
ភ្នំពេញ: គណៈកម្មការរៀបចំការប្រកួត កីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ បានរៀបចំពិធីក្រុងពាលី ក្នុងការរៀបចំកីឡា កងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នេះ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការប្រកួតកីឡា កងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ (ការប្រកួតកីឡាកងទ័ព) គឺជាព្រឹត្តិការណ៍ធំមួយ ដែលត្រូវបានរៀបចំឡើង ក្នុងគោលបំណងសំខាន់ៗ រំលឹកខួបអនុស្សាវ រីយ៍ ទិវាបុណ្យជាតិ ៧ មករា ១៩៧៩ - ៧ មករា ២០១៧ និងប្រមូលមូលនិធិ ដើម្បីគាំទ្រសកម្ម ភាព សមាគមអតីតយុទ្ធជនកម្ពុជា។ លើសពីនេះ ព្រឹត្តិការណ៍នេះ នឹងបង្ហាញដល់សាធារ ណជន និងមហាជន ស្វែងយល់ និងយល់ដឹងបន្ថែមទៀត អំពីតួនាទី និងភារកិច្ច របស់កងទ័ព ក្នុងការចូលរួមថែរក្សា សុខសន្តិភាព និងការអភិវឌ្ឍ ប្រទេសជាតិ។ បន្ថែមពីនេះទៀត បង្ក លក្ខណៈ ឱ្យមហាជនចូលរួម កាន់តែជិតស្និទ្ធ ជាមួយនឹងកងទ័ព។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងមហាជនទាំងអស់ មេត្តាយល់ និងសង្កត់ចិត្ត គឺថាការរៀបចំនេះ ដើម្បីអបអរសាទរជាតិ ៧ មករា ១៩៧៩ - ៧ មករា ២០១៧ និងដើម្បីផ្សារភ្ជាប់ រវាងមហាជន និងកងទ័ព និងគ្មានលក្ខណៈ ជាការគំរាមកំហែងអ្វីទេ។
លោកបានបញ្ជាក់ថា ការចល័តរថពាសដែក និងរថយន្តទាហាន គឺពិនិត្យក្នុងពេលវេលា នៃការចល័ត ដើម្បីកុំឲ្យប៉ះពាល់ដល់ចរាចរណ៍ និងកុំឲ្យមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋ គឺចល័តនៅពេលដែលស្ងាត់ ហើយក៏មិនមានការចល័តគ្រឿងចក្រ មានគ្រាប់នោះទេ។ លោកសូមអំពាវនាវឲ្យ ប្រជាពលរដ្ឋទាំងអស់ និងកងកម្លាំងប្រដាប់អាវុធ និងមហាជន ចូលរួមគាំទ្រឲ្យបានច្រើន និងឲ្យបានយល់ និងទទួលស្គាល់នូវអ្វី ដែលជាតម្លៃ និងគុណូបការៈរបស់ អតីតយុទ្ធជនរបស់យើង តាមរយៈការជួយឧបត្ថម្ភ ដោយផ្ទាល់នៅកម្មវិធី។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ការតាំងពិព័រណ៍បន្តិចបន្តួច នៃសំភារៈរបស់យើង មិនមែនជាការគំរាមកំហែងអ្វីទេ កងកម្លាំងប្រដាប់អាវុធ របស់យើង បងប្អូនទាំងអស់ ត្រូវយល់ សូម្បីតែដែលបងប្អូនរិះគន់ នៅកងកម្លាំងប្រដាប់អាវុធ ក៏បានទទួលផល អំពីអ្វីដែលកងកម្លាំង ប្រដាប់អាវុធ បានកំពុងបំពេញ ភារកិច្ចរាល់ថ្ងៃនេះ សុខសន្តិភាព ស្ថេរភាព និងសន្តិសុខ ហេតុអ្វីបានជាយើង មិនមានភេរវកម្មផ្ទុះ នៅក្នុងប្រទេសយើង ដូចនៅបណ្តាប្រទេសមួយចំនួន គឺដោយសារកងកម្លាំង ប្រដាប់អាវុធរបស់យើង និងសមត្ថកិច្ចរបស់យើងធ្វើការ”។
សូមជម្រាបថា តាមកម្មវិធីនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៥ល្ងាច កម្មវិធីប្រគំតន្ត្រី និងការតាំងពិព័រណ៍។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៥:៣០ ល្ងាច កម្មវិធីប្រគំតន្ត្រី និងការតាំងពិព័រណ៍។ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៦ព្រឹក កម្មវិធីកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ ជាផ្លូវការចាប់ផ្តើម។ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៥:៣០ ល្ងាច កម្មវិធីប្រគំតន្ត្រី និងការតាំងពិព័រណ៍៕
CEN
ដោយ: មុនីរាជ
No comments:
Post a Comment