អ៊ីស្រាអែល​ផ្គើន UN ដោយ​ត្រៀម​សង់​សំណង់​លើដី​ប៉ា​ឡេ​ស្ទី​ន​កាន់តែច្រើន​



​ថ្ងៃ​ពុធ​ទី ២៨ ធ្នូ រដ្ឋាភិបាល​អ៊ីស្រាអែល​ត្រៀម​ចាប់ផ្តើម​ពិភាក្សាគ្នា​ពី​ការអនុញ្ញាត​ឲ្យ​មាន​ការសង់​សង់ផ្ទះ​ប្រហែល ៦១៨​ខ្នង​បន្ថែមទៀត​ក្នុង​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​នា​ភាគ​ខាងកើត​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​។ វា​ជាការ​ផ្គើន​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​សកម្មភាព​បំពាន​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​។​

អ៊ីស្រាអែល​ចាប់ផ្តើម​ផ្គើន​អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​កាន់តែខ្លាំង​ដោយ​ចាប់ផ្តើម​គម្រោង​សង់ផ្ទះ​បន្ថែម​លើដី​ប៉ា​ឡេ​ស្ទី​ន ដោយ​មិន​ខ្លាចរអា​ច្បាប់​អន្តរជាតិ ទោះ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​អនុម័ត​ដំណោះស្រាយ​ទាមទារ​ឲ្យ​ខ្លួន​ឈប់​រំលោភ​ដី​ប៉ា​ឡេ​ស្ទី​ន​ក៏ដោយចុះ​។

​យោងតាម​ក្រុម​អង្គការ​ឃ្លាំមើល​ការសង់​សំណង់ Amim គណៈកម្មការ​ផែនការ​អ៊ីស្រាអែល​ត្រៀម​ជួបប្រជុំ​ពិភាក្សាគ្នា​នៅ​ថ្ងៃ​ពុធ​ទី ២៨ ធ្នូ ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​ផ្ទះ​ចំនួន ៦១៨ កន្លែង​បន្ថែម​នៅលើ​ទឹកដី​ភាគ​ខាងកើត​នៃ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម

​យោង​ទីភ្នាក់ងារ​ព័ត៌មាន AFP អភិបាលរងក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម Meir Turjeman ដែលជា​ប្រធាន​គណៈកម្មការ​នេះ បាន​បញ្ជាក់ថា ក្រុមការងារ​លោក​គ្មាន​ផែនការ​លុបចោល​កិច្ចប្រជុំ​នោះ ដើម្បី​ឆ្លើយតប​នឹង​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឡើយ​។ ប្រធាន​គណៈកម្មការ​រូបនេះ​បានបញ្ជាក់​បន្ថែមថា អ៊ីស្រាអែល​គម្រោង​នឹង​សង់​សំណង់ផ្ទះ​ឲ្យ​បាន ៥៦០០ ខ្នង នៅក្នុង​ជំហាន​ដំបូង​។​

តាមពិតទៅ ក្រុមប្រឹក្សាសន្តិសុខ​អនុម័ត​ដំណោះស្រាយ​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​សំណង់​លំនៅដ្ឋាន​និង​រំលោភបំពាន​ដី​ប៉ា​ឡេ​ស្ទី​ន​កាលពី​ថ្ងៃ​សុក្រ ដោយ​អាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល​បោះឆ្នោត​អនុបវាទ​។ ដំណោះស្រាយ​នេះ​បានធ្វើ​ឲ្យ​អ៊ីស្រាអែល​ខឹងសម្បារ​ជាខ្លាំង​រហូតដល់​ផ្តាច់ជំនួយ​ហិរញ្ញវត្ថុ​ដែល​ផ្តល់​ឲ្យ​អង្គការសហប្រជាជាតិ​ថែមទៀត​នេះ​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ អ៊ីស្រាអែល​បានធ្វើ​សង្គ្រាម​ការទូត​ដល់​ជាការ​សងសឹក​ចំពោះ​ប្រទេស​ដែល​បោះឆ្នោត​គាំទ្រ​ដោះស្រាយ​ថែម​ទៀតផង​។ ភ្លាមៗ​ក្រោយ​ការបោះឆ្នោត អ៊ីស្រាអែល​កោះហៅ​មន្ត្រី​ទូត​រដ្ឋ​សមាជិក​ក្រុមប្រឹក្សា មក​សួរនាំ ​ហើយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក បេន​ចា​មិន នេ​តាន់​យ៉ា​ហ៊ូ បាន​បញ្ជា​ឲ្យ​មន្ត្រី​ខ្លួន​កាត់បន្ថយ​ទំនាក់ទំនង​ការទូត​និង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ទាំងអស់នោះ​ថែមទៀត​ផង​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

No comments: