
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់គេហទំព័រ CEN នៅព្រឹកថ្ងៃទី២៧ ខែធ្នូ នេះថា អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ កំពុងតែពិនិត្យមើល ផ្លូវច្បាប់ទៅលើមនុស្ស មួយចំនួន និងតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ដែលបានចោទប្រកាន់ គ្មានមូលដ្ឋាន និងមួលបង្កាច់ គ្មានការពិត ពាក់ព័ន្ធករណីមន្ត្រី លេខាគណបក្សសង្គ្រោះជាតិ នៅខេត្តបន្ទាយមានជ័យ បើកឡានបុក មន្ត្រីនគរបាល អន្តោប្រវេសន៍ នៅច្រកទ្វារ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦។ ពាក់ព័ន្ធករណីនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបញ្ជាឲ្យ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ និងអាជ្ញាធរមានសមត្ថកិច្ច ខេត្តបន្ទាយមានជ័យ ពិនិត្យមើលករណីនេះ ផងដែរ។
លោកឧត្តមសេនីយ៍ឯក កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ និងជាអ្នកនាំពាក្យ បានមានប្រសាសន៍ថា ការលើកឡើងរបស់ តំណាងរាស្ត្រគណបក្សប្រឆាំង គឺថាពុំមានឈរលើ មូលដ្ឋានច្បាប់ និងពុំមានភស្តុតាងអ្វី ដែលយកមកបញ្ជាក់ទេ គឺជាការញុះញង់ ដែលធ្វើឲ្យសាធារណជន មានការភ័ន្តច្រឡំ ខុសពីការពិត យើងមិនអាចទទួលយកបាន នូវការមួលបង្កាច់ និងវាខុសឆ្ងាយពីការពិត ហើយធ្វើឲ្យខូច ដល់កិត្តិយស របស់បុគ្គល ជាជនរងគ្រោះផង និងប៉ះពាល់ដល់ កិត្កិយសស្ថាប័នទាំងមូល។ យើងគិតមើល តំណាងរាស្ត្រ បានន័យថា អ្នកច្បាប់ គាត់មួលបង្កាច់ថា ប្រើល្បិចយួន។ ពាក្យថា នគរបាលអន្តោប្រវេសន៍ ប្រើល្បិចយួន គឺថាវាប៉ះពាល់ធ្ងន់ធ្ងរណាស់ ដល់យើងខ្ញុំ ដែលជាសមត្ថកិច្ច”។
លោកបានបញ្ជាក់ថា អ្នកណា ដែលធ្វើអ្វីខុសនឹងច្បាប់ គឺត្រូវតែអនុវត្តច្បាប់ហើយ ហើយអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ កំពុងតែពិនិត្យមើលផ្លូវច្បាប់។
លោកបានបញ្ជាក់ថា ពាក់ព័ន្ធករណីនេះ បច្ចុប្បន្ន ជនរងគ្រោះ បានបញ្ជូនទៅ សម្រាកព្យាបាល នៅមន្ទីរពេទ្យ ហើយមន្ទីរពេទ្យ ក៏បានធ្វើកោសល្យវិច័យ ឃើញថា ពិតជារងរបួស ដោយសាររថយន្ត បុកមែន ហើយសមត្ថកិច្ច នៅនឹងកន្លែង ក៏បានចុះទៅពិនិត្យ នៅកន្លែងកើតហេតុ ហើយក៏បានកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត ហើយស្នងការដ្ឋាន នគរបាលខេត្ត ក៏បានបញ្ជូនសំណុំរឿង បន្តទៅអយ្យការ សាលាដំបូង ខេត្តបន្ទាយមានជ័យ ហើយចៅក្រម ក៏បានសម្រេចឃុំខ្លួន បណ្តោះអាសន្ន ជនដែលបង្កគ្រោះថ្នាក់នេះ។ ផ្អែកលើភស្តុតាង និងរបាយការណ៍ កោសល្យវិច័យ តុលាការ បានចោទប្រកាន់ និងបានឃុំខ្លួន ឈ្មោះ ឌិន ពុទ្ធី ហើយ។
លោកបានបន្តថា ស្នាមរបួស នៅជើងរបស់ជនរងគ្រោះ គឺមន្ទីរពេទ្យ ជាអ្នកធ្វើកោសល្យវិច័យ គឺពិតជាគ្រោះថ្នាក់ ដោយសារការបុករថយន្ត វាមិនមែនជាការក្លែងបន្លំកើត ហើយសមត្ថកិច្ច បានចុះទៅវាស់វែង ពិនិត្យនៅកន្លែងកើតហេតុឃើញ ជាក់ស្តែង ឡាននឹង គឺបានបុកទៅ លើជនរងគ្រោះ។ ហើយតុលាការ គេមិនអាចចោទប្រកាន់ ដោយគ្មានរបាយការណ៍ កោសល្យវិច័យរបស់សមត្ថកិច្ចនោះទេ ហើយមុននឹងសម្រេចចេញ ដីកាឃុំខ្លួន គឺគេផ្អែកទៅលើ ភស្តុតាងជាក់ស្តែង និងរបាយការណ៍ កោសល្យវិច័យ និងផ្អែកទៅលើសំណុំរឿងទាំងមូល បានគេចេញដីកា ឲ្យឃុំខ្លួនបាន។ ផ្អែកទាំងលើភស្តុតាង ទាំងអស់នឹងហើយ ដែលយើងអាចអះអាងថា វាពិតជាគ្រោះថ្នាក់ចរាចរណ៍។
អ្នកនាំពាក្យ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានបញ្ជាក់ថា "មិនមែនដូចជាការមួលបង្កាច់ របស់តំណាងរាស្ត្របក្សប្រឆាំងថា ប្រើល្បិចយួនទៅទៀត ការដែលមួលបង្កាច់នេះ វាធ្វើឲ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរណាស់ ដល់កិត្តិយសជនរងគ្រោះ ដល់មន្ត្រីនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ទាំងមូល ដែលខិតខំបំពេញភារកិច្ច យ៉ាងសកម្ម សំដៅរក្សាសន្តិសុខ សុវត្ថិភាព ហើយនិងសណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ ពីព្រោះពេលនោះ ជនរងគ្រោះ កំពុងតែរៀបចំ សណ្តាប់ធ្នាប់ នៅទីនោះ”។
លោក ឌិន ពុទ្ធី ជាលេខាគណបក្សសង្គ្រោះជាតិ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគម សេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានប៉ូលិសក្រុងប៉ោយប៉ែត ចាប់ខ្លួនកាលពីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ។ តុលាការបានធ្វើការចោទប្រកាន់ លោកឌិន ពុទ្ធី ជាលេខាគណបក្ស សង្គ្រោះជាតិ ក្រុងប៉ោយប៉ែត ពីបទ "ប៉ុនប៉ងមនុស្សឃាត ដោយចេតនា"។
ការចាប់ខ្លួននេះ ត្រូវបានភាគីប៉ូលិសចោទថា លោកឌិន ពុទ្ធី បានបើកឡានបុក មន្ត្រីប៉ូលិសម្នាក់ ដែលជាមន្ត្រីរង ច្រកអន្តោប្រវេសន៍ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦។ ប៉ុន្តែភាគីខាងលោកលោកឌិន ពុទ្ធី បានអះអាងថា ខ្លួនមិនបានបុកប៉ូលិសរូបនោះទេ ហើយប៉ូលិស បានធ្វើពុតជាដេកដី នៅពីមុខឡាន។

CEN
ដោយ: មុនីរាជ
No comments:
Post a Comment