
ភ្នំពេញ: លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបពិភាក្សា ការងារជាមួយ លោក ឌីមីទ្រី ស្វេតកូវ (Dmitry Tsvetkov) ឯកអគ្គរដ្ឋទូត សហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលអមដំណើរដោយ លោក Anton Kessel អនុព័ន្ធរបស់ស្ថានទូត នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ។
លោកស្រី តឹករ៉េត កំរង បានស្នើសុំឲ្យក្រុមការងារ បច្ចេកទេសរបស់ គណៈកម្មការសេដ្ឋកិច្ច អឺរ៉ុប-អាស៊ី (EEC) ពិនិត្យទៅលើ បញ្ហាប្រឈមនានា នីតិវិធី និងតម្រូវការចាំបាច់ មួយចំនួន ការចែករំលែកនូវ ចំណេះដឹង បទពិសោធន៍ ជាក់ស្តែង និងសេចក្តីព្រាង ស្តីពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ខណៈពេលប្រទេសជប៉ុន និងកូរ៉េខាងត្បូង ទទួលបាននូវអត្ថប្រយោជន៍ នៃការក្លាយជាសមាជិក នៃសហភាពសេដ្ឋកិច្ច អឺរ៉ុប-អាស៊ី( EAEU) ។
លោកស្រី តឹករ៉េត កំរង បានស្នើសុំឲ្យភាគីរុស្ស៊ី ពិចារណា ក្នុងការនាំចូលផលិតផល សម្លៀកបំពាក់ ជាពិសេស អាវរងារ ក៏ដូចជា ផលិតផលកសិកម្ម រួមមាន៖ អង្ករ ស្ករ និងកៅស៊ូ ជាការឆ្លើយតបទៅនឹងកិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនង សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលភាគីរុស្ស៊ី បានសន្យាថា នាំចូលផលិតផល ពីប្រទេសកម្ពុជា ចំនួនប្រមាណ៣.០០០មុខ ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម -ពន្ធនាំចូលសូន្យ ក្នុងគោលបំណង បង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ។
លោកស្រី តឹករ៉េត កំរង ស្នើសុំអញ្ជើញ អ្នកវិនិយោគរស្ស៊ី មកកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ទន្ទឹមនឹងនេះ លោក ឌីមីទ្រី ស្វេតកូវ បានគូសបញ្ជាក់ថា រស្ស៊ីបានស្នើឲ្យកម្ពុជា កំណត់ភាគីបង្គោល (focal point) ដើម្បីសម្រួលដល់ វិនិយោគិនរស្ស៊ី ក្នុងការស្វែងរក កាលានុវត្តភាពធុរកិច្ច ក្នុងវិស័យអភិវឌ្ឍន៍ឧស្សាហកម្ម នៅកម្ពុជា។ បន្ថែមពីនេះ លោក ក៏រំពឹងផងដែរថា នឹងមានជើងយន្តហោះហើរ ត្រង់ពីរស្ស៊ី (រដ្ឋធានីមូស្គូ) មកកម្ពុជា (ក្រុងព្រះសីហនុ) បន្ទាប់ពីសេចក្តីសម្រេច ជាផ្លូវការ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរស្ស៊ី។
លោក ឌីមីទ្រី ស្វេតកូវ បានគាំទ្រយ៉ាងពេញទំហឹង ចំពោះសំណើខាងលើនេះ ក្នុងការនាំយក ក្រុមការងារបច្ចេកទេស ដើម្បីផ្តល់ការពិគ្រោះយោបល់ និងការធ្វើបទបង្ហាញ ក៏ដូចជា ការឆ្លើយសំណួរមួយចំនួន ទាក់ទងទៅនឹងនីតិវិធី ស្ដីពីក្លាយទៅជាសមាជិក នៃសហភាពសេដ្ឋកិច្ច អឺរ៉ុប-អាស៊ី។ តាមរយៈដំណើរការការទូត លោក បានស្នើសុំឲ្យផ្ញើលិខិតផ្លូវការ ដោយផ្ទាល់ ទៅរដ្ឋាភិបាលរុស្ស៊ី៕
CEN
ដោយ: ដាវុធ
No comments:
Post a Comment