
ភ្នំពេញ: សេចក្តីព្រាងច្បាប់ ស្តីពីវិសោធន៍កម្ម ច្បាប់ចរាចរណ៍ផ្លូវគោក ដែលមាន៩មាត្រា (មាត្រា៨ , ៤០ , ៤១, ៤៧ , ៤៨ , ៧៥ , ៧៧ , ៨២ និងមាត្រា៩០) ត្រូវបានរដ្ឋសភា អនុម័តយល់ព្រមលើ សេចក្តីព្រាងច្បាប់ទាំងមូល ដោយសម្លេង៩៣លើ៩៣សម្លេង កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦។ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងសហការី តំណាងរាជរដ្ឋាភិបាល ជាអ្នកការពារលើសេចក្តីព្រាងច្បាប់ វិសោធនកម្ម ច្បាប់ចរាចរណ៏ផ្លូវគោក។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឡើងថ្លែង ក្នុងអង្គប្រជុំសភាដែរថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ជានាយករដ្ឋមន្ត្រី គឺលុបចោល ប័ណ្ណបើកបរម៉ូតូ ក្រោម១២៥សេសេចុះ។ ប៉ុន្តែក៏មានសញ្ញាលេចឡើង នៅបក្សនយោបាយមួយ គឺជាសញ្ញាដែលថា ត្រូវយកហើយ នេះជាការដាស់តឿនមួយ ជាជួងមួយ នៃការពិចារណា របស់ប្រជាពលរដ្ឋ នៅក្នុងពេលខាងមុខ។ បញ្ហាដែលត្រូវគិត មិនមែនជាបញ្ហា ដែលលោកអេង ឆៃអ៊ាង ទើបតែលើកនៅទេ ប៉ុន្តែនេះជាវិធានការឆ្លើយតប បញ្ហាធំជាងគេ មិនមែនជាបញ្ហាប័ណ្ណបើកបរទេ គឺបញ្ហាចេះច្បាប់ចរាចរណ៍ នេះជាបញ្ហាដែលរាជរដ្ឋាភិបាល ក៏ដូចជា សន្និបាតរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងខែមករា ឆ្នាំ២០១៦ កន្លងទៅ បានសង្កត់ធ្ងន់លើបញ្ហានេះ អំពាវនាវចំពោះប្រជាពលរដ្ឋ មិនចាំបាច់ ធ្វើប័ណ្ណបើកបរ តែត្រូវចេះនៅច្បាប់ចរាចរណ៍ ត្រូវចេះបើកបរ ឲ្យបានស្ទាត់ នេះជាបញ្ហាសំខាន់។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “ខ្ញុំយកការទទួលខុសត្រូវ អំពីបញ្ហានេះ ព្រោះពេលនេះ គឺជាពេលវេលាមួយ ដែលជិតអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកផង ចឹងប្រជាពលរដ្ឋថា ត្រូវដោះស្រាយរបៀបម៉េច ខ្ញុំសូមជម្រាបជូនថា ៣លានកន្លះ យើងថា ៣លានគ្រឿង ប៉ុន្តែមនុស្ស ចេះជិះម៉ូតូមិនមែន ៣លាននាក់ទេ គឺច្រើនជាងនឹងពីរ បីដង ប្រហែលជាឥឡូវ អ្នកដែលចេះជិះម៉ូតូ មិនតិចជាង ៨ លាននាក់ទេ និយាយរួម អ្នកដែលគ្រប់អាយុ ចុះឈ្មោះបោះឆ្នោត ហើយអ្នកដែលមុននឹងតិចទៀត ចឹងបានឥឡូវ តម្រូវឲ្យមានត្រឹម អត្តសញ្ញាណប័ណ្ណ វាគ្រប់គ្រាន់ណាស់ទៅហើយ។ ឥឡូវ យើងដាក់ចេញជាក្របខណ្ឌ គោលនយោបាយ ប្រណាំងប្រជែង ជាមួយគ្នាទៅ។ ខ្ញុំត្រូវតែទទួលខុសត្រូវ អំពីបញ្ហានេះ ហើយគណបក្សប្រជាជន យកការទទួលខុសត្រូវ ហើយអំពាវនាវឲ្យ គណបក្សសង្គ្រោះជាតិ មិនចាំបាច់លើកដៃទេ ដើម្បីបង្ហាញពីការជំទាស់របស់ខ្លួន ទៅលើប័ណ្ណបើកបរ ខ្ញុំអំពាវនាវ ទៅដល់សមាជិក សមាជិកា តំណាងរាស្ត្ររបស់ គណបក្សសង្គ្រោះជាតិ មិនចាំបាច់លើកដៃគាំទ្រទេ ដើម្បីបង្ហាញថា ខ្លួននឹងយកថ្លៃប័ណ្ណបើកបរ និងធ្វើប័ណ្ណបើកបរ នាពេលខាងមុខ ហើយជំទាស់ ទៅនឹងការធ្វើប័ណ្ណបើកបរ”។
សូមជម្រាបថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានប្រកាសឲ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០១១៥/០០១ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥។ ការស្នើសុំធ្វើវិសោធនកម្ម មាត្រា៤០ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០ នៃច្បាប់នេះ ត្រូវបានរាជរដ្ឋាភិបាល គូសបញ្ជាក់ ក្នុងសេចក្តីថ្លែងហេតុថា ព្រះរាជាណាចក្រកម្ពុជា បានកំពុងរីកចម្រើន លើគ្រប់វិស័យ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ជាអាទិ៍ ផ្លូវថ្នល់ ស្ពាន ផ្លូវដែក កំពង់ផែ និងផ្លូវអាកាស ដែលបង្កើតជាប្រព័ន្ធ ដឹកជញ្ជូនប្រទាក់ក្រឡាគ្នា ដ៏មានសក្តានុពល ក្នុងប្រទេស និងតំបន់ ហើយបានរុញច្រាន សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ឲ្យមានការរីកចម្រើន គួរជាទីមោទនៈ។ តែចាប់តាំងពីពេល ផ្តើមរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦មក ឃើញថា នៅមានការខ្វះចន្លោះ លើបញ្ហាជាក់ស្តែងមួយចំនួន ក្នុងការអនុវត្ត ហើយរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការ ជាបន្តបន្ទាប់រួមមាន ជាអាទិ៍ សេចក្តីសម្រេចលេខ០២ សសរ ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ស្តីពីការលុបចោល ប័ណ្ណបើកបរប្រទេសក១ និងសេចក្តីជូនដំណឹង លេខ ០០២/១៦ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ ស្តីពីការអនុញ្ញាតឲ្យចុះ បញ្ជីយានយន្តគ្រប់ប្រភេទ ដើម្បីផ្តល់ភាពស្របច្បាប់ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាដើម ដើម្បីឈានទៅដល់ ការធ្វើវិសោធនកម្មច្បាប់ ឲ្យបានសមស្រប។ ផ្អែកតាមតម្រូវការចំបាច់ ក្រសួងសាធារណការ និងដឹកជញ្ជូនដែលជា សេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំរៀបចំ សេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនេះ ដើម្បីបំពេញបន្ថែម ចំណុចខ្វះខាត ដោយត្រូវធ្វើវិសោធនកម្ម ចំនួន ៩មាត្រា៕
CEN
ដោយ: មុនីរាជ
No comments:
Post a Comment