គណបក្សសង្គ្រោះជាតិ បញ្ជាក់ដោយសុទិដ្ឋិនិយមថា ដំណើរការចរចានយោបាយនឹងបន្តទៅមុខ ហើយការលុបចោលតួនាទីប្រធានក្រុមភាគតិចក្នុងសភា ក៏មិនមែនជាឧបសគ្គរារាំងដល់ការចរចានោះដែរ។
ការលើកឡើងនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមធ្វើវិសោធនកម្មប្រការ៤៨ (បី) នៃបទបញ្ជាផ្ទៃក្នុងសភា។ ចំណែកអ្នកវិភាគយល់ថា តួនាទីនេះមិនចាំបាច់ក្នុងការចរចាសម្រាប់ប្រព័ន្ធប្រជាធិបតេយ្យបែបសភានិយមទេ តែឆន្ទៈនយោបាយឯណោះទៅវិញទេ ដែលនឹងជំរុញការចរចាឲ្យដើរទៅមុខ និងទទួលបានជោគជ័យ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៦ មករា លែងចង់ឲ្យមានប្រធានក្រុមមតិភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្ត្រនោះឡើយ។
លោក ហ៊ុន សែន ប្រាប់គេហទំព័រព័ត៌មានហ្វ្រេសញូវ (FreshNews) ថា លោកស្នើឲ្យធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាត្រង់ប្រការ៤៨ថ្មី (បី) ដើម្បីលុបចោលប្រធានក្រុមមតិភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្ត្រ បើយន្តការដែលទើបបង្កើតនេះពិបាកក្នុងការធ្វើការ រួមទាំងការប៉ុនប៉ងចរចាដោះលែងអ្នកទោសដែលបំពានដល់អំណាចតុលាការផងនោះ។
លោកនាយករដ្ឋមន្ត្រីបន្តទៀតថា ការធ្វើដូចនេះ គឺឆាប់ចប់រឿង ព្រោះមិនបាច់ពិបាករៀបចំរបៀបវារៈនៃការប្រជុំទៀតទេ ព្រោះយន្តការនោះវារលាយបាត់តាមរយៈវិសោធនកម្មដែលនឹងត្រូវធ្វើ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់អាស៊ីសេរីថា លោកមិនទាន់ទទួលបានព័ត៌មានពីបំណងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះនៅឡើយ៖ «អត់ដឹងទេ។ រឿងវប្បធម៌សន្ទនា រឿងផ្សេង រឿងដាច់ដោយឡែកពីគ្នា។ ឥឡូវនេះកំពុងចរចាគ្នាពីរឿងរបៀបវារៈពេលវេលា»។
![]() |
| អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។ Photo: RFA |
តួនាទីប្រធានក្រុមមតិភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្ត្រ ត្រូវបានបង្កើតឡើងក្រោយកិច្ចចរចាបញ្ចប់ជម្លោះនយោបាយរវាងគណបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដោយដៃគូសន្ទនានៅពេលនោះ គឺរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី។
ក៏ប៉ុន្តែសភាបានបោះឆ្នោតអនុម័តប្ដូរតួនាទីនេះមកឲ្យប្រធានស្ដីទីគណបក្សប្រឆាំង លោក កឹម សុខា ធ្វើដៃគូសន្ទនាជាមួយនឹងលោក ហ៊ុន សែន កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅខណៈលោក សម រង្ស៊ី ត្រូវបានរដ្ឋាភិបាលហាមមិនឲ្យចូលប្រទេសវិញនោះ។
ទាក់ទងនឹងការប្រកាសរបស់លោក ហ៊ុន សែន ចង់ធ្វើវិសោធនកម្មប្រការ៤៨ (បី) លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងឲ្យអាស៊ីសេរីដឹងថា ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីនេះ នឹងមិនប៉ះពាល់ដល់ដំណើរការចរចានយោបាយរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា នោះទេ។ លោកមានសុទិដ្ឋិនិយមចំពោះការចរចានយោបាយនេះ៖ «ខ្ញុំមិនចាប់អារម្មណ៍ទេ។ គណបក្សសង្គ្រោះជាតិ ពីដើមមកមិនដែលគិតពីរឿងតួនាទី តំណែងអីប៉ុន្មានទេ។ ករណីហ្នឹង បើគណបក្សប្រជាជនកម្ពុជា ចង់ធ្វើ ធ្វើបានតើ! ប៉ុន្តែសម្រាប់គណបក្សសង្គ្រោះជាតិ យល់ថា វាមិនមែនជារឿងចាំបាច់ក្នុងដំណើរការចរចា និងការរកដំណោះស្រាយនោះទេ»។
លោក យឹម សុវណ្ណ បន្ថែមទៀតថា គណបក្សសង្គ្រោះជាតិ ត្រៀមខ្លួនរួចរាល់សម្រាប់ផ្ដើមការចរចាជាមួយគណបក្សកាន់អំណាច។
សម្រាប់លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា ថ្លែងថា តួនាទីប្រធានក្រុមមតិភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្ត្រ គឺមិនចាំបាច់សម្រាប់ប្រព័ន្ធនយោបាយដែលប្រកាន់យកប្រព័ន្ធសភានិយមដូចកម្ពុជា នោះទេ។ លោកថា ការធ្វើវិសោធនកម្មដែលលោក ហ៊ុន សែន កំពុងចង់បាន គឺមិនប៉ះពាល់ដល់ការចរចានយោបាយនោះទេ។ លោកបញ្ជាក់ថា ប្រសិនបើអ្នកនយោបាយមានឆន្ទៈពិតប្រាកដ ការចរចានឹងដំណើរការទៅដោយរលូន៖ «ប្រហែលជាគាត់ឃើញមានការជំរុញឲ្យមានការចរចា គាត់ឃើញមាននីតិវិធីសភា រឿងភាគតិច ភាគច្រើន ជារឿងមួយដែលអាចរញ៉េរញ៉ៃសាំញ៉ាំ។ នេះអាចជាមូលហេតុមួយ។ ប៉ុន្តែពីដើមមក ខ្ញុំឃើញតួនាទីនេះមិនមានសារសំខាន់ទេ។ វាជាការជួបគ្នានៅសភា។ នេះជាតួនាទីរបស់សភាស្រាប់។ បើគ្មានប្រធានសភា (មតិ) ភាគច្រើនភាគតិច ក៏មិនមានផលប្រយោជន៍អីដែរ»។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានព្រះមហាក្សត្រព្រះរាជទានទោសកាលពីដើមខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីអន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ស្ថានការណ៍នយោបាយបានធូរស្រាល ដោយការចរចានយោបាយត្រូវចាប់ផ្ដើមឡើងវិញ ហើយលោក កឹម សុខា សន្យាសម្របសម្រួលដោះលែងអ្នកការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ពីការជាប់ឃុំនៅពន្ធនាគារ។ អ្នកទាំងនោះត្រូវបានអ្នកនយោបាយឲ្យដឹងថា នឹងអាចមានសេរីភាពនៅចុងឆ្នាំ២០១៦ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានកាលបរិច្ឆេទជាក់លាក់នៃការចរចាដោះលែងនៅឡើយ។
គិតត្រឹមថ្ងៃទី១៦ មករា អ្នកការពារសិទ្ធិមនុស្ស និងអតីតអ្នកការពារសិទ្ធិមនុស្សទាំង ៥នាក់ ត្រូវតុលាការឃុំខ្លួនក្នុងពន្ធនាគារចំនួន ២៦៣ថ្ងៃហើយ។
មកដល់ពេលនេះ គណបក្សទាំងពីរដែលមានអាសនៈក្នុងសភា មិនទាន់កំណត់ពេលវេលាជាក់លាក់សម្រាប់ការបើកការចរចានយោបាយនេះនៅឡើយ៕
RFA
ដោយ សាន សែល


No comments:
Post a Comment