សំណុំរឿង ​វ៉ាន់ នី​ឡា, លោក សុខ ជំនោរ អស់​ជំនឿ​លើ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បន្ត​ប្តឹង​ទៅ​តុលាការ​មហាជន​ម្តង



​ភ្នំពេញ ៖ នៅ​ក្នុង​សំណុំរឿង​ដ៏​ចម្រូងចម្រាស​រ​វាង កញ្ញា វ៉ាន់ នី​ឡា និង​កូន​មន្ត្រី​ជាន់ខ្ពស់ លោក​ កុយ ប៊ុនសន លោក សុខ ជំនោរ អ្នកនិពន្ធ​បទ​ចម្រៀង​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស ត្រូវជា​បងប្រុស​របស់​កញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នី​ឡា បញ្ជាក់ថា​ នឹង​ប្តឹងទៅ​តុលាការ​មហាជន​ម្តង បន្ទាប់ពី​សម្តែង​ក្តី​អស់​សង្ឃឹម​ជាខ្លាំង​ចំពោះ​ចំណាត់​ការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​មិន​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ។​

ការ​ប្រកាស​ជំហរ​ប្តឹង​ទៅ​តុលាការ​មហាជន​នេះ​ ក៏​ធ្វើឡើង​បន្ទាប់ពី ឈ្មោះ គុយ សិទ្ធិ​សក្តិ ជា​មន្ត្រី​ប៉ូលិស​ពាក់​ស័ក្ដិ​៤​កន្លះ​ បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​របស់ លោក គុយ ប៊ុនសន អតីត​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ បាន​ចូល​បំភ្លឺ​តុលាការ​ជា​បន្តបន្ទាប់​រួចហើយ​នាពេល​កន្លងមក ហើយ​ជន​ត្រូវ​ចោទ​នេះ ក៏​ត្រឡប់​មកវិញ​ដោយ​សុវត្ថិភាព​ផង​ដែរ ពោលគឺ ពុំ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​នោះ​ទេ។ រីឯ កញ្ញា វ៉ាន់ នី​ឡា ហាក់ដូចជា​ក្តាប់​ព័ត៌មាន​មិនបាន នៅតែ​អះអាងថា ឈ្មោះ គុយ សិទ្ធិ​សក្តិ នៅតែ​គេចវេះ​មិន​ចូល​បំភ្លឺ​តុលាការ។​

ចំណែក​លោក សុខ ជំនោរ ដែល​ឈឺចាប់​ក្នុង​រឿងក្ដី​នេះ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ” ខ្ញុំ​ចាប់ផ្តើម​រៀបរាប់​ដំណើររឿង និង​ការ​ដាក់​ពាក្យបណ្ដឹង​ជា​សាធារណៈ ប្តឹង​ទៅកាន់​តុលាការ​មហាជន​វិញ​ម្តង “។​

សូមបញ្ជាក់ថា ជន​ត្រូវ​ចោទ គុយ សិទ្ធិ​សក្តិ ជាប់ចោទ​ពីបទ ​”​ហិង្សា​ដោយ​ចេតនា​ និង​ចែកចាយ​រូប​ភាព​អាសអាភាស​” ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៦ តាម​មាត្រា​២១៧​ នៃ​ក្រម​ព្រហ្មទណ្ឌ និង មាត្រា​៣៨ ​និង​មាត្រា​៣៩ ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស ​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ ពាក់ព័ន្ធ​ករណី​ថតរូប​ភាព​អាសអាភាស ​ហើយ​បង្ហោះ​ក្នុង​ហ្វេ​ស​បុក។​

ជាមួយគ្នានេះ ​លោក​មេធាវី នួន បូរ៉ា ជា​មេធាវី​ការពារ​ផ្លូវច្បាប់​ឲ្យ ​វ៉ាន់ នី​ឡា កាលពី​ថ្ងៃទី​២៣ ខែ​ធ្នូ ​ឆ្នាំ​២០១៦​ ទើបតែ​ដាក់ពាក្យ​ចូលទៅ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក ឆែ វីរៈ ដើម្បី​សុំ​ថតចម្លង​សំណុំរឿង​យក​មក​សិក្សា​ប៉ុណ្ណោះ។​

ក្នុង​ពាក្យសុំ​ថតចម្លង​សំណុំរឿង​លោក​មេធាវី​បាន​បញ្ជាក់​អំពី​ឯកសារ​ ដែល​ត្រូវ​សុំ​ថតចម្លង​រួមមាន ចម្លើយ​របស់​ជនជាប់ចោទ​នៅ​ចៅក្រម​ស៊ើបសួរ​ដីកា​សម្រេច​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ ឯកសារ​ដែល​ជន​ត្រូវ​ចោទ​ដាក់ចូល​តុលាការ កំណត់ហេតុ​សួរចម្លើយ​ជន​ត្រូវ​ចោទ និង​សេចក្ដីសម្រេច​រប​ស់​របស់​តុលាការ ​ឬ​ឯកសារ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿ​ព្រហ្មទណ្ឌ​លេខ​៣៥៣៤ ចុះ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៦ ក្រោយ​កាលបរិច្ឆេទ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៦ ​មកដល់​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦៕

កម្ពុជា​ថ្មី
មករា

No comments: