គម្រោង​អភិវឌ្ឍន៍​ទំនប់​ពហុ​បំណង​បាត់ដំបង សម្រេច ៩៨ភាគរយ អាច​ស្តុក​ទឹក ២៨៦ លាន​ម៉ែត្រគូប



បាត់ដំបង: គិត​មក​ត្រឹម​ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៧ នេះ ដំណើរការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ទំនប់​ពហុ​បំណង​បាត់ដំបង ដែលជា គម្រោង អភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រ​ដ៏​ធំ ស្ថិតក្នុង​ខេត្តបាត់ដំបង សម្រេច​ការងារ​បាន​ប្រមាណ ៩៨% ហើយ​។ នេះ​បើតាម ការផ្សព្វផ្សាយ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុ​និ​ម​យ​នៅ​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០១៧​។​

បើតាម​ក្រសួង​ជំនាញ​ដដែល​បាន​បន្តថា គម្រោង​អភិវឌ្ឍន៍ ទំនប់​ពហុ​បំណង​បាត់ដំបង មាន​ទីតាំង​សំណង់​មេ​ស្ថិតនៅក្នុង​ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។ គម្រោង​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អនុវត្ត​ដោយ​លើក​ទំនប់​ត​ភ្ជាប់​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ (​ភ្នំ​ជី​ប៉ាង ទៅ​ភ្នំ​កូប​) ដើម្បី​បង្កើតជា​អាងទឹក ដែលមាន​សមត្ថភាព​ស្តុក​ទឹកបាន ចំនួន ២៨៦ លាន​ម៉ែត្រគូប​។​

​ទឹក​ដែល​ប្រមូល​ស្តុក​ទុក​នេះ នឹងត្រូវ​ទម្លាក់​តាម​ដង​ស្ទឹង​សង្កែ រួច​បន្ត​ចែកចាយ​តាម​ប្រឡាយ​មេ ប្រឡាយ​រង ទៅ​ស្រោចស្រព​លើ​ផ្ទៃដី​ស្រូវវស្សា ចំនួន ៤៧.០០០ ហិកតា និង​ស្រូវប្រាំង ចំនួន ១២.០០០ ហិកតា នៅក្នុង​ស្រុក​រតនមណ្ឌល បាណន់ សង្កែ និង​ស្រុក​មោងឫស្សី ។ គម្រោង​នេះ ក៏​អាច​ទាញយក​ថាមពល​វា​រី​អគ្គិសនី ចំនួន ១៣,១០ មេ​ហ្គា​វ៉ា​ត់ ព្រមទាំង​កាត់បន្ថយ​ទឹកជំនន់ និង​ផ្តល់​ទឹក​សម្រាប់​ការប្រើប្រាស់ ដល់​ក្រុង​បាត់ដំបង ផងដែរ ។ គម្រោង​អភិវឌ្ឍន៍​ទំនប់​ពហុ​បំណង​បាត់ដំបង គ្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខនេះ ៕




CEN
ដោយ: ដាវុធ

No comments: