ជនពិការ យល់ព្រម​ឈប់​ប្រគំ​តន្ត្រី​តាម​ទីសាធារណៈ​



​ភ្នំពេញ​៖ ក្រោយ​កិច្ចប្រជុំ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​២០​មករា ជនពិការ​បាន​យល់ព្រម​បញ្ឈប់​ការប្រគំ​តន្ត្រី​នៅតាម​ទីកន្លែង​សាធារណៈ ជាពិសេស​តាម​ដងផ្លូវ​ពិសេស​នៅតាម​ផ្លូវកែង​ដែលមាន​ភ្លើង​សញ្ញា​ចរាចរណ៍​។ សាលា​រាជធានី​ភ្នំពេញ​វិញ​បាន សន្យា​សាងសង់​ឆាក​តន្ត្រី​ចំនួន​៣​កន្លែង សម្រាប់​ពួកគេ​ប្រកប​របរ​នេះ​។ លោក ងឹ​ម សៅ​រ័ត្ន នាយក​អង្គការ​ជនពិការ​កម្ពុជា បាន​សំណូមពរ​ឲ្យ​សាលា​រាជធានី ពង្រីក​ឆាក​តន្ត្រី​ចំនួន​២​កន្លែង​ទៀត ដោយ​លោក​លើក​ហេតុផល ថា ការផ្តល់​ឲ្យ​តែ​៣​កន្លែង​នេះ មិនអាច​គ្រប់គ្រាន់​នោះទេ ខណៈ​ជនពិការ​មាន​ចំនួន​ច្រើន​នោះ​។​

ក្រោយ​ជំនួប​ជាមួយ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២០ មករា ក្រុម​តន្ត្រី​ជនពិការ បាន​ឯកភាពគ្នា​ក្នុង​ការឈប់​ច្រៀង​តាម​ទីសាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ពួកគេ​បាន​យល់ព្រម ប្រកប​របរ​ប្រគំ​តន្ត្រី​នេះ នៅតាម​ទីតាំង​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​រៀបចំ​ជូន​ចំនួន​៣​កន្លែង​។ ទីតាំង​ទាំងនោះ​រួមមាន​៖ រមណីយដ្ឋាន​វត្តភ្នំ អតីត​ទីលាន​ប្រជាធិបតេយ្យ និង​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី​។​

​ការរៀបចំ​ឆាក​តន្ត្រី​ទាំងបី​កន្លែង​ខាងលើ គឺ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​សាងសង់​។ បន្ថែម​ពីនេះ មន្ទីរ​សង្គមកិច្ច​រាជ​ធានី​ភ្នំពេញ​បាន​សន្យា​ជួយ​ជនពិការ​ទាំងអស់ ដូចជា​៖ ការពង្រឹង​សមត្ថភាព ចំណេះ ជំនាញ ដើម្បី​ពួកគេ​មានលទ្ធភាព​រកបាន​កា​រងារ​ថ្មី​ទៀត​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ​។

​ទាក់ទង​និង​បញ្ហា​នេះ លោក ងិន សៅ​រ័ត្ន នាយក​អង្គការ​ជនពិការ​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​យល់ស្រប​នឹង​ការសម្រេច​នេះ​។ លោក​និយាយថា​៖«​ការសម្រេច​នេះ នឹង​ជួយ​សោ​ភណ្ឌ​ភាព​ទីក្រុង និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​»​។ យ៉ាងណាក៏ដោយ លោក​នៅតែ​បារម្ភ​ថា ការអនុញ្ញាត​ឲ្យ​ជនពិការ​ប្រគំ​តន្ត្រី​តែ​៣​កន្លែង គឺ​ពិតជា​ពិបាក​ណាស់ ពីព្រោះ ជនពិការ​មាន​ច្រើន​។ ម្យ៉ាង​ទីលាន​ប្រជាធិបតេយ្យ​មាន​សភាព​ស្ងប់ស្ងាត់ ដែល​មិន​អាចធ្វើ​ឲ្យ​ក្រុម​ជនពិការ​រកចំណូលបាន​ដែល​អាច​នឹង​ប៉ះពាល់​ដល់​ជីវភាព​របស់​ជនពិកា​រ​។ លោក​សំណូមពរ​ដល់​សាលា​រាជធានី​ភ្នំពេញ ឲ្យ​បន្ថែម​កន្លែង​ចំនួន​ពីរ​ទៀត ដូចជា ផ្សារ​រាត្រី និង​មាត់ទន្លេ​ជាដើម ដែលជា​ទីកន្លែង​មនុស្ស​ហាត់ប្រាណ​ច្រើន​។ លើសពីនេះ លោក​សុំ​ឲ្យ សាលា​រាជធានី​ភ្នំពេញ ឧបត្ថម្ភ​ថវិកា ឬ​អង្ករ និង​សម្ភារៈ​ចាំបាច់​មួយចំនួន ដល់​ជនពិការ ក្នុងតំណាក់កាល​ពួកគេ​ដូរ​ទីតាំង​ថ្មី ដែល​មិន​ប្រាកដប្រជា​លើ​ចំណូល​ពី​សប្បុរជន​នោះ​។​

​សូមបញ្ជាក់ថា ជនពិការ​ច្រៀង​តាម​ទីសាធារណៈ​បច្ចុប្បន្ន​មាន ២១​ក្រុម ដោយ​សាលា​រាជធានី​ភ្នំពេញ បាន​ច្របាច់​បញ្ចូល​គ្នា​ជា ០៥​ក្រុម ដែលមាន​សមាជិក​សរុប​ចំនួន ១៩៤​នាក់​៕

ថ្មី​ៗ
អត្ថបទ : រ៉ឹម ភារី

No comments: