ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ ​សហការ​ជាមួយ​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស​ផ្ដល់​សេវា​បន្ដ​សុពលភាព​លិខិតឆ្លងដែន​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ ដោយ​ឥតគិតថ្លៃ​



ភ្នំពេញ ៖ ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​ការ​ចំណាយ និង​ពេលវេលា​ព្រមទាំង​ដើម្បី​អនុវត្ត​យន្ដ​ការ​បង្ខិត​សេវា​ឲ្យ​ជិត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ស្ថានទូត​បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស ទីក្រុង​គីម​ហេ និង​សមាគម​ខ្មែរ​ទីក្រុង​គីម​ហេ បាន​ចុះ​ប្រឹក្សា​យោបល់ និង​ផ្តល់​សេវា​បន្ដ​សុពលភាព​លិខិតឆ្លងដែន​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​ខ្មែរ នៅ​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស​ទីក្រុង​គីម​ហេ បាន​ចំនួន ២៤៣ ច្បាប់ កាលពី​ថៃ្ង​អាទិត្យ​ទី​១៥ ខែមករា ឆ្នាំ​២០១៧​នេះ។

មន្ត្រី​ទូត​បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​នឹង​បន្ដ​បំពេញភារកិច្ច​នេះ​ឲ្យ​អស់ពី​លទ្ធភាព ប្រកបដោយ​ប្រសិទ្ធ​ភាព ដើម្បី​ផ្ដល់​សេវា​សាធារណៈ និង​ការ​គាំពារ​ផ្នែក​ច្បាប់​ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស ក៏ដូចជា​សមាគម​ខ្មែរ តាម​តំបន់​នានា​។ ជាមួយគ្នានេះ​ស្ថានទូត​ក៏បាន​សម្ដែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សមាគម​នានា ដែល​បាន​នឹង​តែងតែ​ជួយ​សហការ​បង្ក​លក្ខណៈ ជា​មួយ​នឹង​ក្រុមការងារ​ស្ថានទូត ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ការចូលរួម អភិរក្ស និង​អភិវឌ្ឍន៍ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ ក្នុង​ស្មារតី​សាមគ្គីភាព ក្រោម​ដំបូល​សន្តិភាព ក្រោម​អត្ថន័យ ខ្មែរ​តែមួយ​អនាគត​តែមួយ​៕

កម្ពុជា​ថ្មី
ស្រីរ័ត្ន​

No comments: