មន្ទីរពេទ្យគុន្ធបុប្ផា ​ទទួលថវិកា​សម្បុរធម៌២១លានរៀល​ ពី អេ អឹម ខេ​ ដើម្បីជួយ​ព្យាបាលជំងឺ​ដោយឥតគិតថ្លៃ​ ដល់កុមារ​ក្រីក្រកម្ពុជា​



(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានបរិច្ចាគប្រាក់ចំនួន២១លានរៀល ដល់មន្ទីរពេទ្យគុន្ធបុប្ផា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅមន្ទីរពេទ្យគុន្ធបុប្ផាវត្តភ្នំ។

ការបរិច្ចាគថ្ងៃនេះ អេ អឹម ខេ ចង់ជួយដល់កុមារកម្ពុជាឲ្យពួកគាត់មាន សុខភាពល្អ ជាពិសេសចង់ឃើញ​ពួកគាត់មាន​ឱកាសបានចូលរៀន​គ្រប់ៗគ្នា​ ព្រោះកុមារ​គឺជាទំពាំងស្នងឬស្សី។​

ដោយមានបេសកកម្ម ជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើន ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវជីវភាព រស់នៅរបស់ពួកគេ តាមរយៈការផ្តល់​សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងឋិតថេរ អេ អឹម ខេ មានគោលដៅសំខាន់ពីរ ដែលត្រូវសម្រេចឲ្យបាន គឺផ្នែកហិរញ្ញវត្ថុ និងសង្គម។

ជាក់ស្តែង អេ អឹម ខេ បានចូលរួមលើកកម្ពស់ការងារសង្គមជាច្រើនកន្លងមក ដោយការងារទាំងនោះរួមមាន៖

១៖ ចូលរួមគាំទ្រឧបត្ថម្ភការប្រកួតគូររូបរបស់ប្អូនៗកុមារ៉ា-កុមារី ក្រោមប្រធានបទ «យើងរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាអភិវឌ្ឍ ដើម្បីអនាគតវប្បធម៌បៃតង​​ដែលយើងចង់បាន»ដែលរៀបចំដោយក្រសួងបរិស្ថាន និង ក្រសួងអប់រំ យុវជន និងកីឡា

២៖ បានគាំទ្រខ្សែភាពយន្តភាគខ្មែរ រឿង «ដីបំណះថ្មីវគ្គ២» ដោយខ្សែភាពយន្តនេះផ្តល់ការអប់រំអំពី ការធ្វើកសិកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសារ និងការអប់រំសំខាន់ៗទៀត ពាក់ព័ន្ធនឹងជីវិតរស់នៅប្រចាំថ្ងៃ ដែលកំពុងតែចាក់បញ្ចាំងនៅលើទូរទស្សន៍ ម៉ាយធីវី (MYTV)

៣៖ ចូលរួមដាំដើមកោងកាងនៅខេត្តព្រះសីហនុ និងកិច្ចការសង្គមជាច្រើនទៀត។

ថ្លែងនៅក្នុងពិធីប្រគល់ថវិកា ជូនមន្ទីពេទ្យគុន្ធបុប្ផា លោក ឈុន កុសល បានលើកឡើងថា «អេ អឹម ខេ បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការធ្វើឲ្យសម្រេចគោលដៅ កិច្ចការ​សង្គមរបស់ខ្លួន។ ពីមួយឆ្នាំទៅមួយឆ្នាំ បុគ្គលិក អេ អឹម ខេ គ្រប់ជាន់ថ្នាក់តែងតែបរិច្ចាគថវិកាមួយចំនួន ដើម្បីជួយដល់សង្គម»។ឮលោក បានបន្ថែមទៀតថា​ «ដោយសារតែមានការប្តេជ្ញាខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិក​ អេ អឹម ខេ​ ទាំងអស់ ក្នុងពេលថ្មីៗនេះ​ អេ អឹម ខេ ​ត្រូវបានទទួលស្គាល់ថា ​ជាគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ដែលអនុវត្ត​យ៉ាងពេញលេញ​ទៅតាមគោលការណ៍​ការពារ​អតិថិជនពី ​SMART CAMPAIGN ​ដែលជាស្ថាប័ន​​អន្តរជាតិ​បង្រួបបង្រួម​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទូទាំងពិភពលោក​ឲ្យមានគោលដៅរួមគឺ ​អនុវត្តឲ្យបានពេញលេញ​ទៅតាមគោលការណ៍​ការពារអតិថិជន»។​

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។ គិតត្រឹម ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ អេ អឹម ខេ មានបុគ្គលិកសរុបជាង ២.៣០០នាក់ អតិថិជនសរុបជាង៥២ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ១៤៩លានដុល្លារអាមេរិក ការិយាល័យប្រតិបត្តិការចំនួន ១៥១ កន្លែងនៅទូទាំងប្រទេស និង មានភ្នាក់ងារជាង២.៥០០កន្លែង។

អេ អឹម ខេ មានផលិតផល និង សេវាកម្មជាច្រើន កំពុងផ្តល់ជូនអតិថិជន ដូចជា សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)៕

Fresh News

No comments: