
ភ្នំពេញ៖ យុវជនជាច្រើន បានប្រមូលផ្តុំគ្នាតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដើម្បីធ្វើយុទ្ធនាការ Post និង Share រូបថត វីដេអូ និងសកម្មភាពរបស់លោក កែម ឡី រៀងរាល់ម៉ោង៩យប់ ដើម្បីរម្លឹកពលរដ្ឋ ខ្មែរឲ្យចងចាំ និងចូលរួមស្វែងរកយុត្តិធម៌ជូនបញ្ញវន្តរូបនេះ ដែលត្រូវបានឃាតករបាញ់សម្លាប់ កាលពីថ្ងៃ ទី១០ កក្កដា ឆ្នាំ២០១៦ ក្នុងរាជធានីភ្នំពេញកន្លងមក។
មានយុវជនជាច្រើននៅតែចងចាំ និងធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីស្វែងរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី។ ជារៀងរាល់ថ្ងៃ មានគណនីហ្វេសប៊ុកជាច្រើន បានបង្ហោះ(Post)និងចែករំលែក(Share) រូបថតវីដេអូ ឬបទសម្ភាសន៍ទាំងឡាយរបស់លោក កែម ឡី ដែលធ្លាប់ផ្តល់បទសម្ភាសន៍ជូនសារព័ត៌មាននា ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជនរៀងរាល់យប់។
កញ្ញា លុយ ដានី ដែលធ្លាប់ជាជំនួយការផ្ទាល់របស់លោក កែម ឡី បានរៀបរាប់ថា យុទ្ធនាការនេះ បានចាប់ផ្តើមតាំងពីក្រោយពិធីបុណ្យសពលោក កែម ឡី មកម្ល៉េះ។
អ្វីដែលនាងបានធ្វើជាង៦ខែមកនេះ ក្រោយពីថ្ងៃគេធ្វើឃាតលោក កែម ឡី បានក្លាយជាយុទ្ធនាការស្ងប់ស្ងាត់មួយដោយមានយុវជនជាច្រើនចូលរួមបង្ហោះ និង ចែករំលែកតៗគ្នានូវបទសម្ភាសន៍និងការវិភាគចាស់ៗរបស់លោក កែម ឡី នៅលើហ្វេសប៊ុក។ កញ្ញាបន្តថា ក្រុមនេះ គឺជាយុវជនមកពីតាមបណ្តាខេត្តផ្សេងៗ ហើយខ្លះស្គាល់គ្នាតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដើម្បីចូលរួមបង្ហោះ និងចែករំលែក សកម្មភាពទាំងឡាយរបស់បណ្ឌិត កែម ឡី នៅរៀងរាល់ម៉ោង៩យប់។ ដានីនិយាយថា៖«យើងចង់រម្លឹកពលរដ្ឋខ្មែរ កុំឲ្យភ្លេចគាត់(កែម ឡី)ហើយយើងចង់ផ្ញើសារទៅឃាតករ និងអ្នកនៅពីក្រោយខ្នងឃាតកម្មនេះ មិនឲ្យពួកគេដេកលក់ស្រួលនោះទេ»។ លើសពីនេះ កញ្ញាសំណូមពរដល់ពលរដ្ឋទាំងអស់ មេត្តាចូលរួមបង្ហោះនិងចែករំលែកបន្តគ្នា ចំពោះរូបថត និង វីដេអូ របស់ លោក កែម ឡី ដើម្បីស្វែងរកយុត្តិធម៌ជូនគ្រួសារគាត់ និងលាងសម្អាតសង្គមកម្ពុជាឲ្យមានយុត្តិធម៌ពិត។
លោក ម៉ា ចិត្រា យុវជនមកខេត្តកំពង់ចាម បានប្រាប់សារព័ត៌មានថ្មីៗថា លោកបានចូលរួមយុទ្ធនាការ Post និង Share សកម្មភាពរបស់បណ្ឌិតកែម ឡី អស់រយៈពេលជិត៣ខែហើយ។ លោកបញ្ជាក់ថា រៀងរាល់ម៉ោង៩យប់ លោកតែងចែករំលែក និងបង្ហោះរូបថត ឬ វីដេអូ ដែលជាសកម្មភាពរបស់លោក កែម ឡី កាលគាត់នៅមានជីវិត។ លោកនិយាយថា៖«យើងចង់ឲ្យរដ្ឋាភិបាល ស្វែងរកយុត្តិធម៌ជូនគាត់ ព្រោះករណីឃាតកម្មលើលោក ឈុត វុទ្ធី និងលោកជា វិជ្ជា កន្លងមក រដ្ឋាភិបាលតែងលើកហេតុផលថា កំពុងស៊ើបអង្កេត នៅពេលអ្នកកាសែតសួរ។ ហើយមកដល់ពេលនេះ វានៅតែមិនមានយុត្តិធម៌ជូនពួកគេ។ ខ្ញុំមិនចង់ឲ្យករណីឃាតកម្ម បណ្ឌិត កែម ឡី ដូចគ្នានឹងករណីឃាតកម្មមុនៗទេ»។ លោកបន្ត ប្រសិនបើ តុលាការនៅតែមិនរកយុត្តិធម៌ជូនលោក កែម ឡីនោះទេ នោះប្រជាជនខ្មែរ នឹងដាក់ការសង្ស័យលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាជាមិនខាន។
កញ្ញា ធី ផល្លា យុវជនមកខេត្តស្វាយរៀង ដែលចូលរួមក្នុងយុទ្ធនាការខាងលើនេះដែរ បានឲ្យដឹងថា ការចូលរួមចែករំលែក និងបង្ហោះរូបលោក កែម ឡី ពីព្រោះ កញ្ញា មិនចង់ឃើញសកម្មភាពសម្លាប់ខ្មែរគ្នាឯង និងដើម្បីស្វែងរកយុត្តិធម៌ជូនគ្រួសាររបស់គាត់។ កញ្ញានិយាយដូច្នេះថា៖«ខ្ញុំចង់ឲ្យអាជ្ញាធរនិងអ្នកពាក់ព័ន្ធបង្ហាញកាមេរ៉ាសុវត្ថិភាព និងចាប់ជនល្មើសមកទទួលខុសត្រូវ ពីព្រោះខ្ញុំមិនចង់ឃើញឃាតកម្មបែបនេះ នៅក្នុងប្រទេសខ្មែរទៀតនោះទេ។ មិនតែប៉ុណ្ណោះ ផល្លា បានប្តេជ្ញាចិត្តថា នាងនឹងបន្តយុទ្ធនាការនេះ រហូតលោក កែម ឡី និងគ្រួសារ ទទួលបានយុត្តិធម៌ពិតប្រាកដ។
លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ នៅព្រឹកថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ នៅក្នុងហាងទំនិញ star mart ក្នុងទីធ្លាប់ស្ថានីយ៍ប្រេង កាល់តិចបូកគោក្នុងរាជធានីភ្នំពេញ។ ការស្លាប់របស់ លោក កែម ឡី បានធ្វើឲ្យពលរដ្ឋខ្មែរ មានការសោកស្តាយ រហូតយុវជនជាច្រើន បានចាត់ទុកលោក កែម ឡី គឺជាវីរជនទៀតផង។
ក្រោយឃាតកម្មកើតឡើង សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជួបសម្លាប់។ តាមរយៈការស៊ើបសង្កេត អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថា ជនសង្ស័យ ជួប សម្លាប់ ដែលបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នេះ មានចេតនាឆ្លើយបំភ្លៃសមត្ថកិច្ច។ ហើយនៅចុងខែធ្នូ ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ ក៏បានបិទបញ្ចប់ការស៊ើបអង្កេតករណីឃាតកម្មនេះ៕
លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានថ្លែងថា សកម្មភាពនេះ គឺមិនមែនមកពីយុវជនទាំងស្រុងនោះឡើយ តែបណ្តាលមកពីសមត្ថកិច្ចនៅតែស្ទាក់ស្ទើរក្នុងការបង្ហាញកាមេរ៉ាសុវត្ថិភាព ដែលធ្វើក្រុមយុវជននៅតែមិនអស់ចិត្ត។ លោក មាស នី បន្តថា ឃាតកម្មកន្លងមក ភាគច្រើនពាក់ព័ន្ធនឹងរឿងនយោបាយ ហើយពិបាកស្វែងរកភស្តុតាង ប៉ុន្តែករណីឃាតកម្មលើលោក កែម ឡី គឺមានភស្តុតាងច្រើន តែបែរសមត្ថកិច្ចនៅមិនអាចរកយុត្តិធម៌ជូនគ្រួសារគាត់បាន។
លោក មាស នី ដែលជាមនុស្សស្និទ្ធជាមួយ លោក កែម ឡី ដែរនោះ បានអត្ថាធិប្បាយថា លោក កែម ឡី បានបង្កភាពងាយស្រួលដល់យុវជនក្នុងការទំនាក់ទំនងជាមួយគាត់ហើយគាត់តែងតែចែករំលែកចំណេះដឹងរបស់គាត់ទៅកាន់ពួកគេ ដែលឥរិយាបថនេះហើយ ទើបធ្វើយុវជនគោរពស្រលាញ់គាត់។ មិនមែនតែយុវជនទេ ពលរដ្ឋដែលមិនដែលស្គាល់លោក កែម ឡី សោះ ក៏ចូលរួមសោកស្តាយ ពេលលឺដំណឹងមរណភាពរបស់គាត់ ហើយពលរដ្ឋខ្ទង់លាននាក់ បានចូលរួមពិធីបុណ្យសព និងដង្ហែសពលោក កែម ឡី ទៅខេត្តតាកែវ៕
ថ្មីៗ
អត្ថបទ : រ៉ឹម ភារី
No comments:
Post a Comment