
ភ្នំពេញ: ឧបករណ៍ស្កេនក្រយៅដៃ ដែលសហរដ្ឋអាមេរិក ផ្តល់ឲ្យកម្ពុជា ដើម្បីជួយដល់ការងារសន្តិសុខ និងការងារផ្សេងៗទៀត នឹងប្រគល់ជូនដល់ ក្រសួងមហាផ្ទៃ នៅក្នុងសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ។ នេះគឺជាការបញ្ជាក់របស់ លោកយលោក វីលៀម ហេដ (William A. Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ។
លោក វីលៀម ហេដ (William A. Heidt) បានជម្រាបជូន សម្តេចក្រឡាហោម ស ខេង អំពីការជូនដំណឹងនៃ ប្រគល់នូវឧបករណ៍ សម្ភារៈជួយដល់ក្រសួងមហាផ្ទៃ គឺឧបករណ៍ស្កេនក្រយៅដៃ ដើម្បីជួយដល់ការងារសន្តិសុខ និងការងារផ្សេងៗទៀត ដែលបម្រើឲ្យ កងកម្លាំងអនុវត្តច្បាប់ សម្រាប់បំពេញការងារ ហើយគោលបំណងមួយទៀតនោះ គឺអញ្ជើញសម្តេចក្រឡាហោម ស ខេង ទៅទស្សនកិច្ច នៅសហរដ្ឋអាមេរិក តាមពេលវេលាសមស្របណាមួយ នៅក្នុងឆ្នាំ២០១៧ ខាងមុខនេះ។
លោក វីលៀម ហេដ (William A. Heidt) ក៏បានថ្លែងអំណរគុណ និងអបអរសាទរ ចំពោះកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើរ រវាងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ នាពេលកន្លងមក ផងដែរ។
ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង បានឯកភាពចំពោះ ការវាយតម្លៃជាវិជ្ជមាន និងល្អប្រសើររបស់ កិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ ដែលបានអនុវត្ត ជាមួយគ្នា នាពេលកន្លងមក។
សម្តេចក្រឡាហោម ក៏បានថ្លែងអំណរគុណ ដល់អាមេរិក ចំពោះការផ្តល់នូវឧបករណ៍ ស្កេនក្រយៅដៃ ដល់ក្រសួងមហាផ្ទៃ នាពេលនេះ ដើម្បីបម្រើឲ្យការងារសន្តិសុខ និងការងារផ្សេងៗទៀត ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ចំពោះដំណើរទស្សនកិច្ច ទៅសហរដ្ឋអាមេរិក សម្តេចនៅរក្សានូវអ្វី ដែលបានព្រមព្រៀង ចំពោះដំណើរទស្សនកិច្ចនេះ ប៉ុន្តែសូមឲ្យភាគីទាំងពីរ ពិភាក្សាគ្នាបន្ថែមទៀត រកពេលវេលាជាក់ស្តែងណាមួយ ហើយនឹងខ្លឹមសារ នៃដំណើរទស្សនកិច្ចនេះ របស់សម្តេច ទៅកាន់សហរដ្ឋអាមេរិក៕
CEN
ដោយ: ឧត្តម
No comments:
Post a Comment