់ជាសះស្បើយ។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តថា អាជ្ញាធរត្រៀមចាប់ខ្លួន អ្នកប្រើប្រាស់គ្រឿងញៀន ធ្ងន់ធ្ងរជាង ៥ ពាន់នាក់ ក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀន ជាង១ម៉ឺននាក់ នៅទូទាំងប្រទេស ដើម្បីនាំខ្លួនពួកគេ ចូលមណ្ឌលកែប្រែ បន្សាបសារធាតុញៀន។
លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ បានបញ្ជាក់ថា ការបង្កើតឲ្យមាន មណ្ឌលអប់រំព្យាបាល នីតិសម្បទា អ្នកញៀនថ្នាំនេះ វាជួយកាត់បន្ថយបទល្មើស ដោយសារតែតាមការស្រាវជ្រាវ រកឃើញថា អ្នកប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ ប្រមាណជាង ៥០% មានប្រភពចេញពី អ្នកប្រើប្រាស់គ្រឿងញៀន។
លោកបានបន្តថា ការបង្កើតឲ្យមាន មណ្ឌលអប់រំព្យាបាល នីតិសម្បទា អ្នកញៀនថ្នាំនេះ វាជួយកាត់បន្ថយបទ ល្មើស ដោយសារតែតាមការស្រាវជ្រាវ រកឃើញថា អ្នកប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ ប្រមាណជាង ៥០ ភាគរយ មានប្រភពចេញពី អ្នកប្រើប្រាស់គ្រឿងញៀន។ បច្ចុប្បន្ននេះ មណ្ឌលអប់រំព្យាបាល នីតិសម្បាទាអ្នកញៀនថ្នាំ របស់រដ្ឋ មានចំនួន៧កន្លែង ហើយឯកជនមានចំនួន៣កន្លែងប៉ុណ្ណោះ ដែលធ្វើឲ្យការអប់រំកែប្រែបន្សាបអ្នកញៀនថ្នាំនេះ គឺវាមិនសមាមាត្រនឹងចំនួនអ្នកដែលញៀនគ្រឿងញៀនជាង១ម៉ឺននាក់ ហើយការទទួលការព្យាបាល បានមាន តែ៤០ភាគរយប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា គម្រោងនៃការបង្កើតឲ្យមានមណ្ឌលអប់រំព្យាបាលនីតិសម្បាទា អ្នកញៀនថ្នាំ នឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ហើយខេត្តណា ដែលមានលទ្ធភាពគឺអាច បង្កើតមុនគេ។ ដោយឡែក អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយមន្ទីរសង្គមកិច្ច នឹងបង្កើតឲ្យមានមណ្ឌលអប់រំ ព្យាបាលនីតិសម្បាទា អ្នកញៀនថ្នាំចំនួនពីរ កន្លែងផងដែរ។
បើតាមរបាយការណ៍ប៉ូលិសបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៦ នគរបាលនិងកងរាជអាវុធហត្ថ បង្ក្រាបករណីគ្រឿងញៀនបាន ៤.១៩១ករណី (បទល្មើសប្រើប្រាស់ ១.១១២ករណី) ចាប់ជនសង្ស័យសរុប ៩.៨០២នាក់ (អ្នកប្រើប្រាស់គ្រឿងញៀន ៣.៦១១នាក់) និងរឹបអូសគ្រឿងញៀនជាង ១៧៥គីឡូក្រាម។
លោកបានបញ្ជាក់ថា កត្តានេះធ្វើឲ្យការប្រើប្រាស់ គ្រឿងញៀន មានការកើនឡើង និងមានការរីករាលដាល គួរឲ្យបារម្ភ ពីទីក្រុងរហូត ដល់ជនបទតំបន់ ដាច់ស្រយាលមួយចំនួន (តាមតួលេខនៃការធ្វើទម្រង់ អ្នកញៀនគ្រឿងញៀន មានចំនួន ១៨.៥៥៤នាក់ កើនឡើង៤.២៤២នាក់ ស្មើនឹង ២៩.៦៣% ធៀបនឹងពេលមុន)។ បញ្ហាគ្រឿងញៀន ក៏បានជះឥទ្ធិពលដល់ សកម្មភាពប្រព្រឹត្តបទល្មើស ដែលកាន់តែមានចរិត សាហាវព្រៃផ្សៃ គិតទាំងករណី គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពី អ្នកបើកបរប្រើប្រាស់គ្រឿងញៀន ៕
CEN
ដោយ: មុនីរាជ
No comments:
Post a Comment