រណ្ដៅ​ដី​នៅ​តំបន់​ព្រៃ​លិច​ទឹក​ក្រុង​សៀមរាប​ ត្រូវ​បាន​ក្រុម​ឈ្មួញ​ជីក​ជិត​ដល់​ក្បាល​ប្រេត តែខាងជំនាញ​មិនអើពើ​



សៀមរាប ៖ ក្រុម​ឈ្មួញ​ជីកដី​លក់​ប្រមាណ​ជា​១០​នាក់​ បាននាំគ្នា​សម្រុក​ជីក​យក​អាចម៍​ និង​ដឹក​ដោយ​សេរី​ នៅ​តំបន់​ហាមឃាត់ ​នៃ​ព្រៃ​លិច​ទឹក​ត្រង់​ចំណុច​ខាងជើង​ភ្នំ​ក្រោម​ ក្នុង​សង្កាត់​សៀមរាប​ ​សង្កាត់​ស្វាយដង្គំ​ និង​សង្កាត់​សំបួរ ​នៃ​ក្រុង​សៀមរាប​ដែល​ករណី​នេះ​ ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ថា ​អាជ្ញា​ធរ​ពាក់ព័ន្ធ​នៅ​ទីនោះ ​ឃុបឃិត​ឲ្យ​មានការ​ប្រព្រឹត្ត​បទល្មើស​ បំផ្លាញ​ធនធានធម្មជាតិ​ទាំងនេះ។

យោង​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា សកម្មភាព​ជីក​កាយ​យក​អាចម៍ដី​លក់​នេះ​ កើតមាន​ជា​យូរ​ខែ​ឆ្នាំ​មក​ហើយ ​នៅភូមិសាស្ត្រ សង្កាត់​សំបួរ ​សង្កាត់សៀមរាប​ និង​ស្វាយដង្គំ នៃ​ក្រុង​សៀមរាប ដោយ​គេ​បាន​ដាក់​ការ​សង្ស័យ​ថា អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ឃុបឃិត​បើកភ្លើង​ខៀវ​ជា​ថ្នូរ​ និង​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ដើម្បី​បិទមាត់​មិន​បង្ក្រាប​។ ប្រភព​បន្ត​ថា ជារឿយៗ​ពលរដ្ឋ​តែងតែ​តវ៉ា​បិទ​ផ្លូវ​ ខណៈ​ក្រុមហ៊ុន​ទាំង​នោះ​បាន​ដឹក​ដី​ហុយ ​និង​ខូច​ផ្លូវ​សាធារណៈ។

ប្រភព​បន្ត​ថា មិន​ដឹង​ដល់ពេល​ណា​ទើប​អាជ្ញាធរ​ភ្ញាក់ខ្លួន​ និង​មាន​វិធានការ​នោះទេ​ ហើយ​បើ​ទុក​អញ្ចឹង​មុខជា​រលាយ​ព្រៃ​លិច​ទឹក​អស់ហើយ មិន​ត្រឹម​តែប៉ុណ្ណោះ​ផល​ត្រី​នឹង​អាច​ថយ​ចុះ ​ជា​បន្តបន្ទាប់​ជាមិនខាន​។ ​ប្រភព​បន្ថែម​ថា ​ឈ្មួញ​ដែល​កំពុង​កាយ​ដី​នៅ​តំបន់​នោះ​មាន​៣​នាក់​ គឺ​ទី​១. ​ឈ្មោះ យ៉ុង​ ទី.​២ ​ឈ្មោះ​ឆ​ង​ ទី.​៣ ឈ្មោះ គង់។ ជុំវិញ​កា​លើកឡើង​ខាងលើ​នេះ​ដែរ​លោក ​សូ ប្លា​តុង អភិបាលក្រុង​សៀមរាប​ មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បានទេ​ នៅ​ព្រឹក​ថ្ងៃទី​១៣ ​ខែមករា ​ឆ្នាំ​២០១៧​នេះ​ ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នកទទួល។

ចំណែក​អស់លោក​ជំនាញ​រដ្ឋបាល​ជលផល​ខេត្ត​សៀមរាប​ ហាក់​នៅ​ព្រងើយកន្តើយ​មិន​អើពើ​សោះ​ឡើយ ​ហើយ​ទង្វើ​ទាំងអស់នេះ​ធ្វើ​ឲ្យ​មហាជន ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង។

គួរ​កត់សម្គាល់​ផង​ដែរ​ថា​ មន្ត្រីរាជការ​នៅ​ក្នុង​ខេត្តសៀមរាប​ ដែល​មាន​តួនាទី​ និង​ការទទួលខុសត្រូវ​ចំពោះ​ការងារ​ ដែលថ្នាក់​លើ​​ចាត់តាំង​មក ​ហាក់​ដូចជា​មានការ​ឆកល្វែង​យ៉ាង​ខ្លាំង​ បន្ទាប់ពី​គេ​ឃើញ​មាន​អាជ្ញាធរ​ខេត្ត​មួយ​នេះ​ មាន​ភាព​កម្សោយ ​ចាប់​ពីថ្នាក់ក្រោម​រហូតដល់​ថ្នាក់លើ ​គឺ​មិនសូវ​អើពើ​រឿង​បង្ក្រាប​បទល្មើស​ ក្នុង​តំបន់​ព្រៃ​លិច​ទឹក​នោះ​ទេ​ ដោយ​បណ្ដែតបណ្ដោយ​ឲ្យ​មានការ​នេសាទ​ខុស​ច្បាប់​ និង​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ ដែល​ជា​ជម្រក​ត្រី​ពង​កូន​ជាដើម ​និង​ជាពិសេស​ពួកគេ​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ក្នុង​ខេត្ត​យ៉ាង​គំហុក​ផង​ដែរ​៕

កម្ពុជា​ថ្មី

No comments: