សាលាឧទ្ធរណ៍ នឹងប្រកាសសាលដីការសំណុំរឿង លោក សម រង្ស៊ី ចោទសម្តេចតេជោទិញ Facebook Like ក្លែងក្លាយ នៅថ្ងៃ៩កុម្ភៈ



(ភ្នំពេញ)៖​ បន្ទាប់ពីបើកសវនាការ នៅរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ សាលាឧទ្ធរណ៍​ បានសម្រេចប្រកាសសាលដីកា ចំពោះករណី លោក សម រង្ស៊ី បរិហារកេរ្តិ៍លើសម្តេចតេជោ ហ៊ុន សែន ថាប្រើប្រាស់ និងទិញ Facebook Like ក្លែងក្លាយនោះ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ។

សវនាការនៅសាលាឧទ្ធរណ៍នារសៀលនេះ បានបិទបញ្ចប់នៅម៉ោងប្រមាណ៣៖៣០នាទីរសៀល ក្នុងនោះមាន លោក​ សំរិទ្ធ​ សុផល ជាប្រធានអង្គជំនុំជម្រះ ហើយក៏មានការចូលរួមពី លោក សំ សុគង់ មេធាវីរបស់ លោក​ សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិផងដែរ។ នៅក្នុងសវនាការនេះ តំណាង​មហា​អយ្យការ​ និង​ ដើម​បណ្ដឹង ​លោក​ សោម​ សឿន បានស្នើ​ឱ្យសាលាឧទ្ធរណ៍ តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ឱ្យនៅដដែល​ ខណៈដែល មេធាវី​រ​បស់ លោក សម រង្ស៊ី គឺលោកសំ​ សុគង់ ​បានស្នើ​សាលាឧទ្ធរណ៍​ទម្លាក់​ការ​ចោទប្រកាន់នេះ។

សូមជំរាបថា កាលពីថ្ងៃ​ទី​១០​ ខែ​មីនា​ ឆ្នាំ​២០១៦​ លោក​ សោម​ សឿន​ អាយុ​៦៤ឆ្នាំ​ ជា​រដ្ឋមន្ត្រី​អម​នាយករដ្ឋ​​មន្ត្រី​ បាន​ប្តឹង​លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​ភ្ជាប់​ការ​បង្ហោះ​ផ្សាយ​ព័ត៌មាន​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ លោក​ សម​ រង្ស៊ី​ កាលពី​ថ្ងៃទី​៩​ ខែ​មីនា​ ឆ្នាំ​២០១៦​។

ក្នុង​ពាក្យ​បណ្ដឹង​ បាន​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​៩​ ខែ​មីនា​ ឆ្នាំ​២០១៦​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​សម​ រង្ស៊ី​ (​Sam Rainsy) ​បាន​បង្ហោះ​អត្ថបទ​ ដែល​មាន​ខ្លឹមសារ​មូលបង្កាច់ខុស​ពី​ការ​ពិត​ ដែល​ចោទ​ប្រកាន់​ លោក​ សោម​ សឿន​ ថា​ បាន​ណែនាំ​ដល់​មន្ត្រី​ អ្នក​គាំទ្រ​ និង​បណ្តាញ​ រួម​ទាំង​មន្ត្រី​រាជការ​ស៊ី​វិល​ ប៉ូលិស​និង​ទាហាន​ ដើម្បី​បង្កើត​គណនី​ក្លែងក្លាយ​ ក្នុង​គោលបំណង​ផ្តល់​ការ​ Like សិប្បនិម្មិត​ដល់​ទំព័រ​ហ្វេសប៊ុក​របស់​សម្តេច​​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា​ ដោយ​ភ្ជាប់​ជាមួយ​ការ​អត្ថាធិប្បាយ​ ថា​ Like មួយ​ចំនួន​ធំ​ដែល​បង្ហាញ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សម្តេច​ គឺ​បាន​មក​ពី​ការ​ទិញ​ ឬ​ ជួល​មនុស្ស​ក្រីក្រ​ ដែល​អត់​ការងារ​ធ្វើ​ឲ្យ​បង្កើត​ Accounts (គណនី​)​ Facebook ក្លែងក្លាយ​ដើម្បី​ផ្ដល់​ Like សិប្បនិម្មិត​ ក្លែង​បន្លំ​ជូន​សម្ដេច​។

ក្នុង​ពាក្យ​បណ្ដឹង​ បាន​ចាត់​ទុក​ថា​ ការ​បង្ហោះ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ថ្នាក់​ដឹកនាំ​ជាតិ​ និង​លោក​ សោម​ សឿន​ យ៉ាង​ធ្ងន់ធ្ងរ​។

បន្ទាប់ពីមានការដាក់ពាក្យបណ្តឹងនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមសំណុំរឿងនេះ ដោយពិន័យប្រាក់ លោក សម​ រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ ចំនួន១០លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តទៅជនរងគ្រោះ១៥លានរៀល ដល់លោក សោម សឿន ដែលជាម្ចាស់បណ្តឹង ពីបទបរិហារកេរ្តិ៍ជាសាធារណៈថា លោក សោម សឿន ជាអ្នករៀបចំចាត់ចែកឱ្យមន្រ្តីរាជការ បង្កើតគណនី Facebook ក្លែងក្លាយ ដើម្បី Like ក្លែងក្លាយ នៅលើទំព័រ Facebook សម្តេចតេជោ ប៉ុន្តែសាលក្រមនេះ ត្រូវបានមេធាវីរបស់ លោក សម រង្ស៊ី ដាក់ពាក្យប្តឹងជំទាស់៕

Fresh News

No comments: