រដ្ឋបាល​រាជធានី ជួសជុល​ផ្លូវ​៦​ខ្សែ ក្នុង​ខណ្ឌទួលគោក សែន​សុខ និង​ខណ្ឌចំការមន​



ភ្នំពេញ: រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ទីរ​សាធារណការ រាជធានី បាន​បើក​ការដ្ឋាន​ជួសជុល និង​ចាក់​អ៊ុត​កៅស៊ូ AC ផ្លូវ​ចំនួន​៦​ខ្សែ ដែលមាន​ប្រវែង សរុប ៦.៩៣៩ ម៉ែត្រ ទទឹង​ចាប់ពី ៧ ម៉ែត្រ ដល់ ៩ ម៉ែត្រ ស្ថិតក្នុង​ខណ្ឌទួលគោក សែន​សុខ និខ​ណ្ឌ​ចំការមន ក្រោម​អធិបតីភាព លោក​ស៊ុយ សេ​រិ​ទ្ធ អភិបាលរង រាជធានី​ភ្នំពេញ​។​

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ ជានិច្ចកាល តែងតែ​យកចិត្តទុកដាក់ គិតគូរ​ពី​ការលំបាក​របស់ បងប្អូន​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ ក្នុង​រាជធានី​ភ្នំពេញ កែលម្អ​ផ្លូវ ចំនួន​៥​ខ្សែ​នេះ ដែល​ក្នុងនោះ​រួមមាន ផ្លូវ​លេខ​១៩២ ផ្លូវ​លេខ​៣៦៦ ផ្លូវ​លេខ​៣១០ ផ្លូវ​លេខ​៣៣៦ ផ្លូវ​១០២៥ និង​ផ្លូវ​លេខ​១៩៣​។​

​លោក សាំ ពិសិដ្ឋ បាន​មានប្រសាសន៍ថា ផ្លូវ​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​ក្នុង​មូលដ្ឋាន ខណ្ឌទួលគោក និង​ខណ្ឌចំការមន គឺជា​ផ្លូវ​កៅស៊ូ​ប្រភេទ DBST ដែល​បាន​ស្ថាបនា ជា​យូរ​ឆ្នាំ​មកហើយ និង​ជាទី​តាំង ដែល​ទទួលរង​នូវ ការលិចលង់​យ៉ាងខ្លាំង នៅក្នុង​រដូវវស្សា ហើយ​ជាទូទៅ ផ្លូវ​ប្រភេទ​នេះ មាន​អាយុ​ត្រឹមតែ ៥​ទៅ​៧​ឆ្នាំ ប៉ុណ្ណោះ​។ ឆ្លងតាម​ការប្រើប្រាស់ រយៈពេល​ជាច្រើន​ឆ្នាំ ស្របពេល​ដែលមាន ការអភិវឌ្ឍន៍ សំណង់​អគារ​ធំៗ និង​សំណង់​លំនៅដ្ឋាន តម្រូវការ​ទៅតាម​កំណើនប្រជាជន និង​ការរីក​ទំហំ​ទីក្រុង​នោះ ផ្លូវ​មួយចំនួន​នេះ មាន​ភាព​សឹករេចរឹល ផត​ស្រុត ប្រេះ​បែក​ខូច​គ្រឹះ មាន​ជង្ហុក និង​ដក់​ទឹក​ដោយ​កន្លែង ដែល​ទាមទារ​ឲ្យ​ធ្វើការ ជួសជុល និង​ថែ​ទាំង​ខួប​។

​លោក​បាន​បន្ថែមថា ផ្លូវ​នៅក្នុង​រាជធានី​ភ្នំពេញ មួយចំនួន​ផ្សេងទៀត ក៏​ទាមទារ​ការជួសជុល​ថែទាំ អ៊ុត​កៅស៊ូ AC Overlay បន្ថែម​។ ក្រៅពី​ផ្លូវ​៥៧​ខ្សែ ក្នុង​គម្រោង​ដែល​បាន បើក​ការដ្ឋាន​ជួសជុល នា​ថ្ងៃនេះ ក៏​នៅមាន​ផ្លូវ​ប្រភេទ​កៅស៊ូ ប្រភេទ​បេតុង សរុប​ចំនួន ១៨០ គីឡូម៉ែត្រ ដែល​រដ្ឋបាល រាជធានី​ភ្នំពេញ នឹងត្រូវ​ស្ថាបនា នៅក្នុង​ផែនការ​ឆ្នាំ​២០១៧​។​

​លោក អភិបាលរង រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា នៅក្នុង​យុទ្ធនាការ នៃ​ការជួសជុល​ដោយ ចាក់​អ៊ុត​កៅស៊ូ AC Ovelay ផ្លូវ​ទាំង​៥៧​ខ្សែ​នេះ នឹង​ផ្តល់​ភាពងាយស្រួល សម្រាប់​ការធ្វើដំណើរ និង​ជួយ​កាត់បន្ថយ អត្រា​គ្រោះថ្នាក់​ចរាចរ ស្របទៅតាម​កំណើន ប្រជាពលរដ្ឋ និង​កំណើន​យានយន្ត នាពេល​បច្ចុប្បន្ននេះ និង​ដើម្បី​ចូលរួមចំណែក​អនុវត្តន៍ ឲ្យ​បាន​ជោគជ័យ នូវ​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​លោក​សង្ឃឹម​ជឿជាក់ថា ក្រោយពេល​ស្ថាបនា​រួច នឹង​អាច​ដោះស្រាយ ការកកស្ទះ​ចរាចរណ៍ ធានាបាន​សុវត្ថិភាព​ចរាចរណ៍ និង​បើកបរ​គោរព​ច្បាប់​ចរាចរណ៍ ប្រកបដោយ​សុវត្ថិភាព​៕

CEN
ដោយ: ដាវុធ

No comments: