
ភ្នំពេញ: សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានដក អភិបាលខេត្ត នៅជុំវិញបឹងទន្លេសាប បើខេត្តណា នៅតែមានបទល្មើសនេសាទ កើតមានច្រើន។ សម្តេចបានសង្កត់ធ្ងន់ថា នឹងបន្តសកម្មភាព បង្ក្រាបបទល្មើសនេសាទ ជាលក្ខណៈទ្រង់ទ្រាយធំ ជាបន្តបន្ទាប់ ដើម្បីដោះស្រាយឲ្យបាន នូវបញ្ហាបទល្មើលនេសាទ នៅក្នុងបឹងទន្លេសាបនេះ។
ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធការងារ ប្រចាំឆ្នាំ២០១៦ និងលើកទិសដៅ ឆ្នាំ២០១៧ របស់សាលាខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងបង្កើតក្រុមការងារមួយ ដឹកនាំដោយនាយឧត្តមសេនីយ៍ នេត សារឿន អគ្គស្នងការ នគរបាលជាតិ ដើម្បីបង្ក្រាបបទល្មើសនេសាទ នៅក្នុងបឹងទន្លេសាទ ដោយប្រើប្រាស់ ទូកល្បឿនលឿន ប្រភេទរ៉ូយ៉ាល់ ហើយសកម្មភាពនេះ ធ្វើជាប្រចាំ ដោយសម្តេច និងជិះយន្តហោះពិនិត្យមើល ពីខាងលើក្នុង ២ សប្តាហ៍ម្តង ឬ ១ខែម្តង។
សម្តេចក្រឡាហោម បានបន្តថា ថ្ងៃមួយ សម្តេចបានជិះយន្តហោះ ទៅបាត់ដំបង ដោយឆ្លងកាត់បឹងទន្លេសាប សម្តេចមើលពីលើឃើញថា បទល្មើសនេសាទ មានច្រើន ទាំងនៅកណ្តាលបឹងទន្លេសាប និងព្រៃលិចទឹក នៅជុំវិញ ដែលបញ្ហានេះចាំបាច់ ត្រូវឲ្យយើងដោះស្រាយជាបន្ទាន់។ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង បានព្រមានអភិបាលខេត្តទាំងអស់ នៅជុំវិញបឹងទន្លេសាប បើខេត្តណា នៅតែមានបទល្មើសនេសាទច្រើន និងត្រូវដកពីតំណែង៕
CEN
ដោយ: មុនីរាជ
No comments:
Post a Comment