![]() |
| សម្តេច ហ៊ុន សែន ថ្លែងក្នុងវេទិកាជជែកពិភាក្សា នៃវេទិកាសេដ្ឋកិច្ចពិភពលោក។ រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន |
Davos៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន បានទិតៀននយោបាយត្រឡប់មកកាន់អាស៊ីប៉ាស៊ីហ្វិករបស់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ក្រុង Davos កាលពីថ្ងៃ២០មករា។ លោកបានសង្កត់ធ្ងន់ថា លោកមិនសប្បាយចិត្តឡើយ ចំពោះគោលនយោបាយអាមេរិក ព្រោះវាជា«ការលូកដៃបង្កើតភាពស្មុគស្មាញ និងការប្រឈមមុខគ្នា ក្នុងបញ្ហាសមុទ្រចិនខាងត្បូង»។
ក្នុងវេទិកាជជែកពិភាក្សាដែលជាផ្នែកមួយនៃវេទិកាសេដ្ឋកិច្ចពិភពលោក បានប្រព្រឹត្តទៅនៅទីក្រុង Davos សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លៀតរិះគន់នយោបាយការបរទេសត្រឡប់មកកាន់តំបន់អាស៊ី របស់រដ្ឋបាល លោក បារ៉ាក់ អូបាម៉ា ខ្លាំងៗដែរ។ សម្តេចបញ្ជាក់ថាការលូកដៃរបស់អាមេរិកនេះ បង្កើតភាពស្មុគស្មាញ និងធ្វើឲ្យ «កម្ពុជាក្លាយជាជនរងគ្រោះនៃជម្លោះសមុទ្រចិនខាងត្បូង«។
១.សម្តេច៖«ខ្ញុំមិនសប្បាយចិត្តចំពោះនយោបាយត្រឡប់មកអាស៊ីរបស់ អូបាម៉ាឡើយ»
«ខ្ញុំសូមនិយាយដោយសារតែថ្ងៃនេះជាថ្ងៃដែល អូបាម៉ា បានចាកចេញពីតំណែង។ នយោបាយការឆ្ពោះមកតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាននាំមកនូវភាពស្មុគស្មាញមកដល់អាស៊ីតែម្តង។ ខ្ញុំអាចនិយាយបែបនេះ ព្រោះខ្ញុំ ពីរដងរួចមកហើយ បានធ្វើកិច្ចការទាក់ទងសមុទ្រចិនខាងត្បូង។ ហើយរឿងនេះត្រូវបាន គេទម្លាក់កំហុសជាបន្តបន្ទាប់មកលើកម្ពុជា»។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន។
សម្តេចបានរម្លឹកបន្ថែមថា តាំងពីដើមមក សម្តេចជំរុញឲ្យមានការចរចាទ្វេភាគី រវាងអ្នកពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាជម្លោះដែនទឹកនេះ។ ចំពោះសម្តេចផ្ទាល់ បើគ្មានការលូកលាន់ពីខាងក្រៅ ភាពស្មុគស្មាញក៏មិនកើតឡើងដែរ ហើយការចរចាទ្វេភាគីនេះ អាចការពារប្រយោជន៍របស់អាស៊ាន និងចិនបាន។
សម្តេចបានលើកឡើងដូច្នេះថា៖ «ជម្លោះនេះមានការលូកដៃពីខាងក្រៅ។ ប្រសិនបើទុកឲ្យប្រទេសមានការពាក់ព័ន្ធពិភាក្សាគ្នា និងលើកទឹកចិត្តឲ្យមានការពិភាក្សាគ្នា, ខ្ញុំគិតថា វាជាការល្អ។ ហើយខ្ញុំនិយាយនេះ ក្នុងគោលដៅការពារទំនាក់ទំនងរវាងអាស៊ាន និងចិន ដែលទំហំពាណិជ្ជកម្មធំណាស់។ ហើយវាមានផលប្រយោជន៍សម្រាប់ទាំងអស់គ្នា ជាជាងការប្រឈមមុខ»។
២. សម្តេចថា អាមេរិកចូលមកជ្រៀតជ្រែកក្នុងតំបន់បាន ឬមិនបានអាស្រ័យលើហ្វីលីពីន
បន្ទាប់ពីរិះគន់អាមេរិក សម្តេចបានលើកសរសើរគោលនយោបាយការប្រធានាធិបតីហ្វីលីពីន ថ្មី Rodrigo Duterte។ សម្តេចក៏រំលឹកផងថា សម្តេចធ្លាប់បានប្រាប់មេដឹកនាំថ្មីហ្វីលីពីនថ្មី ថា អាមេរិកត្រឡប់ចូលមកលូកលាន់អាស៊ី បាន ឬមិនបាន អាស្រ័យលើហ្វីលីពីន។ ប្រមុខរដ្ឋាភិបាលកម្ពុជាសង្កត់ធ្ងន់ថា៖ «ខ្ញុំបានប្រាប់លោក Duterte យ៉ាងច្បាស់ ក្នុងពេលលោកមកបំពេញទស្សនកិច្ចនៅកម្ពុជាថា អាមេរិកមកបានឬមិនបានស៊ីសងលើហ្វីលីពីន ព្រោះហ្វីលីពីនជាមូលដ្ឋានរបស់អាមេរិក»។
សូមបើកវង់ក្រចកបន្តិចថា នយោបាយការបរទេសហ្វីលីពីន របស់រដ្ឋបាល លោក Duterte គឺធ្វើជាមិត្តជាមួយប្រទេសទាំងអស់។ លោកពង្រឹងទំនាក់ទំនងជាមួយចិន និងរុស្ស៊ី ហើយព្រងើយកន្តើយដាក់អាមេរិក។ ប្រធានាធិបតីហ្វីលីពីន Duterte មិនមានទំនាក់ជាមួយរដ្ឋបាលអាមេរិកឡើយ ព្រោះតែសង្គ្រាម«ប្រឆាំងគ្រឿងញៀន»របស់លោក។
ត្រឡប់មកវិញ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញឲ្យភាគីពាក់ព័ន្ធទប់ស្កាត់ការលូកលាន់របស់មហាអំណាច ឬប្រទេសខាងក្រៅ ចូលក្នុងកិច្ចការតំបន់ ដើម្បីធានាសន្តិភាព ស្ថិរភាព និងអាចបង្កើតសុខដុមរមនីយកម្ម រវាងប្រទេស និងប្រទេសក្នុងតំបន់បានស្រួល។
«បើសិនជាតំបន់នេះ កុំឲ្យមានបរទេសឬអ្នកក្រៅតំបន់ចូលជ្រៀតជ្រែក ខ្ញុំគិតថាយើងនឹងមានសុខដុមរមនីយកម្មរវាងអាស៊ានគ្នាឯងផង និងមានសុខដុមរមនីយកម្មរវាងដៃគូតំបន់ជិតខាងផង»។ នេះជាការបញ្ជាក់បន្ថែមរបស់នាយករដ្ឋមន្ត្រីកម្ពុជា៕
ថ្មីៗ
អត្ថបទ : សៅ ផលនិស្ស័យ

No comments:
Post a Comment