សកម្មជន​ការពារ​សិទ្ធិមនុស្ស សិទ្ធិ​លំនៅដ្ឋាន​ដីធ្លី​ព្រៃឈើ ខេត្តពោធិ៍សាត់ ឡើង​តុលាការ​សាលាដំបូង ខេត្តពោធិ៍សាត់



ភ្នំពេញ: ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ចូលរួម​ការពារ​គាំទ្រ​យុត្តិធម៌ លោក គុជ វេ​ង នៅមុខ​តុលាការ ខេត្តពោធិ៍សាត់ ខណៈ​នេះ​ថ្ងៃ​៥ មករា ២០១៧ ម៉ោងជាង​៨​ព្រឹក លោក គុជ វេ​ង សកម្មជន​អ្នកការពារ​សិទ្ធិមនុស្ស សិទ្ធិ​លំនៅដ្ឋាន​ដីធ្លី​ព្រៃឈើ និង​យុត្តិធម៌​សង្គម ខេត្តពោធិសាត់ ឡើង​តុលាការ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បី​ឆ្លើយបំភ្លឺ​លើ ការចោទប្រកាន់​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ ញុះញង់​ឲ្យ​ប្រព្រឹត្តិ បទឧក្រិដ្ឋ ជាអាទិ ប្រព្រឹត្តិ​ទាំង​នៅ​ខេត្តពោធិសាត់ និង​ក្រុងភ្នំពេញ ក្នុង​ឆ្នាំ​២០១៦ និង​ធ្វើ​ឲ្យ​បាត់បង់​ជំនឿ លើ​សេចក្តីសម្រេច របស់​តុលាការ ជាដើម ។​

បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក ព្រះ​តេជ​គណ លូន សាវ៉ាត បានឱ្យដឹងថា ព្រះសង្ឃ​អង្គការ​សហគមន៍ ប្រជាពលរដ្ឋ ដែល​មក​ឃ្លាំមើល និង​គាំទ្រ​យុត្តិធម៌​លោក គុជ វេ​ង នៅមុខ​តុលាការ បាន​សំណូមពរ​ឲ្យ​តុលាការ ទម្លាក់​បទចោទប្រកាន់​លើ លោក គុជ វេ​ង ព្រោះ​គាត់​មិនបាន​ប្រព្រឹត្តិ ទោសកំហុស និង​ល្មើសច្បាប់​ផ្សេងៗ ដូច​ការចោទប្រកាន់ ខាងលើ​នោះឡើយ​។ ម្យ៉ាងទៀត គឺ​គាត់​កំពុងតែ​ក្រីក្រ បូក​និង​រងគ្រោះ ហើយ​ថែមទាំង​កំពុងមាន​ជំងឺ ប្រចាំកាយ​ជា​ទម្ងន់​ទៀតផង ដូច្នេះ​សូម​តុលាការ អាជ្ញាធរ​រដ្ឋាភិបាល​ក​ម្ពុ​ជា អាណិត​មេត្តា​អនុគ្រោះ ផ្តល់​សិទ្ធិសេរីភាព និង​យុត្តិធម៌ ដល់​ប្រជាពលរដ្ឋ​ផង ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៧ លោក គុជ វេ​ង និង​ក្រុមគ្រួសារ​ញាតិមិត្ត រស់នៅ​ភូមិ​ក្រឡាញ់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ធ្វើ​ពិធីសូត្រមន្ត​បួងសួង សុំ​ឲ្យ​គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជួយ​ឲ្យ​មាន​សេចក្តីសុខ​ចំរើន មាន​យុត្តិធម៌ សូម​ឲ្យ​តុលាការ​ទំលាក់ចោល​បទចោទប្រកាន់ មុនពេល​ឡើង​តុលាការ ។​

​លោក គុជ វេ​ង និង​ត្រូវ​ឡើង​ឆ្លើយបំភ្លឺ​តុលាការ ខេត្តពោធិសាត់ នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ដើម្បី​ឆ្លើយបំភ្លឺ​ពីបទ​ចោទ បរិហារកេរ្តិ៍ ជា​សាធារណៈ ញុះញង់​ឲ្យ​ប្រព្រឹត្តិ បទ​ឧក​ក្រិ​ដ្ឋ​ជាអាទិ៍ និង​ធ្វើ​ឲ្យ​បាត់បង់​ជំនឿ​លើ សេចក្តីសម្រេច​របស់​តុលាការ ប្រព្រឹត្តិ​ទាំង​នៅ​ខេត្តពោធិសាត់ និង​ក្រុងភ្នំពេញ ក្នុង​ឆ្នាំ​២០១៦ ។

​លោក គុជ វេ​ង ជា​ពលរដ្ឋ​សកម្ម ក្នុងការ​ចូលរួម​កសាង ការពារ​សិទ្ធិមនុស្ស យុត្តិធម៌​សង្គម នៅ​កម្ពុជា កន្លងមក ហើយ​គាត់​ក៏​ធ្លាប់​ត្រូវបាន សមត្ថកិច្ច​ចាប់ខ្លួន តុលាការ​ចោទប្រកាន់ យកទៅដាក់​ពន្ធនាគារ​ម្តង​រួចមកហើយ ក្នុង​ឆ្នាំ​២០១៣ អស់​រយៈកាល​៣​ខែ​១៦​ថ្ងៃ ដោយសារតែ​សកម្មភាព ចូលរួម​ប្រើ​សិទ្ធិ​ជា​ពលរដ្ឋ សកម្ម​ក្នុង​កិច្ចការ​សង្គមជាតិ​នេះ ៕

CEN
ដោយ: ដាវុធ

No comments: