
ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៦ បានប្រកាសសាលក្រមផ្ដន្ទាទោសលោកសម រង្ស៊ី៥ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគារ៣ឆ្នាំ ទោសសល់ពីនេះត្រូវព្យួរ ។ ចំណែកសហការីរបស់លោក២នាក់ទៀតឈ្មោះ អ៊ឹង ជុងលាង ហៅម៉ាប់ និងឈ្មោះ សម្បត្តិ សត្យា ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ៥ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគារឆ្នាំ ទោសសល់ពីនេះត្រូវព្យួរ ក្រោមការចោទប្រកាន់ពីបទសមគំនិតក្នុងការក្លែងបន្លំឯកសារសាធារណៈ បទប្រើឯកសារសាធារណៈក្លែង និងបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គមជាតិ តាមមាត្រា ១០៧ មាត្រា១០៨ មាត្រា៦៣០ មាត្រា៤៩៥ និងមាត្រា២៩នៃក្រមព្រហ្មទណ្ឌ។
សេចក្ដីសម្រេចនេះធ្វើឡើងកំបាំងមុខជនជាប់ចោទ តែចាត់ទុកជាចំពោះមុខ ។ ចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចសាធារណៈចាប់ខ្លួនជនត្រូវចោទយកមកអនុវត្តតាមសេចក្ដីសម្រេចរបស់តុលាការ ។
ក្រោយពេលចាប់ខ្លួនជនជាប់ចោទហើយត្រូវអនុវត្តទោសលើឈ្មោះអ៊ឹង ជុងលាង និងសម្បត្តិ សត្យា ក្នុងម្នាក់ៗ៣ឆ្នាំ និងលោកសម រង្ស៊ី ត្រូវអនុវត្តទោស៥ឆ្នាំក្នុងពន្ធនាគារ។ កាលព្រឹកថ្ងៃទី៩ ខែធ្នូឆ្នាំ២០១៦ កន្លងទៅនេះក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងបានបន្តបើកសវនាការសំណុំរឿងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និង ជំនួយការពីរនាក់ ករណីសមគំនិតក្លែងសន្ធិសញ្ញាផែនទីព្រំដែនកម្ពុជាវៀតណាមបង្ហោះក្នុងហ្វេសបុក បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
សវនាការនេះមិនមានជនជាប់ចោទឈ្មោះ សម រង្ស៊ី ឈ្មោះ អ៊ឹង ជុងលាង ហៅ ម៉ាប់ ហៅ កូនជ្រូក និង ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យាទេ។ សាក្សីរបស់លោក ហុង សុខហួរ ដែលត្រូវបានបញ្ជូនមកកាន់សវនាការ លោកសុំមិនឆ្លើយក្នុងអង្គជំនុំជម្រះទេ ដូច្នេះតុលាការបានលើកយកចម្លើយសារភាពរបស់គាត់នៅដំណាក់កាលស៊ើបអង្កេតបឋមមកអានតែម្ដង។
តាមចម្លើយសាក្សី លោក ហុង សុខហួរ បានឆ្លើយនៅដំណាក់ការចៅក្រមស៊ើបសួរថា ឈ្មោះ អ៊ឹង ជុងលាង ហៅ ម៉ាប់ ហៅ កូនជ្រូក និង ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ជាជំនួយការរបស់លោក សម រង្ស៊ី ជាអ្នកបង្ហោះនិងកាត់តរូបភាពបង្ហោះហ្វេសប៊ុក ហើយខ្លួនលោកក៏មិនដឹងថា សន្ធិសញ្ញាផែនទីព្រំដែនកម្ពុជាវៀតណាម មិនត្រឹមត្រូវដែលទើបតែពេលសមត្ថកិច្ចចាប់ខ្លួន លោកនឹងបញ្ជូនមកដល់តុលាការហើយមេធាវីការពារឲ្យលោកបានគម្ពីរសំណុំទើបលោកដឹងថា ការបង្ហោះ សន្ធិសញ្ញាផែនទីព្រំដែនកម្ពុជាវៀតណាមនោះ ខុសនឹងច្បាប់ដើមដែលមានតម្កល់ទុកជាឯកសារ។
តំណាងអយ្យការលោក សៀង សុខ ធ្វើសេចក្ដីសន្និដ្ឋាននៅតែតម្កល់បទចោទប្រកាន់នៅដដែលគឺបទ សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ១០៧ មាត្រា១០៨ មាត្រា៦៣០ និងមាត្រា ៤៩៥ និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ៕
កម្ពុជាថ្មី
មករា
No comments:
Post a Comment