
នៅព្រឹកថ្ងៃច័ន្ទ ទី២៦ខែធ្នូ ឆ្នាំ២០១៦ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យកីឡាករបាល់ទាត់ដ៏ល្បីជនជាតិជប៉ុនគឺ Keisuke Honda ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភា។
ក្រោយជំនួបនេះទំព័រហ្វេសប៊ុកផ្លូវការ របស់សម្តេចតេជោ បានបង្ហោះសង្ខេបពីខ្លឹមសារនៃជំនួបនោះដូចតទៅ «កីឡាករ ជប៉ុន Keisuke Honda បានជម្រាបសម្ដេចតេជោ ហ៊ុន សែន អំពីបំណងចង់មកជួយយុវជនកម្ពុជា ក្នុងវិស័យកីឡាបាល់ទាត់។ ភាពជោគជ័យដែលលោកទទួលបានរហូតមកដល់ថ្ងៃនេះ គឺ បានមកពីការខិតខំប្រឹងប្រែងហាត់រៀន ព្រោះលោកធ្លាប់មានសុបិន្តគិតថា ចង់ក្លាយជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញម្នាក់។ បទពិសោធន៍ និងកេរ្តិ៍ឈ្មោះដែលលោកទទួលបានមកដល់ថ្ងៃនេះ គឺលោកចង់ប្រាប់និងផ្ទេរទៅឲ្យយុវជនកម្ពុជា ដែលមានសុបិន្តដូចរូបលោកដែរ គឺដើម្បីយុវជនកម្ពុជា ទទួលបានជោគជ័យដូចរូបលោកផងដែរ»។
ប្រភពបានស្រង់ប្រសាសន៍របស់សម្តេចតេជោថា «សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍នូវបំណងល្អរបស់ លោក ហុងដា (Honda) និងបានជម្រាបជូនលោកផងដែរថា បាល់ទាត់មិនសំដៅដល់ប្រទេសតូច ឬធំនោះទេ សំខាន់គឺជំនឿទុកចិត្ត តស៊ូ និងការហ្វឹកហាត់។ កត្តាសំខាន់បំផុតនោះ គឺជាមហិច្ឆតារបស់យុវជនម្នាក់ៗ។ សម្ដេចតេជោ ចង់បានយុវជនទទួលយកនូវបទពិសោធន៍ពី កីឡាបាល់ទាត់ជប៉ុន ដ៏ល្បីម្នាក់នេះ គឺធ្វើយ៉ាងណា ដើម្បីប្រែក្លាយសុបិន្តរបស់ពួកគេ ឲ្យក្លាយទៅជាការពិតដូចរូបលោក»។
ប្រមុខរាជរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា «សម្ដេចតេជោ បានស្នើឲ្យលោកហុងដា ចូលរួមផ្សព្វផ្សាយទាក់ទាញយុវជនកម្ពុជា ឲ្យចូលរួមក្នុងវិស័យកីឡាឲ្យបានកាន់តែច្រើនឡើង និងចូលរួមទប់ស្កាត់គ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា»។ លោក ហុងដា សប្បាយចិត្តចំពោះសកម្មភាពចូលរួមជំរុញការអភិវឌ្ឍសង្គមនៅកម្ពុជា។ លោកថា នេះគឺជាមោទនភាពរបស់លោកដែលសម្តេចតេជោ បានផ្តល់ជូនលោក លោកនឹងព្យាយាមនិយាយភាសាខ្មែរដើម្បីចូលរួមក្នុងការផ្សព្វផ្សាយដ៏មានសារៈសំខាន់ទាំងនេះ។
កីឡាករ Keisuke Honda បានចាប់អាជីពបាល់ទាត់ដំបូងនៅក្នុងក្លិប Nagoya Grampus ក្នុងប្រទេសកំណើតរបស់ខ្លួនចាប់ពីឆ្នាំ ២០០៤ ដល់២០០៧ ស្របពេលនៅឆ្នាំ២០០៧ ដល់២០០៩ ផ្លាស់ទៅលេងក្នុងក្លិប VVV-Venlo ក្នុងប្រទេសហុល្លង់ ហើយ នៅឆ្នាំ ២០០៩ ដល់ ២០១៣ បានផ្លាស់ទៅកាន់ក្លិប CSKA Moscow របស់ប្រទេសរុស្សី មុនផ្លាស់ទៅកាន់ AC Milan របស់អ៊ីតាលី នៅចាប់ពីឆ្នាំ ២០១៤ ដល់បច្ចុប្បន្ន។
បើនិយាយពីក្នុងឈុតជម្រើសជាតិវិញ Honda បានជាប់ក្នុងឈុតអាយុក្រោម២០ ឆ្នាំ (U-20) កាលពីឆ្នាំ២០០៥ ហើយចាប់ពីឆ្នាំ២០០៦ ដល់២០០៨ បានចូលរួមជាមួយក្រុម U-23 ជប៉ុន និងចាប់ពីឆ្នាំ ២០០៨ ដល់បច្ចុប្បន្ន ជាប់ក្នុងជម្រើសជាតិជប៉ុនឈុតធំ។ ក្នុងនោះគេធ្លាប់ទទួលបានពានរង្វាន់ឯកត្តជនជាច្រើនផងដែរ។
គោលបំណងធ្វើដំណើរមកកម្ពុជា របស់កីឡាកររូបនេះមានច្រើន ហើយមួយផ្នែកសំខាន់គឺរៀបចំព្រឹត្តិការណ៍ «Keisuke Honda’s SOLTILO GLOBAL SOCCER CAMP នៅប្រទេសកម្ពុជាគាំទ្រដោយ TATERU» ដោយមានការបង្ហាត់បង្ហាញ់បាល់ទាត់ដល់ក្មេងៗចំនួន ១០០ នាក់ដោយមិនគិតថ្លៃនៅពហុកីឡដ្ឋានជាតិ ចាប់ពីម៉ោង ២និង០០នាទី ដល់ម៉ោង ៤និង០០ រសៀល ក្នុងថ្ងៃច័ន្ទ ទី២៦ ខែធ្នូ៕
កម្ពុជាថ្មី
ម៉េង ហួរ
No comments:
Post a Comment