
ភ្នំពេញ: ប្រជាពលរដ្ឋ បានធ្វើការចោទប្រកាន់ ក្រុមហ៊ុន ម៉ែន សារុន ដែលបានវិនិយោគ លើដីសម្បទានសេដ្ឋកិច្ច ប្រមាណ ពីរ ពាន់ហិកតា បានជីកប្រឡាយ កាត់ផ្តាច់ផ្លូវចូល ទៅចម្ការជាច្រើនកន្លែង របស់ប្រជាពលរដ្ឋ ចំនួនជាង ៣០០ ម្ចាស់ ស្ថិតក្នុងឃុំជាំក្រវៀន និងឃុំទន្លូង ស្រុកមេមត់ បណ្តាលឲ្យរាំងស្ទះ ពិបាកដឹកជញ្ជូនកសិផល ចេញពីចម្ការសរុបប្រហែល មួយពាន់ហិកតា នារដូវប្រមូលផល។
ប្រជាពលរដ្ឋ បានឲ្យដឹងថា ក្រុមហ៊ុន ម៉ែន សារុន បានយកគ្រឿងចក្រ កាយជាប្រឡាយ ជម្រៅប្រហែលជិត ពីរម៉ែត្រ មិនអាចដឹកជញ្ជូន ទឹកជ័រកៅស៊ូបានទេ។ ដូច្នេះដើម្បីដឹកជញ្ជូនជ័រកៅស៊ូ ចេញពីចម្ការ យកទៅលក់ គឺត្រូវឆ្លងចម្ការដំណាំអ្នកដទៃ តាមចំហៀងចម្ការ ប្រមាណ១.០០០ម៉ែត្រ ខណ:ដែលផ្លូវចាស់ ត្រូវគេកាយផ្តាច់ ដោយគ្មានប្រាប់ដំណឹង ឬមូលហេតុ ដែលអ្នកស្រី បានប្រើប្រាស់ រយ:ពេលច្រើនឆ្នាំ មកហើយនោះ។ ក្រុមហ៊ុន ម៉ែន សារុន បើកផ្លូវ ឬលុបប្រឡាយ មានផ្លូវចេញចូល ដូចធម្មតាឡើងវិញ។ ប៉ុន្តែខាងក្រុមហ៊ុន ហាក់មានចេតនា ឈប់ឲ្យធ្វើដំណើរលើផ្លូវនោះ ដោយកន្លងមក ខាងអ្នកស្រី ធ្លាប់បានយកបន្ទះក្តារ ដាក់ឆ្លងកាត់បណ្តោះអាសន្ន ហើយខាងក្រុមហ៊ុន បានដកចេញ។
លោក យ៉ែម គង់ តំណាងប្រជាពលរដ្ឋថា លោកបានប្រមូល ស្នាមមេដៃប្រជាពលរដ្ឋ ជាអ្នករងគ្រោះ សរុបជាង ៣០០ នាក់ នៅឃុំជាំក្រវៀន និងឃុំទន្លូង តវ៉ាពីការកាយផ្តាច់ផ្លូវ ចូលចម្ការរបស់ពួកគាត់ ជាង ១.០០០ ហិកតា នៅជាប់ដីរបស់ក្រុមហ៊ុន ម៉ែន សារុន ទៅអាជ្ញាធរ។
ប្រជាពលរដ្ឋ បានសំណូមពរ ឲ្យអាជ្ញាធរ មេត្តាជួយអន្តរាគមន៍ ទៅខាងភាគីក្រុមហ៊ុន ម៉ែន សារុន បើកផ្លូវឲ្យប្រជាពលរដ្ឋ នៅឃុំជាំក្រវៀន ចំនួន ២១៣ គ្រួសារ និង នៅឃុំទន្លូង ចំនួន ១២៣ គ្រួសារ បានចេញចូល ដឹកកសិផលឡើងវិញ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា ជុំវិញព័ត៌មានរឿង ក្រុមហ៊ុន ម៉ែន សារុន ចម្ការកៅស៊ូមេមត់ ធ្វើទុក្ខបុកម្នេញលើ ប្រជាពលរដ្ឋ ជាកសិករ នារដូវប្រមូលផល បែបនេះ បានកើតឡើង ច្រើនឆ្នាំមកហើយ។ ឆ្នាំកន្លងមក ឆ្មាំក្រុមហ៊ុន បានធ្វើសកម្មភាព ដាក់កុងត្រូលជំរិតទារលុយ ពីប្រជាពលរដ្ឋ ដឹកកសិផល ចេញពីចម្ការ ឆ្នាំបន្តបន្ទាប់ បានធ្វើរបងបិទផ្លូវ មិនឲ្យដឹកកសិផល ឆ្លងកាត់ផ្លូវរបស់ខ្លួន (ក្រុមហ៊ុនម៉ែនសារុន) និងឆ្នាំនេះ ក្រុមហ៊ុនប្រើរូបភាព ជីកប្រឡាយយកលេសថា បង្ការអគ្គិភ័យ និង កំណត់ព្រំដីវិញម្តង។
ចំណែកភាគីខាងក្រុមហ៊ុន ម៉ែន សារុន មិនអាចសុំការទំនាក់ទំនង បានទេ ពាក់ព័ន្ធករណីចោទប្រកាន់ ខាងលើនេះ៕
CEN
ដោយ: មុនីរាជ
No comments:
Post a Comment