គម្រោង​អភិវឌ្ឍន៍​ធនធាន​ទឹក ស្ទឹង​ស្រែង ជំហាន​ទី ២ គ្រោង​នឹង​បញ្ចប់​សាងសង់​នៅ​អំឡុង​ខែមីនា​



ភ្នំពេញ ៖ យោង​តាម​ការ​បញ្ជាក់​របស់​គេហទំព័រ ក្រសួង​ធនធាន​ទឹក បាន​ឲ្យ​ដឹង​ថា​ គម្រោង​អភិវឌ្ឍន៍​ធនធាន​ទឹក ស្ទឹង​ស្រែង ជំហាន​ទី ២ ដែល​មាន សក្ដានុពល ផ្គត់​ផ្គង​ទឹក លើ​ខេត្ត​ឧត្តរមានជ័យ បន្ទាយ​មានជ័យ និង​ខេត្ត​សៀមរាប គិត​មកដល់ពេលនេះ សម្រេច​ការងារ​បាន​ប្រមាណ ៩៩% ហើយ។

ក្រសួង​បន្ត​ថា ​បន្ទាប់ពី​បាន​បញ្ចប់​ការអនុវត្ត​ជំហាន​ទី ១ ដោយ​ជោគជ័យ​រួចមក ក្រសួង ធនធានទឹក និង​ឧតុនិយម កំពុង អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ធនធាន​ទឹក ស្ទឹង​ស្រែង ជំហាន​ទី ២ ស្ថិតនៅ​ក្នុង​ភូមិ​ស្រះ​កែវ ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ ដោយបាន​សាងសង់​សម្រេច ប្រមាណ ៩៩% ហើយ​ ដែល​គ្រោង​នឹង​បញ្ចប់​សាងសង់​នៅ​អំឡុង​ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ​។

ក្រសួង បន្ថែម​ថា ការងារ​ជា​អាទិភាព​នៅ​ក្នុង​ជំហាន​ទី ២ នេះ គឺ​ការសាងសង់​ទំនប់​អាងទឹក ប្រវែង ២.៨០០ ម៉ែត្រ ត​ភ្ជាប់​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ (​ភ្នំ​កំបោរ ទៅ​ភ្នំ​រូង​ដែក​) ដែល​មាន​សមត្ថភាព​ស្តុក​ទឹកបាន ២៥៨ លាន​ម៉ែត្រគូប ។ ក្រោយពេល​សាងសង់​ជំហាន​ទី ២ រួចរាល់​ជា​ស្ថាពរ នៅ​អំឡុង​ខែមីនា ឆ្នាំ ២០១៧ ខាងមុខនេះ គម្រោង​អភិវឌ្ឍន៍​ធនធាន​ទឹក ស្ទឹង​ស្រែង នឹង​ផ្តល់​ទឹក​សម្រាប់​យក​ទៅ​ផ្គត់ផ្គង់​ដីស្រែ ជាង ២៥.០០០ ហិកតា ក្នុង​ខេត្ត​ចំនួន ៣ គឺ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប។ ទន្ទឹម​នឹង​នោះ គម្រោង​នេះ ក៏​នឹង​ដើរតួនាទី​កាត់បន្ថយ​ទឹកជំនន់ និង​ផ្តល់​ទឹក​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ផង​ដែរ៕

កម្ពុជា​ថ្មី
ឌួង​វិ​រះ​ជ័យ​

No comments: